ភ្នំពេញៈ ប្រព័ន្ធ​ព័ត៌មាន Media Mernama របស់​ប្រទេស​ម៉ាឡេស៊ី​ បាន​ឱ្យដឹង​កាលពី​ថ្ងៃទី ៣ ​ខែមីនា​ថា Tealive ជា​យីហោ​ «​តែ​» ​ឈានមុខ​គេ​នៅ​អាស៊ីអាគ្នេយ៍​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ចូល​ទីផ្សារ​ប្រទេស​កម្ពុជា និង​បង្កើត​ហាង​លក់​ឱ្យបាន​ ២៥ ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​។

ក្រុមហ៊ុន Loob Holding Sdn Bhd (LHSB) បាន​ចុះ​កិច្ចព្រមព្រៀង​យីហោ​ពាណិជ្ជសញ្ញា​ជាមួយ HSC Group ជា​ឧស្សាហកម្ម​អាហារ និង​ភេសជ្ជៈ (F&B) នៅ​កម្ពុជា​។

ក្រុមហ៊ុន​មួយ​នេះ​បានឱ្យដឹងថា កម្ពុជា​នឹង​ក្លាយជា​ទីផ្សារ​ទី​ ៨ ​បន្ទាប់ពី​ម៉ាឡេស៊ី វៀតណាម មីយ៉ាន់ម៉ា ប្រ៊ុយណេ ហ្វីលីពីន អូស្ដ្រាលី និង​ចក្រភព​អង់គ្លេស​។ នេះ​បើ​យោងតាម​សេចក្ដី​រាយការណ៍​។

លោក Bryan Loo ស្ថាបនិក និង​អគ្គនាយក​ក្រុមហ៊ុន Loob Holding បានឱ្យដឹងថា ក្រុមហ៊ុន HSC យល់ឃើញ​ថា យីហោ​ក្រុមហ៊ុន​ Tealive គឺ​ពិតជា​ល្អ ដោយសារ​តែ​ក្រុមហ៊ុន​នេះ​បាន​គ្រប់គ្រង​យីហោ​អន្តរជាតិ​ផ្សេងៗ​នៅក្នុង​ឧស្សាហកម្ម F&B​។

លោក​ថ្លែងថា​៖ «​តាម​ទិសដៅ​របស់​យើង យើង​នឹង​នាំយកមក​នូវ​ប្រភេទ​អាជីវកម្ម​ Tealive 3.0 ដែល​ឆ្លើយតប​តាម​លក្ខខណ្ឌ​នៃ​ការរស់នៅ​តាម​គន្លង​ថ្មី ដូចជា​ការបញ្ជាទិញ និង​ការបង់ប្រាក់​ដោយ​មិនចាំបាច់​ធ្វើ​ដោយផ្ទាល់ ដោយ​មិនចាំបាច់​ចុះ​ពី​រថយន្ត និង​ការបើក​រថយន្ត​ចូល​គួបផ្សំ​នឹង​អាហារសម្រន់​ច្រើន​ទៀត​»​។

លោក សុខ ហុង ប្រធាន​ក្រុមហ៊ុន HSC Group បានឱ្យ​ដឹង ថា​នេះ​ជា​ពេលវេលា​ល្អ​បំផុត ដោយសារ​តែ​ប្រជាជន​កម្ពុជា​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការទទួល​យក​វប្បធម៌​តែ​ទំនើប ដែល​យីហោ​អន្តរជាតិ​ផ្សេងៗ​បាន​ចូលក្នុង​ទីផ្សារ​នេះ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។

លោក​បន្ត​៖ «​យើង​មាន​មោទនភាព និង​រីករាយ​ក្នុង​ការបង្ហាញ​យីហោ Tealive ដល់​ប្រជាជន​កម្ពុជា ដែល​ជា​យីហោ​ផលិតផល​ប្រណីត និង​នវានុវត្តន៍​តម្លៃ​ទាប ពិត​ជា​អ្វីដែល​ប្រជាជន​កម្ពុជា​វ័យក្មេង​ចង់បាន​»៕ LA