The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន Lotte ស្វែងរក​ការ​ចាក​ចេញ​ពី​ទីផ្សារ​ចិន

ក្រុមហ៊ុន Lotte ស្វែងរក​ការ​ចាក​ចេញ​ពី​ទីផ្សារ​ចិន

Content image - Phnom Penh Post
ស្ថានភាព​ស្ងាត់​ជ្រងំ​នៅផ្សារ​​ Lotte Mart ក្រោយ​​អតិថិជន​ចិ​ន​ធ្វើពហិការ​មិនទិញ។ រូប AFP

ក្រុមហ៊ុន Lotte ស្វែងរក​ការ​ចាក​ចេញ​ពី​ទីផ្សារ​ចិន

ក្រុង​សេអ៊ូលៈ ទោះ​បី​ជា​បាន​វិនិយោគ​ទឹក​ប្រាក់​ដ៏​ច្រើន​រួច​ទៅ​ហើយ​​ក្នុង​ប្រទេស ចិន ​​ក្នុង​ ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក្តី ក៏​​ក្រុមហ៊ុន​លក់​រាយ​ Lotte Group របស់​កូរ៉េ​ខាង​ត្បូង​ ហាក់​ដូច​ជា​កំពុង​ស្វែងរក​ការ​ចាកចេញ​ទាំង​ស្រុង​​ពី​ទីផ្សារ​នេះ ដែល​ធ្លាប់​ផ្ដល់​ប្រាក់​ចំណេញ​យ៉ាង​ច្រើន​ដល់​ខ្លួន។

ទិន្នាការ​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​​ក្រុមហ៊ុន​នេះ​បាន​បរាជ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​ស្ទុះ​ងើប​ឡើង​​វិញ​ពី​យុទ្ធនា​ការ​ពហិការ​ពី​អតិថិជន​ចិន ដែល​ត្រូវ​បាន​ញុះញង់​ដោយ​ជម្លោះ​​ការ​ទូត​រវាង​ទីក្រុង​សេអ៊ូល និងទីក្រុង​ប៉េកាំង​។​

ក្រុមហ៊ុន​ពហុ​ផលិតផល​លក់រាយ​របស់​​ប្រទេស ​កូរ៉េ​ខាង​ត្បូង​ ​មួយ​នេះ គឺ​ជា​​ទិសដៅ​ផ្តោត​ដ៏​សំខាន់​នៃ​ជម្លោះ​ការ​ទូត​​រវាង​​ប្រទេស ​ចិន និង​កូរ៉េ​ខាង​ត្បូង ​ជុំវិញ​ការ​ដាក់​ពង្រាយ​​​ប្រព័ន្ធ​ប្រឆាំង​​មីស៊ីល THAAD កាល​ពី​ឆ្នាំ ២០១៧ លើ​ទីលាន​​វាយ​​កូនហ្គោល​របស់​ខ្លួន​ គឺ​ក្លឹប Lotte Skyhill Country Club នៅ​​​តំបន់ Seongju County។​

ទោះ​បី​ជា​សញ្ញា​ល្អ​បន្តិច​មួយ​ចំនួន​កាល​​ពី​ឆ្នាំ​មុន​ក្តី ក៏​ក្រុមហ៊ុន Lotte បាន​បន្ត​ប្រឈម​នឹង​ការ​ពិបាក​​ ក្នុង​គ្រា​ដែល​​អារម្មណ៍​​សាធារណ​ជន​មាន​ភាព​អាក្រក់​​កាន់​តែ​ខ្លាំង​ឡើង​ស្រាប់​ទៅ​ហើយ​ ដែល​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​របស់​យីហោ​ក្នុង​ស្រុក​ និង​ភាព​ពេញ​និយម​​នៃ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​។​

ចាប់​តាំង​ពី​ការ​ចូល​ក្នុង​ទីផ្សារ​របស់​ប្រទេស ចិន ​​ជា​មួយ​នឹង​ហាង​លក់​ទំនិញ​ Lotte Mart នៅ​ឆ្នាំ ​២០០៤ ​ក្រុមហ៊ុន​នេះ​បាន​វិនិយោគ​ទឹកប្រាក់​ ៨ ពាន់​ពាន់​លាន​វ៉ុន (​៧,២ ​ពាន់​លាន​ដុល្លារ) ដើម្បី​ប្រតិបត្តិការ​​​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន ២២ ដែល​លាត​សន្ធឹង​ចាប់​ពី​ការ​លក់រាយ និង​អាហារ​រហូត​ដល់​វិស័យ​​ទេសចរណ៍​។​

