ភ្នំពេញៈ ផែនការ​ដាំ​កប្បាស​សាកល្បង​​លើក​ទី ២ នៅ​លើ​ផ្ទៃ​ដី​ទំហំ ១៨០ ហិកតា​របស់​ក្រុមហ៊ុន​ចិន Jiangsu Lianfa អាច​នឹង​លេច​ចេញ​ជា​រូបរាង​នា​ពេល​ខាង​មុខ ខណៈ​ដែល​​ដើម​កប្បាស​ដែល​​​បាន​​ដាំ​ក្នុង​គម្រោង​​​សាកល្បង​​លើក​ទី​ ១ កំពុង​លូត​លាស់​​​ល្អ។ នេះ​បើ​តាម​​​ព័ត៌មាន​​​នៅ​លើ​ប្រព័ន្ធ​សង្គម​​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាល​ពី​ថ្ងៃ​ម្សិលមិញ។​

បច្ចុប្បន្ន ​កប្បាស​ ដែល​ក្រុមហ៊ុន ​Jiangsu Lianfa កំពុង​ដាំ​សាក​ល្បង​លើក​​ទី​ ១ ក្នុង​ខេត្ត​ពោធិ៍សាត់​លើ​ផ្ទៃ​ដី​ទំហំ ៣ ​អា កំពុង​លូត​លាស់​​​​យ៉ាង​ល្អ​សម​ស្រប​តាម​គុណភាព​ដី និង​ក្សេត្រ​បរិស្ថាន​នៅ​តំបន់​នេះ ហើយ​សង្ឃឹម​ថា​ កប្បាស​​ នឹង​ផ្តល់់​ផល​បាន​យ៉ាង​ល្អ​ប្រសើរ​​​គួរ​ជា​ទី​គាប់​ចិត្ត​។​

ក្នុង​ឱកាស​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ជាក់​ស្តែង លោក ​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ពិសោធ​នេះ និង​បាន​ជំរុញ​ឲ្យ​មាន​ការ​សហការ​គ្នា​​​​​ដោះ​ស្រាយ​បញ្ហា និង​បន្ត​អនុវត្ត​ផែន​ការ​សកម្មភាព​សំខាន់​ៗ​ឈាន​​ទៅ​រក​ការ​អភិវឌ្ឍ​វិស័យ​ផលិត​កម្ម​កប្បាស​ជា​លក្ខណៈ​​ខ្សែ​ចង្វាក់​ផលិតកម្ម​​។

ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន Jiangsu Lianfa បាន​ឲ្យ​ដឹង​ថា បើ​ការ​ដាំ​សាក​ល្បង​​លើក​ទី ១ ទទួល​បាន​ទិន្នផល​​ដូច​ដែល​ក្រុមហ៊ុន​​ចង់​បាន ក្រុមហ៊ុន​នឹង​ដាំ​សាកល្បង​លើក​ទី ២ លើ​ផ្ទៃ​ដី​ចំនួន ១៨០ ហិកតា​បន្ថែម​ទៀត​។

ផែនការ​របស់​ក្រុមហ៊ុន Jiangsu Lianfa ​នឹង​ធ្វើ​ការ​កែ​ច្នៃ​ផលិតផល​កប្បាស​នេះ​ជា​អំបោះ​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​រោង​ចក្រ​វាយនភណ្ឌ​ធ្វើ​ជា​ក្រណាត់​រួច​ផ្គត់ផ្គង់​ឲ្យ​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​របស់​ខ្លួន​​ ដែល​មាន​ចំនួន ១២ នៅ​​​ទូទាំង​ពិភពលោក​ ដោយ​ក្នុង​​​​​នោះ​មាន ២ ដែល​កំពុង​ដំណើរការ​នៅ​កម្ពុជា​គឺ​រោងចក្រ Jincheng Garment Factory និង​​ Hengyu Garment Factory ​ស្ថិត​ក្នុង​ខេត្តពោធិ៍​សាត់។

ក្រុមហ៊ុន​ Jiangsu Lianfa​ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជា​មួយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​អភិវឌ្ឍ​វិស័យ​ផលិតកម្ម និង​កែ​ច្នៃ​កប្បាស​នៅ​កម្ពុជា៕​