ភ្នំពេញៈ ក្រុមហ៊ុន KPMG Cambodia Limited ដែលជាក្រុមហ៊ុនសវនកម្ម ពន្ធ និងប្រឹក្សាយោបល់ឈានមុខគេមួយនៅកម្ពុជាបានទិញយកក្រុមហ៊ុនសវនកម្ម Premier Consulting (Cambodia) Limited ក្នុងគោលបំណងពង្រីកពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានបានពី KPMG ដែល ភ្នំពេញ ប៉ុស្ដិ៍ ទទួលបានកាលពីថ្ងៃអង្គារ លោក Warrick Cleine ប្រធាន KPMG ប្រចាំនៅប្រទេសវៀតណាម និងកម្ពុជាបានថ្លែងថា ជាមួយនឹងទំនុកចិត្តរបស់ KPMG នៅក្នុងបរិយាកាសពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ពិសេសដោយសារសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ឆ្នាំ ២០១៥ បានជំរុញឲ្យក្រុមហ៊ុនលោកសម្រេចការទិញយកក្រុមហ៊ុន Premier Consulting។
លោកថ្លែងថា៖ «KPMG ធ្វើការងារជាមួយក្រុមហ៊ុនឈានមុខគេជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍តាមរយៈការិយាល័យរបស់យើងនៅក្នុងទីក្រុងធំៗនៅក្នុងតំបន់អាស៊ាន។ ការធ្វើសមាហរណកម្មរបស់ក្រុមហ៊ុន Premier Consulting នៅទីក្រុងភ្នំពេញ លើកកម្ពស់សមត្ថភាពរបស់យើងដើម្បីបម្រើអតិថិជននៅក្នុងសេដ្ឋកិច្ចមួយដែលមានថាមពលខ្លាំងបំផុតរបស់អាស៊ីអាគ្នេយ៍»។
លោកបន្តថា៖ «កិច្ចព្រមព្រៀងនេះគឺជាការបង្ហាញឥទ្ធិពលនៃការពង្រីកភាពខ្លាំង និងការប្ដេជ្ញាចិត្តរបស់ KPMG ក្នុងការបម្រើអតិថិជនរបស់យើង នៅប្រទេសវៀតណាមនិងកម្ពុជា។ ការបន្ថែមក្រុមការងាររបស់ក្រុមហ៊ុន Premier ដើម្បីលើកកម្ពស់ក្នុងការផ្ដល់សេវាដ៏សំខាន់របស់ KPMG យើងនឹងអាចផ្ដល់ដល់អតិថិជនរបស់យើងគ្រប់ទំហំ និងគ្រប់ដំណាក់កាលនៃវដ្ដពាណិជ្ជកម្ម»។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ប្រតិបត្តិការនេះបានចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០១៥ ប៉ុន្តែ លក្ខខណ្ឌដែលជាប់ទាក់ទងទៅនឹងបញ្ហាហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងនេះគឺមិនត្រូវបានបង្ហាញឲ្យដឹងនោះទេ ហើយពាណិជ្ជកម្មរួមបញ្ចូលគ្នានេះនឹងផ្ដល់ការងារអាជីពជិត២០០នាក់ដែលផ្ដល់សេវាដល់ក្រុមហ៊ុន អង្គការមិនមែនរដ្ឋាភិបាល និងវិស័យនានារបស់រដ្ឋាភិបាលប្រទេសកម្ពុជា។
ក្រុមហ៊ុន KPMG នៅក្នុងប្រទេសកម្ពុជានឹងបន្តដឹកនាំដោយលោក Michael Gordon ជាដៃគូជាន់ខ្ពស់ រួមជាមួយនឹងលោក Nge Huy លោក Lim Chew Teng។
លោក James Roberts មកពីក្រុមហ៊ុន Premier នឹងចូលរួមជាមួយ KPMG ជាដៃគូមួយផងដែរ ហើយលោក Dary So នឹងចូលរួមធ្វើជានាយកដឹកនាំក្រុមហ៊ុនផ្ដល់សេវាពាណិជ្ជកម្មដែលទើបនឹងបានបង្កើតឡើងរបស់ក្រុមហ៊ុននេះ។
លោក Roberts ថ្លែងថា៖ «យើងរីករាយក្នុងការចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ KPMG ដល់កំណើនសមត្ថភាពជាបន្តបន្ទាប់ និងធនធាននៅក្នុងទីផ្សារក្នុងស្រុក»។
KPMG ត្រូវបានបង្កើតឡើងនៅកម្ពុជាកាលពីឆ្នាំ១៩៩៤។ បច្ចុប្បន្នក្រុមហ៊ុនមានក្រុមការងារជាង ១៣០ នាក់ ហើយ KPMG ជាក្រុមហ៊ុនផ្ដល់សេវាមួយក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាឈានមុខគេនៅកម្ពុជាដោយមានទាំងអតិថិជនក្នុងស្រុក និងអតិថិជនអន្តរជាតិផងដែរ។
ក្រុមហ៊ុន Premier ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៦ ហើយពឹងផ្អែកលើមូលដ្ឋានសេវាការងារអាជីពមានគុណភាព បានកើនឡើងយ៉ាងរហ័សក្នុងការក្លាយជាក្រុមហ៊ុនប្រឹក្សាយោបល់គណនី និងពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅពីក្រោយក្រុមហ៊ុនប្រឹក្សាធំៗចំនួន៤៕PB