ហាង​លក់​ទំនិញ​ Lotte Department Store ដែល​ជា​អាជីវកម្ម​មួយ​ក្នុង​ចំណោម​អាជីវកម្ម​សំខាន់ៗ​របស់​​ក្រុមហ៊ុន​នេះ​​​ក្នុង​ប្រទេស ចិន បាន​មើល​ឃើញ​​ប្រតិបត្តិការ​ខាតបង់​ចំនួន ១៤០ ​ពាន់​លានវ៉ុន​ (១២៣ លាន​ដុល្លារ) ចាប់​ពី​ឆ្នាំ ​២០១៦ ​ដល់​ឆ្នាំ​ ២០១៨។​

កាល​ពី​ថ្ងៃ​ពុធ ​ក្រុមហ៊ុន​ Lotte បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​គ្រោង​លក់​រោងចក្រ​ផលិត​អាហារ​របស់​ខ្លួន​​​ក្នុង​ប្រទេស ​ចិន ដោយសារ​ការ​ខាតបង់​​​កើន​ឡើង​​ខ្លាំង។​

រោងចក្រ​ Lotte Confectionery និង​​រោងចក្រ​​ Lotte Chilsung Beverage គឺ​ជា​រោងចក្រ​​ ​៤ ក្នុង​ចំណោម​រោងចក្រ ​៦ ​នៅ​ទីក្រុង​ប៉េកាំង ទីក្រុង​ឈីងដៅ ខេត្ត​ហេណាន និង​ឈីងបៃ នឹង​បិទ​ទ្វារ​ទាំង​អស់​នៅ​ត្រីមាស​ទី១ ឆ្នាំ​នេះ។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន។​

ការ​បិទ​ទ្វារ​នេះ​ធ្វើ​ឡើង​មិន​ដល់ ​១ ​ឆ្នាំ​​​ផង ​បន្ទាប់​ពី​ផ្សារ​ទំនើប Lotte Mart ​របស់​ក្រុមហ៊ុន​ Lotte បាន​​ប្រកាស​ពី​​ការ​​​​ចាកចេញ​ទាំង​ស្រុង​​នៃ​ហាង​លក់​ទំនិញ​​​របស់​ខ្លួន​ទាំង ​១១២ ពី​​​ចិន ក្រោយ​​​ប្រតិបត្តិការ​អស់​​ពេល ​១១ ឆ្នាំ​។​

របាយការណ៍​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០១៧ របស់​ក្រុមហ៊ុន Lotte Mart បាន​បង្ហាញ​ថា ការ​ខាតបង់​របស់​ខ្លួន​​ក្នុង​ប្រទេស ចិន បាន​កើន​ឡើង​ដល់ ២៦៨ ​ពាន់​​លានវ៉ុន (២៣៦ លាន​ដុល្លារ) និង​ការ​ខាតបង់​រួម​របស់​ក្រុមហ៊ុន​​​​ចាប់​ពី​ឆមាស​ទី​២ ឆ្នាំ ​២០១៦ មក​បាន​កើន​ឡើង​​ជិត​ដល់ ​១ ពាន់​ពាន់​លាន​វ៉ុន (៨៨១ លាន​ដុល្លារ)។ ក្រុមហ៊ុន​នេះ​បាន​​លើក​ឡើង​ពី​ការ​ធ្វើ​ពហិការ​​ទិញ​ផលិតផល​របស់​ប្រទេស ​កូរ៉េ​ខាង​ត្បូង ដោយ​អ្នក​ទិញ​​ទំនិញ​ជនជាតិ​​ចិន​ ដោយសារ​រឿង​ចម្រូង​​ចម្រាស​​ជុំវិញ​ការ​ដំឡើង​ប្រព័ន្ធ​​ការពារ​មីស៊ីល THAAD ថា​ជា​មូលហេតុ​​ដ៏​សំខាន់​សម្រាប់​ការ​ខាតបង់​នេះ៕ ANN/​LA​

អត្ថបទគួរចាប់អារម្មណ៍