ភ្នំពេញៈ GreenFeed (Cambodia) Co., Ltd ដែលជា​ក្រុមហ៊ុន​ផលិត និង​ផ្គត់ផ្គង់​ចំណី​សត្វ និង​ចំណី​ជ្រូក​បាន​នាំចូល​ជ្រូក​ពូជ​របស់​ក្រុមហ៊ុន PIC ជិត ២ ៥០០ ​ក្បាល​ ជា​លើកដំបូង​ពី​ប្រទេស​វៀតណាម មក​កម្ពុជា បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ប្រតិបត្តិការ​ជា​ផ្លូវការ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​របស់ខ្លួន​នៅ​កម្ពុជា កាលពី​ខែមេសា​។

សារព័ត៌មាន Vietnam Investment Review បានឱ្យដឹង​កាលពី​ថ្ងៃទី​ ១៥ ខែឧសភា​ថា ក្រុមហ៊ុន GreenFeed Vietnam JSC បានប្រកាស​កាលពី​ថ្ងៃទី​ ១៩ ខែមេសា​ថា ខ្លួន​បាន​នាំចេញ​ជ្រូក​ពូជ​របស់​ក្រុមហ៊ុន PIC ជំហាន​ដំបូង ២ ៤០០ ​ក្បាល ​ចូល​មក​ទីផ្សារ​ប្រទេស​កម្ពុជា​ពី​កសិដ្ឋាន Cu Jut នៅ​ខេត្ត Dak Nong ខ្ពង់រាប​ភាគកណ្ដាល​របស់​ប្រទេស​វៀតណាម​។

ចំពោះ​ការចិញ្ចឹម​របស់​ក្រុមហ៊ុន GreenFeed នៅ​កម្ពុជា​ត្រូវបាន​រំពឹងថា នឹង​ផលិត​ជ្រូក​បាន ២ ២០០ ​ក្បាល ជ្រូក​ពូជ 300 GF24 និង​ជ្រូក ២ ២០០ ​ក្បាល​ក្នុង ១ ​ខែ ​សម្រាប់​លក់​លើ​ទីផ្សារ​កម្ពុជា​។

កាលពី​ថ្ងៃទី​ ៩ ខែមេសា ក្រុមហ៊ុន GreenFeed Cambodia បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ដែល​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​នៅក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។

ក្រុមហ៊ុន​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ថា​៖ «​យើង​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការផលិត ដើម្បី​ផ្គត់ផ្គង់​ជ្រូក​ពូជ​មាន​គុណភាព​ខ្ពស់​ដល់​កសិករ​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ​»​។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​កត់សម្គាល់ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​បាន​នាំចូល​ជ្រូក​ក្នុង​ចំនួន​ច្រើន​ពី​ប្រទេស​វៀតណាម និង​ថៃ ខណៈ​ដែល​ផលិតផល​ក្នុងស្រុក​នៅ​មិនអាច​ឆ្លើយតបបាន​តាម​តម្រូវការ​ក្នុងស្រុក​។

លោក​ថ្លែងថា​៖ «​យើង​ស្វាគមន៍​ចំពោះ​ការនាំ​ចូល​កូនជ្រូក​ពូជ​របស់​ក្រុមហ៊ុន​មកកាន់​ប្រទេស​យើង ប៉ុន្តែ​ក្រុមហ៊ុន​ត្រូវ​ធានា​ឱ្យ​ប្រាកដថា ជ្រូក​ពូជ​នេះ​មិនមាន​ជំងឺប៉េស្ដ​ជ្រូក ប្រសិនបើ​មិន​ប្រាកដ​ទេ វា​នឹង​ឆ្លង​ដល់​សត្វ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​»​។

ប្រព័ន្ធ​ព័ត៌មាន​វៀតណាម​ក៏​បាន​ឱ្យដឹងថា នៅក្នុង​ប្រទេស​កម្ពុជា ជ្រូក​ពូជ GF24 នឹង​ត្រូវ​ចិញ្ចឹម​នៅក្នុង​កសិដ្ឋាន​មួយ​មាន​ផ្ទៃដី​ទំហំ ៨៣ ​ហិកតា ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន GreenFeed ជាមួយ​នឹង​ទ្រុង​ដ៏ទំនើប​បំពាក់​ដោយ​ឧបករណ៍​ល្អៗ​ដែល​អនុវត្តតាម​គំរូ​ការចិញ្ចឹម​របស់​ក្រុមហ៊ុន និង​ស្ដង់ដា​របស់​ក្រុមហ៊ុន PIC៕ LA