ភ្នំពេញៈ Nien Made Enterprise Co Ltd ជាក្រុមហ៊ុនផលិត និងលក់វាំងននឈានមុខគេមានមូលដ្ឋានតៃវ៉ាន់បានឲ្យដឹងថា ការបិទព្រំដែនរវាងវៀតណាម និងកម្ពុជានឹងប៉ះពាល់ដល់ការដឹកជញ្ជូនផលិតផលរបស់ខ្លួនផលិតនៅកម្ពុជា។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត Taipei Times កាលពីថ្ងៃចន្ទ។
កម្ពុជា និងវៀតណាមកាលពីសប្តាហ៍មុនបានប្រកាសបិទព្រំដែនរវាងប្រទេសទាំង ២ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ ១៩ ប៉ុន្តែចរាចរណ៍ទំនិញនៅតែធ្វើឡើងជាធម្មតានៅតំបន់សនៃច្រកព្រំដែនរវាងប្រទេសទាំង ២។
ក្រុមហ៊ុន Nien Made Enterprise Co Ltd ផលិតវាំងនន និងរនាំងបង្អួចនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតដែលការដឹកជញ្ជូនត្រូវធ្វើឡើងកំពង់ផែទីក្រុងហូជីមិញ។
ក្រុមហ៊ុនដែលផលិតផលរបស់ខ្លួនរួមមានរបាំងបង្អួច វាំងនន និងរបាំងពន្លឺបានឲ្យដឹងថា ទោះយ៉ាងណាក្រុមហ៊ុននេះបានរៀបចំផែនការនាំចេញ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារតែការបិទនេះ។ នេះបើយោងតាមកាសែត Taipei Times។
បច្ចុប្បន្នក្រុមហ៊ុន Nien Made មានមូលដ្ឋានផលិត ៤ នៅទីក្រុង Dongguan និងខេត្ត Shandong របស់ប្រទេសចិនព្រមទាំងរោងចក្រ ១ នៅប្រទេសកម្ពុជា។
ក្រុមហ៊ុននេះបានឲ្យដឹងថា៖ «ក្រុមហ៊ុន Nien Made បានជូនដំណឹងដល់អតិថិជនជាហាងលក់ធំៗរបស់ខ្លួនអំពីគោលនយោបាយទាំងនេះ ហើយនឹងធ្វើការប្រើប្រាស់យ៉ាងល្អនៃទីតាំងឃ្លាំងកម្ពុជា»។
ក្រុមហ៊ុនបានឲ្យដឹងថា ការដឹកជញ្ជូនរបស់ខ្លួនអាចផ្លាស់ប្តូរផ្លូវទៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលមិនទាន់កើតឡើង»។
សេចក្ដីប្រកាសព័ត៌មានមួយបានឲ្យដឹងថា ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកាលពីសប្ដាហ៍មុន ប្រទេសកម្ពុជា និងវៀតណាម បានយល់ព្រមក្នុងការអនុញ្ញាតឲ្យរថយន្តសណ្ដោងដឹកទំនិញចូលជាធម្មតាព្រំដែនបាវិត និង Moc Bai ដែលមានទីតាំងនៅខេត្តស្វាយរៀងរបស់ប្រទេសកម្ពុជា (បាវិត) និងខេត្តតៃនិញរបស់វៀតណាម។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង GMAC បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃចន្ទថា ព្រំដែនត្រូវបានបិទសម្រាប់តែចរាចរណ៍មនុស្សតែប៉ុណ្ណោះ។ លោកបានឲ្យដឹងថា ការធ្វើចរាចរណ៍ទំនិញចូល និងចេញរបស់ប្រទេសទាំង ២ នៅតែត្រូវបានអនុញ្ញាតជាធម្មតាគ្រាន់តែមានវិធានការបង្ការជាមុនមួយចំនួន ត្រូវបានអង្កេតជាពិសេសអ្នកបើកបររថយន្តដឹកទំនិញតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «មានបញ្ហាកាលពីសប្ដាហ៍មុន ប៉ុន្តែដំណើរការនៅពេលនេះមានភាពរលូន។ យើងទទួលស្គាល់កម្រិតនៃហានិភ័យខ្ពស់ដែលបង្កឡើងដោយវីរុសនេះ ប៉ុន្តែវាក៏មានសារៈសំខាន់ក្នុងការរក្សាសេដ្ឋកិច្ចដំណើរការទៅមុខផងដែរ ដោយអនុវត្តតាមយ៉ាងតឹងរ៉ឹង និងការណែនាំសុវត្ថិភាពដោយអាជ្ញាធរ»។
ក្រុមហ៊ុននេះបានរាយការណ៍ប្រាក់ចំណូលសុទ្ធកាលពីឆ្នាំមុន ១៤៨,-៥១ លានដុល្លារអាមេរិកកើនឡើង ២៤,១ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨៕LA