ក្រុងញូវយ៉កៈ ក្រុមហ៊ុន HP ដែលជា​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ និង​ព្រីនធ័រ កាលពី​ថ្ងៃ​សៅរ៍​បានបញ្ជាក់​ជាថ្មី​ពី​ការបដិសេធ​របស់ខ្លួន​ទៅនឹង​សំណើការ​សុំ​ទិញ​តម្លៃ ៣៣ ​ពាន់​លាន​ដុល្លារ​​ របស់​ក្រុមហ៊ុន Xerox ដោយ​លើកឡើង​ថា ចំនួន​ប្រាក់​នេះ «​ផ្ដល់​តម្លៃ​ទាប​ខ្លាំង​» ដល់​ក្រុមហ៊ុន​របស់ខ្លួន​។

ការបង្កើត​ចំណង​ណាមួយ​នឹង​រួបរួម​ក្រុមហ៊ុន​ទាំង​ ២ ​ជាមួយ​នឹង​រឿងរ៉ាវ​ប្រវត្ដិសាស្ដ្រ​របស់​ក្រុមហ៊ុន​។ ក្រុមហ៊ុន Xerox ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ១៩០៦ ហើយ​បាន​ក្លាយជា​ឈ្មោះ​របស់​គ្រឿង​ម៉ាស៊ីន​ថតចម្លង​។

ក្រុមហ៊ុន HP ដែល​ប្រវត្ដិសាស្ដ្រ​របស់ខ្លួន​មាន​តាំងពី​ឆ្នាំ ១៩៣៩ មក​នោះ បាន​ចាប់ផ្ដើម​ផលិត​ឧបករណ៍​សោតទស្សន៍ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បានបញ្ចប់​ឈ្មោះ​ជា​ក្រុមហ៊ុន​នាំមុខគេ​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ​នានា​ខាង​ផ្នែក​ឧស្សាហកម្ម​បច្ចេកវិទ្យា​នេះ​នៅ​តំបន់ Silicon Valley​។

ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន HP បាន​ឲ្យ​ដឹង​នៅក្នុង​លិខិត​មួយ​ថា​៖ «​យើង​បញ្ជាក់​ជាថ្មី​ថា យើង​បដិសេធ​សំណើ​របស់​ក្រុមហ៊ុន Xerox ដោយសារ​តែ​ក្រុមហ៊ុន​នេះ​ផ្ដល់​តម្លៃ​ទាប​ខ្លាំង​ដល់​ក្រុមហ៊ុន HP »​។

ក្រុមប្រឹក្សាភិបាល​បន្តថា​៖ «​បន្ត​មាន​ភាពមិន​ច្បាស់លាស់​ទាក់ទង​នឹង​សមត្ថភាព​របស់​ក្រុមហ៊ុន Xerox ក្នុង​បង្កើន​ចំណែក​សាច់ប្រាក់​នៃ​សំណើ​ដែល​ស្នើឡើង​»​។

ក្រុមហ៊ុន Xerox កាលពី​សប្ដាហ៍​មុន​បាន​ឲ្យ​ដឹងថា ខ្លួន «​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​» ចំពោះ​ការបដិសេធ​លើក​ដំបូង​របស់​ក្រុមហ៊ុន HP ទៅនឹង​សំណើ​ទិញ​ជា​សាច់ប្រាក់ និង​ភាគហ៊ុន​របស់​ខ្លួន​ដែល​កំណត់​តម្លៃ ២២ ​ដុល្លារ​ក្នុង​ ១ ​ហ៊ុន​សម្រាប់​ក្រុមហ៊ុន​កុំព្យូទ័រ​មួយ​នេះ​។

លោក John Visentin ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Xerox បាន​ឲ្យ​ដឹងថា ការផ្តល់​សំណើ​ទិញ​នេះ​មានតម្លៃ​ខ្ពស់ជាង​តម្លៃ​ភាគហ៊ុន​ដែល​ត្រូវបាន​ជួញដូរ​ជា​មធ្យម​នៅពេល​ថ្មីៗ​របស់​ក្រុមហ៊ុន HP ចំនួន ២៩ ​ភាគរយ​។

លោក Carl Icahn ដែលជា​វិនិយោគិន​សកម្ម​ម្នាក់​ថ្មីៗ​នេះ​បាន​ប្រាប់​កាសែត WSJ ថា​ការ​ចងសម្ព័ន្ធភាព​រវាង​ក្រុមហ៊ុន​ទាំង​ ២ ​គឺជា​ភាពងាយស្រួល​មួយ​ដែល​នឹង​បង្កើន​ប្រាក់ចំណេញ​សម្រាប់​ភាគទុនិក​របស់​ក្រុមហ៊ុន​ទាំង​ ២​។

HP គឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​នៅ​តំបន់ Silicon Valle​។ ក្នុង​ឆ្នាំ​ ២០១៥ ក្រុមហ៊ុន​នេះ​បាន​ផ្តាច់ខ្លួន​ចេញពី​អាជីវកម្ម​ផលិតផល​សហគ្រាស និង​សេវាកម្ម​៕ LA