ក្រុង​មុ៉មបៃ ក្រុមហ៊ុន​គ្រឿង​សង្ហារិម Ikea ​ នឹង​បើក​ដំណើរការ​​ហាង​លក់​គ្រឿង​សង្ហារិម​ និង​ភោជនីយ​ដ្ឋាន​លើក​ដំបូង​របស់​ខ្លួន​​ក្នុង​ប្រទេស​​​ឥណ្ឌា​ បន្ទាប់​ពី​ប៉ុន​ប៉ង​​រយៈ​ពេល​ជា​ច្រើន​​ឆ្នាំ​ ប៉ុន្តែ​ភោជនីយដ្ឋាន​នេះ​មិន​មាន​លក់​ប្រហិតដែល​​ជា​អា​ហារ​ល្បី​បំផុត​របស់​ខ្លួន​ទេ។

ក្រុម​ហ៊ុន Ikea ដែល​លក់​រាយ​គ្រឿង​សង្ហារិម​ធំ​ជាង​គេ​ក្នុង​ពិភព​លោក ​នៅ​ខែ​ក្រោយ​នឹង​កាត់​ខ្សែ​បូ​ហាង​ដ៏​ធំ​ដែល​មាន​ទំហំ ៣៧ ០០០ ម៉ែត្រក្រឡា​នៅ​ទី​ក្រុង Hyderabad ​ភាគខាង​​ត្បូង​​ប្រទេស​ឥណ្ឌា រួម​ជា​មួយ​ភោជនីយដ្ឋាន​ដែល​មាន​កៅអី​ចំនួន ១ ពាន់។

ភោជនីយ​ដ្ឋាន​នេះ នឹង​ជា​ភោជនីយដ្ឋាន​ធំ​ជាង​គេ​របស់​ក្រុម​ហ៊ុន Ikea ហើយ​នឹង​​បំពេញ​តម្រូវ​ការ​បែប​រស​ជាតិ​ក្នុង​ស្រុក រួម​ជា​មួយ​នឹង​អាហារ​ធ្វើ​ពី​សាច់​គោ និង​សាច់​ជ្រូក​ដែល​មាន​ភាព​​រសើប​ផ្នែក​សាស​នា​​ក្នុង​ប្រទេស​ឥណ្ឌា​ តែ​​ប្រហិត​ស៊ុយអែត​ដែល​ជា​អា​ហារ​​មូលដ្ឋាន​របស់​ក្រុមហ៊ុន​នេះ​ នឹង​មិន​មាន​លក់​​នោះ​ទេ។

ក្រុមហ៊ុន​អន្តរជាតិ​របស់​ប្រទេស​ស៊ុយអែត ដែល​បាន​ធ្វើ​បដិវត្ត​គ្រឿង​សង្ហា​រិម​លំនៅឋាន​ ជា​មួយ​នឹង​ផលិត​ផល​ដែលងាយ​ស្រួល​ដំឡើង​ដោយ​អតិថិជន​ដែល​មាន​តម្លៃ​ទាប​នោះ កំពុង​​​សង្ឃឹម​លើ​​ប្រទេស​ឥណ្ឌា ខណៈដែល​​ក្រុម​ហ៊ុន​នេះ​ស្វែងរក​ប្រាក់​ចំណូល​ថ្មី​នៅ​ក្រៅ​​​ទីផ្សារ​ធំៗ​របស់​​​ប្រទេស​លោក​ខាង​លិច​​របស់​ខ្លួន។

ក្រុម​ហ៊ុន Ikea ​គ្រោង​នឹង​វិនិយោគ​ ១,៥ ​ពាន់​លាន​ដុល្លារ​​​ក្នុង​ប្រទេស​មាន​សេដ្ឋ​កិច្ចឈាន​មុខគេ​ទី ៣​ របស់​អាស៊ី​មួយ​នេះ​ ខណៈដែល​ក្រុម​ហ៊ុននេះ​ស្វែងរក​ការ​ទាក់ទាញ​​ប្រជាជន​ឥណ្ឌា​ដែល​មាន​ភាព​រសើប​ផ្នែក​​តម្លៃ​ ឲ្យ​ងាក​ចេញពីការទិញ​​​​​គ្រឿង​សង្ហារិម​​នៅ​​ហាង​ក្នុង​ស្រុក ​និង​គ្រប់​គ្រង​ជា​លក្ខណៈ​គ្រួសារ។

ក្រុម​ហ៊ុន​ Ikea បាន​ចំណាយ​ប្រាក់​​ជិត ៧៥០ លាន​ដុល្លារ​រួច​ហើយ ក្នុង​ការ​ទិញ​ទីតាំង​សម្រាប់​ហាង​លក់​ចំនួន ៤ ដែល​រួម​ទាំង​ហាង​លក់​មួយ​នៅ​ទីក្រុង Hyderabad ដែល​នឹង​បើក​ដំណើរ​ការ​នៅ​​ខែ​កក្កដា តាម​កាល​បរិច្ឆេទ​ដែល​មិន​ទាន់​ត្រូវ​បាន​ប្រកាស​នៅ​ឡើយ៕ AFP/LA