ក្រុងតូក្យូៈ ក្រុមហ៊ុនអេឡិចត្រូនិក Panasonic របស់ជប៉ុនបានឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ខ្លួននឹងចាកចេញពីអាជីវកម្មផលិតកម្មឧបករណ៍ពាក់កណ្តាលចម្លង (semiconductor) ដោយលក់អាជីវកម្មដែលមិនទទួលបានប្រាក់ចំណេញនេះទៅឲ្យក្រុមហ៊ុនរបស់កោះតៃវ៉ាន់ ខណៈដែលក្រុមហ៊ុនកំពុងជួបការប្រកួតប្រជែងយ៉ាងខ្លាំងពីក្រុមហ៊ុនចិន និងកូរ៉េខាងត្បូង។
ការលក់អាជីវកម្មនេះបង្ហាញពីការបញ្ចប់អាជីវកម្មដែលធ្លាប់តែល្បីឈ្មោះរបស់ជប៉ុន ដោយក្រុមហ៊ុន Panasonic ត្រូវបានគេមើលឃើញថាជាក្រុមហ៊ុនធំមួយខាងផលិតបន្ទះឈីបនៅលើពិភពលោកក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០។
Panasonic បានឲ្យដឹងថា ខ្លួនកំពុងលក់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Panasonic Semiconductors Solutions ទៅឲ្យក្រុមហ៊ុន Nuvoton របស់កោះតៃវ៉ាន់ដោយការលក់នេះគ្រោងនឹងធ្វើឡើងនៅខែមិថុនា។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា Panasonic នឹងទទួលបានប្រាក់ ២៥០ លានដុល្លារ។
ក្រុមហ៊ុន Panasonic បានឲ្យដឹងថា វាគឺជា «វិធីប្រសើរបំផុត» ក្នុងគ្រាដែល «មានការប្រកួតប្រជែងដ៏តានតឹងជាមួយការពង្រីកការវិនិយោគ និងការវិនិយោគយ៉ាងច្រើនរបស់ក្រុមហ៊ុនជាគូប្រជែង»។
ក្រុមហ៊ុនបុត្រសម្ព័ន្ធនេះបានកត់ត្រាការខាតបង់ប្រតិបត្តិការចំនួន ២១៥ លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធដែលបញ្ចប់នៅខែមីនា៕ KC