ភ្នំពេញៈ ក្រុមហ៊ុន ​Reitman ដែល​ជា​ក្រុមហ៊ុន​លក់​រាយ​សម្លៀក​បំពាក់​របស់​ប្រទេស កាណាដា​ គ្រោង​នឹង​បង្កើន​ការ​បញ្ជា​ទិញ​សម្លៀក​បំពាក់​ពី​កម្ពុជា​​សម្រាប់​ឆ្នាំ ២០១៩-២០២០ ឲ្យ​​បាន​រហូត​ដល់​​ចំនួន​ជាង ​៩១ ​លាន​ដុល្លារ។ នេះ​បើ​យោង​តាម​​​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។

គម្រោង​បង្កើន​ការ​បញ្ជា​ទិញ​នេះ​ត្រូវ​​បាន​លើក​ឡើង​ដោយ​តំណាង​ក្រុមហ៊ុន Reitman ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​របស់​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​​លោក ឱក ប៊ុង រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម កាល​ពី​សប្តាហ៍​មុន។

លោក Gary Ross ប្រធាន​ក្រុមហ៊ុន Reitman បាន​បង្ហាញ​សុទិដ្ឋិនិយម ចំពោះ​វឌ្ឍនភាព​នៃ​ឧស្សាហកម្ម​កាត់​ដេរ​នៅ​កម្ពុជា និង​​វិធានការ​ថ្មីៗ​​របស់​​​រដ្ឋាភិបាល ដើម្បី​ពង្រឹង​ភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា តាមរយៈ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ទ្បើង​នូវ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ។

Reitman ​គឺ​ជា​ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀក​បំពាក់​ដ៏​ធំ​របស់​កាណាដា ដែល​បាន​ធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ជាមួយ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ ២០០២-២០០៣។

កាល​ពី​ឆ្នាំ ២០១៦ ក្រុមហ៊ុន​មួយ​នេះ​បាន​បញ្ជា​ទិញ​ផលិតផល​សម្លៀក​​បំពាក់​ពី​រោងចក្រ​ចំនួន ១៤ ​នៅ​កម្ពុជា​ក្នុង​តម្លៃ​​ទឹក​ប្រាក់ ៦៦ លាន​ដុល្លារ​។

លោក ឱក ប៊ុង រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​និយាយ​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស ​កម្ពុជា និង​កាណាដា មាន​ភាព​ល្អ​ប្រសើរ​ជា​បន្តបន្ទាប់​។

ជាមួយ​នឹង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ល្អ​ប្រសើរ​ជាមួយ​បណ្តា​ប្រទេស​​នានា​លើ​ពិភព​លោក ការ​នាំចេញ​ទំនិញ​ពី​ប្រទេស ​កម្ពុជា ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ មាន​កំណើន​យ៉ាង​ខ្ពស់​ក្នុង​រយៈពេល ​២ ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ដោយ​កើន​ពី​​ ​១ ពាន់​​លាន​ដុល្លារ កាល​ពី​ឆ្នាំ​ ​២០០១ ដល់​ ១៣ ពាន់​​លាន​ដុល្លារ​ ក្នុង​ឆ្នាំ ​២០១៨។

លោក​បន្ត​ថា ទន្ទឹម​នឹង​កំណើន​ខាង​លើ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្តេជ្ញា​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​បន្ត​គាំទ្រ​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​ឡើង​នៅ​កម្ពុជា (BFC) របស់​អង្គការ​ការងារ​​អន្តរជាតិ (ILO) ដើម្បី​លើក​ស្ទួយ​លក្ខខណ្ឌ​​ការងារ​នៅ​ក្នុង​ឧស្សាហកម្ម​វាយនភណ្ឌ និង​កាត់​ដេរ​សម្លៀក​បំពាក់។

លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​ប្រាប់​ថា ​កាណាដា គឺ​ជា​ទីផ្សារ​​ធំ​មួយ​ក្នុង​ចំណោម​ទីផ្សារ​ធំៗ​​សម្រាប់​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា​ ដែល​មាន​ដូច​ជា អឺរ៉ុប អាមេរិក និង​ជប៉ុន​។

ការ​នាំ​សម្លៀក​បំពាក់​ពី​កម្ពុជា ​ទៅ​ប្រទេស ​កាណាដា សរុប​មាន​តម្លៃ​ប្រមាណ​ ៣០០-៤០០ ​លាន​ដុល្លារ​ក្នុង ​១ ​ឆ្នាំ​។

លោក​ថ្លែង​ថា៖​«​ប្រសិន​បើ​ផែនការ​នេះ​​អាច​សម្រេច​ទៅ​បាន​នោះ​ វា​នឹង​ចូលរួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា»។​

លោក​ប្រាប់​ទៀត​ថា ការ​នាំ​សម្លៀក​បំពាក់​ទៅ​ប្រទេស ​កាណាដា ក៏​ទទួល​បាន​ការ​អនុគ្រោះ​ដោយ​មិន​មាន​បង់​ពន្ធ​គយ​ផង​ដែរ​។

កាល​ពី​ឆ្នាំ ​២០១៨ ការ​នាំចេញ​​​ក្នុង​វិស័យ​​កាត់​ដេរ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​នៅ​​​កម្ពុជា​មាន​តម្លៃ​ប្រមាណ​ ​១០ ​​ពាន់​លាន​ដុល្លារ៕ LA