ភ្នំពេញៈ ក្រុមហ៊ុន Person & People Group ដែលមានជំនាញក្នុងការផលិតម៉ាស៊ីន និងឧបករណ៍ពាក់ព័ន្ធនឹងវិស័យសុខាភិបាលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូងបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការចូលមកបើករោងចក្រផលិតនៅក្នុងប្រទេសកម្ពុជា ខណៈផលិតផលទាំងនេះកំពុងមានតម្រូវការយ៉ាងច្រើននៅទីផ្សារអន្តរជាតិ។ នេះបើយោងតាមឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់។
Person & People Group គឺជាក្រុមហ៊ុនផលិតម៉ាស៊ីនប្ដូរសម្ពាធខ្យល់ ម៉ាស៊ីនបន្សុទ្ធខ្យល់ និងសម្ភារបរិក្ខារពេទ្យមួយចំនួនទៀត (ពិសេសគ្រែលើកអ្នកជំងឺមានគម្រប ដែលមានបំពាក់នូវឧបករណ៍បន្សុទ្ធខ្យល់ ដើម្បីការពារការសាយភាយខ្យល់មិនល្អចេញមកក្រៅ [កូវីដ១៩]) ខណៈឧបករណ៍ទាំងអស់នេះកំពុងមានតម្រូវការយ៉ាងច្រើននៅលើពិភពលោក ពិសេសក្នុងបរិបទនៃការឆ្លងរាលដាលជំងឺផ្លូវដង្ហើមកូវីដ១៩ និងការប្រែប្រួលបរិស្ថាន។
លោក ឡុង ឌីម៉ង់ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា ភាពអំណោយផលនៃសក្តានុពលភូមិសាស្ត្រ កម្លាំងពលកម្មជំនាញសម្បូរបែប នយោបាយមានស្ថិរភាពល្អ និងភាពល្អប្រសើរនៃច្បាប់វិនិយោគបានធ្វើឲ្យវិនិយោគិនកូរ៉េកាន់តែច្រើនចាប់អារម្មណ៍ចូលមកវិនិយោគនៅកម្ពុជា ដែលនេះក៏ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកូរ៉េ New Southern policy ផងដែរ។
លោកបន្ថែមថា បញ្ហាជម្លោះផ្នែកពាណិជ្ជកម្មរវាងចិន និងអាមេរិក និងការរីករាលដាលកូវីដ ១៩ ក៏ជាផ្នែកមួយជួយជំរុញវិនិយោគិនកូរ៉េឲ្យមកកម្ពុជាផងដែរ។
ទាក់ទងនឹងក្រុមហ៊ុន Person & People Group លោកប្រាប់ថា បន្ទាប់ពីជួបគ្នាច្រើនលើករួចមក ថ្នាក់ដឹកនាំក្រុមហ៊ុនប្រាប់ថា ពួកគេចាប់អារម្មណ៍ខ្លាំងក្នុងការចូលមកបើករោងចក្រផលិតនៅកម្ពុជា ដើម្បីសម្រាប់បង្កើនសមត្ថភាពផលិតកម្ម និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
លោកថ្លែងថា៖ «មកដល់ពេលនេះខ្ញុំជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុននេះ ៣ លើករួចមកហើយ ដើម្បីពន្យល់ពួកគាត់ពីឱកាស សក្តានុពល និងភាពអំណោយផលនៃច្បាប់វិនិយោគនៅកម្ពុជា។ ពួកគេចាប់អារម្មណ៍ខ្លាំងចំពោះកម្ពុជា»។
បើយោងតាមលោក ឌីម៉ង់ បច្ចុប្បន្នក្រុមហ៊ុន Person & People Group កំពុងដំណើរការផលិតឧបករណ៍ទាំងនេះក្នុងប្រទេសកូរ៉េផ្ទាល់តែម្តង។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបាននិយាយថា កូរ៉េ និងជប៉ុន ជាប្រទេសប្រហាក់ប្រហែលគ្នាគឺមុននឹងចូលទៅបណ្តាក់ទុននៅប្រទេសណាពួកគេតែងសិក្សាយ៉ាងលម្អិតទៅលើស្ថានភាពនយោបាយ និងច្បាប់វិនិយោគ ខណៈបច្ចុប្បន្នកម្ពុជាជាប្រទេសទទួលបានភាពអនុគ្រោះផ្នែកពន្ធ សម្រាប់ការនាំចេញទៅទីផ្សារធំៗ ដូចជាអាមេរិក អឺរ៉ុប និងចិន។ លោកបានបន្តថា ការបណ្តាក់ទុននៅកម្ពុជាពីសំណាក់ក្រុមហ៊ុនបរទេសអាចធ្វើឲ្យគេទទួលបានប្រាក់ចំណេញកាន់តែច្រើន ខណៈប្រាក់ឈ្នួលពលកម្មក៏មានតម្លៃថោកផងដែរ។
លោកបញ្ជាក់ថា៖ «នារយៈពេលចុងក្រោយនេះខ្ញុំសង្កេតឃើញ ចំនួនក្រុមហ៊ុនកូរ៉េចូលមកវិនិយោគនៅកម្ពុជាកើនឡើងជាលំដាប់លើគ្រប់វិស័យ ពិសេសវិស័យកសិកម្ម»។
យោងតាមស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េ បច្ចុប្បន្នការវិនិយោគផ្ទាល់របស់កូរ៉េនៅកម្ពុជា (FDI) មានតម្លៃជាង ៤,៤៧ ពាន់លានដុល្លារស្មើនឹងក្រុមហ៊ុនជាង ២០០៕