
ក្រុមហ៊ុនមកពីម៉ាឡេស៊ី Lipp Engineering Sdn. Bhd. កំពុងស្វែងរកឱកាសវិនិយោគក្នុងការបង្កើតរោងចក្រកែច្នៃផលិតផលពីឫស្សីនៅកម្ពុជា ដែលគ្រោងនឹងបោះទុនវិនិយោគប្រមាណ ៧៥០ លានដុល្លារ។ សហការី
ភ្នំពេញ: ក្រុមហ៊ុនមកពីម៉ាឡេស៊ី Lipp Engineering Sdn. Bhd. កំពុងស្វែងរកឱកាសវិនិយោគក្នុងការបង្កើតរោងចក្រកែច្នៃផលិតផលពីឫស្សីនៅកម្ពុជា ដែលគ្រោងនឹងបោះទុនវិនិយោគប្រមាណ ៧៥០ លានដុល្លារ។
ក្រុមហ៊ុនកំពុងស្នើសុំដីសម្បទានពីរដ្ឋាភិបាលក្នុងការដាំដុះឫស្សីនេះ។ នេះបើតាមអគ្គនាយកក្រុមហ៊ុន។
លោក Datuk Thureign ប្រធាន និងអគ្គនាយកក្រុមហ៊ុន Lipp Engineering Sdn. Bhd. បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា បន្ទាប់ពីទទួលបានភ្លើងខៀវពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថា ក្រុមហ៊ុននឹងបង្កើតរោងចក្រកែច្នៃផលិតផលពីឫស្សីដែលជាបច្ចេកវិទ្យារបស់អាលឺ្លម៉ង់ ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។
លោកបន្តថា ក្រុមហ៊ុនលោកនឹងបង្កើតរោងចក្រ និងដាំឫស្សីនៅលើផ្ទៃដី ២៥ ០០០ ហិកតា ក្នុងដំណាក់កាលដំបូងដោយគ្រោងនឹងចំណាយទុនវិនិយោគ ៧៥០ លានដុល្លារ។ លោកបន្ថែមថា ផលិតផលកែច្នៃពីឫស្សីចំនួន ៤ រួមមាន Bio-Activated Carbon, BambooPulp Bio-oil និង Bamboo Fiber។
លោកបានបន្តថា៖ «យើងនឹងបង្កើតរោងចក្រកែច្នៃផលិតផលពីឫស្សីសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិដែលយើងមានទីផ្សាររួចស្រាប់ហើយនៅក្រៅប្រទេស។ ការវិនិយោគនេះអាចចាប់ផ្តើមនៅក្នុងឆ្នាំ ២០២០»។
លោកបន្ថែមថា គម្រោងវិនិយោគនេះនឹងផ្តល់ការងារប្រមាណ ៥ ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋកម្ពុជា និងចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «ក្រៅពីបង្កើតរោងចក្រ និងដាំដុះដើមឫស្សី ក្រុមហ៊ុននឹងសាងសង់មន្ទីរពេទ្យ សាលារៀន ផ្ទះស្នាក់នៅសម្រាប់កម្មករ និងការចំណាយលើទឹកភ្លើងរបស់កម្មករជាបន្ទុករបស់ក្រុមហ៊ុន ហើយកម្មករក៏នឹងទទួលបានការធានារ៉ាប់រងអាយុជីវិតផងដែរ»។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានស្វាគមន៍ពីគម្រោងវិនិយោគដាំឫស្សីរបស់ក្រុមហ៊ុននេះ។ ការគាំទ្រគម្រោងវិនិយោគនេះធ្វើឡើងនៅជំនួបជាមួយក្រុមហ៊ុននេះកាលពីថ្ងៃពុធនៅក្រសួងកសិកម្ម។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា គម្រោងនេះនឹងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាតាមរយៈបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ»។ លោក សាខុន បន្ថែមថាកម្ពុជាមានធនធានគ្រប់គ្រាន់ និងអាកាសធាតុអំណោយផលដល់ដំណាំឧស្សាហកម្មឫស្សី។
លោកបន្តថា៖ «គម្រោងនេះនឹងជួយទាក់ទាញដល់ផលិតកម្មឫស្សី និងចូលរួមអភិវឌ្ឍសហគមន៍តាមរយៈការលើកកម្ពស់ផលិតផលពីឫស្សី បង្កើតការងារ បណ្តុះបណ្តាលធនធានមនុស្ស»។ លោកបានបញ្ជាក់ថា៖ «ក្រសួងនឹងផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនធ្វើយ៉ាងណាឲ្យក្រុមហ៊ុនទទួលបានជោគជ័យលើគម្រោងនេះ»។
បើតាមលោក Thureign ដំណាំឫស្សីនឹងទទួលបានផលក្នុងរយៈពេល ៤ ឆ្នាំ ក្រោយពីដាំដុះដែលក្រុមហ៊ុននេះរំពឹងថានឹងទទួលបានចំណូលប្រមាណ ៥ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំដំបូង។
លោកនិយាយថា ក្រៅពីស្វែងរកការវិនិយោគលើដំណាំឫស្សី ក្រុមហ៊ុនក៏កំពុងស្វែងរកការវិនិយោគលើការចិញ្ចឹមពពែនៅកម្ពុជា សម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។
លោកបន្តថា៖ «ការជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគព្រោះជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយមានដីទំនេរច្រើន អាកាសធាតុអំណោយផលដល់ការដាំឫស្សី»។
ប្រទេស កម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការយល់ព្រមលើកិច្ចព្រមព្រៀងបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅដែលគេរំពឹងថាកម្ពុជានឹងក្លាយជាសមាជិកនៃបណ្តាញនេះ។
បណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅជាអង្គការអន្តររដ្ឋាភិបាលមួយដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសចិន និងមានការិយាល័យថ្នាក់តំបន់ចំនួន ៤ រួមមានប្រទេសឥណ្ឌា ហ្គាណា អេត្យូពី និងអេក្វាទ័រ។
គិតត្រឹមខែកញ្ញា ឆ្នាំ ២០១៨ អង្គការនេះមានប្រទេសជាសមាជិកចំនួន ៤៣។ បច្ចុប្បន្នប្រទេសតំបន់អាស៊ានដែលមិនទាន់បានចូលជាសមាជិកនៃអង្គការនេះ រួមមានកម្ពុជា ប្រ៊ុយណេ សិង្ហបុរី និងឡាវ៕LA