ក្រុងញុវយ៉កៈ ក្រុមហ៊ុន General Motors បានឲ្យដឹងកាលពីថ្ងៃពុធ ថា ក្រុមហ៊ុនមានផែនការបន្ថែមការងារចំនួន ៧០០ កន្លែងនៅខែកញ្ញាខាងមុខនេះ ដើម្បីជំរុញផលិតកម្មរថយន្តប្រភេទ SUV ដ៏មានប្រជាប្រិយភាពរបស់ខ្លួនសម្រាប់នាំចេញទៅកាន់ប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់។
ការសម្រេចនេះធ្វើឡើងក្នុងរយៈពេលជាង ២ សប្តាហ៍ បន្ទាប់ពីក្រុមហ៊ុននេះ បានប្រកាសថា ក្រុមហ៊ុនរបស់ខ្លួនកាត់បន្ថយការងារចំនួន ១៥០០ កន្លែងនៅរោងចក្រផ្សេងទៀត ដែលផលិតរថយន្តខ្នាតតូច ដែលបានមើលឃើញពីការធ្លាក់ចុះតម្រូវការ។
ចំនួនការងារថ្មីនេះ នឹងត្រូវដាក់បន្ថែមនៅរោងចក្រផលិតរថយន្តនៅទីក្រុងស្រ្ពីងហ៊ីល (Spring Hill) ក្នុងរដ្ឋធែនណេសស៊ី (Tennessee) ដែលនឹងផលិតរថយន្តប្រភេទ crossover ដែលមានចំណែកទីផ្សារ ៤៨,៥ ភាគរយនៃទីផ្សារលក់រាយនៅសហរដ្ឋអាមេរិក។
លោក Dayna Hart អ្នកនាំពាក្យក្រុមហ៊ុន GM បានឲ្យដឹងតាមអ៊ីម៉ែលផ្ញើរទៅកាន់ទីភ្នាក់ងារព័ត៌មាន AFP ថា ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់អាមេរិកមួយនេះ នឹងបន្ថែមវេនការងារទីបីនៅរោងចក្រផលិតរថយន្តនេះ «ដោយសារតម្រូវការទីផ្សាររថយន្តម៉ូដែល GMC Acadia និងម៉ូដែល Cadillac XT5 បានកើនឡើង»។ AFP/BP