ភ្នំពេញ: ក្រុមហ៊ុន Khmer Fresh Milk ដែល​បាន​ចុះបញ្ជី​វិនិយោគ​ជាមួយ​ដើមទុន​ប្រមាណ ១០ ​លាន​ដុល្លារ​អាមេរិក វិនិយោគ​លើ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ (Kirisu Farm) និង​ដំឡើង​រោងចក្រ​កែច្នៃ​ទឹកដោះគោ​ស្រស់ ដែល​គ្រោង​ចែកចាយ​នៅលើ​ទីផ្សារ​ក្នុង​ខែក្រោយ​។

លោក ជី សិលា សហស្ថាបនិក ក្រុមហ៊ុន Khmer Fresh Milk ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា កសិដ្ឋាន​គិរីសួគ៌​ (Kirisu Farm) ​មាន​ចក្ខុវិស័យ​នាំយក​ទឹកដោះគោ​សុទ្ធ​ពី​ធម្មជាតិ​ផលិត​តាម​បច្ចេកទេស​កសិកម្ម​ទំនើប និងការកែច្នៃ​ចំណីអាហារ​តាម​ស្តង់ដា​អនាម័យ​លំដាប់​ពិភពលោក​មក​ទីផ្សារ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើង​បាន​នាំយក​បច្ចេកវិទ្យា​ទំនើបៗ​ហើយ​យើង​កំពុង​ធ្វើការ​ជាមួយ​អ្នកជំនាញ​កសិកម្ម​ជនជាតិ​អ៊ីស្រាអែល​លើ​ផ្នែក​ចិញ្ចឹម​គោ​យក​ទឹកដោះ និង​ផ្នែក​ដាំដុះ​ល្បីៗ​លើ​ពិភពលោក​ដើម្បី​ជួយ​យើង​លើ​បច្ចេកទេស​ដាំដុះ របៀប​មើល​ថែរក្សា​សុខភាព​គោ​»​។

លោក​បន្តថា ក្រៅពី​ទឹកដោះគោ​ស្រស់ ក្រុមហ៊ុន​ក៏​នឹង​ផលិត​យ៉ាអួរ​ស្រស់​ និង​ប៊័រ ហើយ​ក្រុមហ៊ុន​គ្រោង​នឹង​បញ្ចេញ​លក់​ទឹកដោះគោ​ស្រស់​លើកដំបូង​នៅ​ទីផ្សារ​ក្នុង​ស្រុក​នៅ​ខែ​ក្រោយ​។ ទោះបី​យ៉ាងណា​ក្រុមហ៊ុន​មិនទាន់​អាច​បញ្ជាក់​តម្លៃ​លក់​លើ​ទីផ្សារ​នៅ​ឡើយ​ទេ ព្រោះ​កំពុង​សិក្សា​ពី​ទីផ្សារ​។

លោក​អះអាង​ថា ក្រុមហ៊ុន​នឹង​ចែកចាយ​ផលិតផល​ទឹកដោះគោ​ស្រស់ និង​យ៉ាអួរ​ស្រស់​តាម​ផ្សារ​ទំនើប​នានា​តាម​ផ្សារ​ម៉ាត ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​នានា​នៅក្នុង​ទីក្រុង​។

លោក​អះអាង​ថា ទីផ្សារ​កម្ពុជា​បាន​នាំចូល​ទឹកដោះគោ​ស្រស់​ ៩៩ ​ភាគរយ​ នៃ​តម្រូវការ​សរុប​ពី​ក្រៅ​ប្រទេស ព្រោះ​ហេតុនោះ​ផលិតផល​ដែល​ចែកចាយ​នឹង​ត្រូវ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ទាំងអស់​។ នៅ​ដំណាក់កាល​ដំបូង​ក្រុមហ៊ុន​នេះ​មាន​សមត្ថភាព​ផលិត​ទឹកដោះគោ​ស្រស់​ចន្លោះ​ពី ២ ០០០ ​ទៅ ៣ ០០០ លីត្រ ​ក្នុង​ ១ ​ថ្ងៃ ហើយ​អាច​ផលិត​បាន​ ១០ ០០០ ​លីត្រ ​ក្នុង​ ១ ​ថ្ងៃ នៅពេល​ដែល​ដំណើរការ​ផលិតកម្ម​ពេញលេញ​។

ក្រុមហ៊ុន​បាន​ចុះបញ្ជី​ជា​ផ្លូវការ​កាលពី​ខែ​កក្កដា ឆ្នាំ​ ២០១៧ ដែល​បោះទុន​វិនិយោគ​ចំនួន​ ១០ ​លាន​ដុល្លារ​។ កសិដ្ឋាន​នេះ​ស្ថិត​លើ​ផ្ទៃដី ៣០០ ​ហិកតា​ ក្នុង​ស្រុក​បាទី ខេត្ត​តាកែវ​។

លោក​ ឈរ រិទ្ធី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Khmer Fresh Milk បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​កំពុង​ពន្លឿន​សកម្មភាព​ផលិត​ក្នុង​គោលដៅ​ផ្គត់ផ្គង់​ទឹកដោះគោ​សុទ្ធ​បំផុត​សម្រាប់​ពលរដ្ឋ​កម្ពុជា​។

លោក​បន្តថា សព្វថ្ងៃ​ក្រុមហ៊ុន​បាន​នាំចូល​គោ​សម្រាប់​ផលិត​ទឹកដោះ ពូជ Holstein heifers ៥៥០ ​ក្បាល​ពី​អូស្ត្រាលី​។

លោក​ថ្លែងថា​៖ «​យើង​បាន​បន្សាំ​គោ​ទាំង​នោះបាន​យ៉ាងល្អ​ទៅនឹង​បរិយាកាស​ថ្មី​នៅ​ទី​នេះ ហើយ​វា​មាន​សុខភាព​ល្អ​នៅក្នុង​កសិដ្ឋាន​របស់​យើង​ដែល​កសាងឡើង​តាម​បច្ចេកវិទ្យា​ទំនើប​។ យើង​សប្បាយ​រីករាយ​ដែល​ការងារ​របស់​យើង​នៅតែ​សម្រេចបាន​តាម​ផែនការ​ហើយ​ពិត​ជា​មាន​មោទនភាព​ដែល​យើង​អាច​សម្រេច​ការងារ​ស្ទើរតែ​ទាំងស្រុង​ទៅ​តាម​ផែនការ​ដែល​យើង​បាន​គ្រោងទុក​»​។

បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ ២ ​កន្លែង ដែល​ផលិត​ទឹកដោះ​បាន​ប្រមាណ​ជាង​ ២ ០០០ ​លីត្រ ​ក្នុង​ ១ ​ថ្ងៃ​៕