ស៊េអូលៈ ក្រុមហ៊ុន Samsung Electronics បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​រំពឹងថា ប្រាក់ចំណេញ​ប្រតិបត្តិការ​នឹង​ធ្លាក់ចុះ​ជាង​ ៥០ ​ភាគរយ​ នៅ​ត្រីមាស​ទី​ ៣ ដោយសារ​តែ​ការធ្លាក់ចុះ​ជា​បន្ត​នៅលើ​​ទីផ្សារ​បន្ទះ​ឈីប​ពិភពលោក​។

ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន និង​បន្ទះ​ឈីប​អង្គ​ចងចាំ (memory Chips) ​ឈានមុខ​គេ​របស់​ពិភពលោក​មួយ​នេះ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ប្រាក់ចំណេញ​ប្រតិបត្តិការ​សម្រាប់​ខែ​កក្កដា​ដល់​ខែ​កញ្ញា​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើនឡើង​ដល់​ ៧,៧ ​ពាន់​ពាន់​លាន​វ៉ុន (៦,៤ ​ពាន់​លាន​ដុល្លារ​) ធ្លាក់ចុះ​ ៥៦,២ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។

នេះ​វា​បង្ហាញ​ពី​ការធ្លាក់ចុះ​ ៤ ​ត្រីមាស​ជាប់​គ្នា​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ប្រទេស​កូរ៉េខាងត្បូង​មួយ​នេះ​ដែល​បាន​កត់ត្រា​ការធ្លាក់ចុះ​ប្រាក់ចំណេញ​ក្នុង​គ្រា​ដែល​ការធ្លាក់ចុះ​តម្លៃ​ឧបករណ៍​ពាក់កណ្ដាល​ចម្លង និង​តម្រូវការ​ចុះខ្សោយ​សម្រាប់​ឧបករណ៍​ចល័ត​របស់​ខ្លួន​។

ការលក់​នៅ​ត្រីមាស​ទី​ ៣ ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​ដល់​ប្រហែល​ ៦២ ​ពាន់​ពាន់​លាន​វ៉ុន​ធ្លាក់​ចុះ​ ៥,៣ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ក្រុមហ៊ុន​ Samsung បដិសេធ​បង្ហាញ​ប្រាក់ចំណេញ​សុទ្ធ និង​ប្រតិបត្តិការ​អាជីវកម្ម​តាម​វិស័យ​រហូត​ដល់​ខ្លួន​ចេញ​ផ្សាយ​របាយការណ៍​ប្រាក់​ចំណេញ​ចុងក្រោយ​របស់​ខ្លួន​ដែល​ត្រូវ​រំពឹងថា​នឹង​ចេញផ្សាយ​នៅ​ចុងខែ​នេះ​។

តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Samsung បាន​កើនឡើង​ ១ ​ភាគរយ​ នៅក្នុង​ការជួញដូរ​ពេលព្រឹក​កាលពី​ថ្ងៃ​អង្គារ​នៅ​ផ្សារហ៊ុន​សេអ៊ូល​។

Samsung Electronics គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ដ៏សំខាន់​របស់​ក្រុមហ៊ុន Samsung Group ជា​ក្រុមហ៊ុន​ពហុ​ផលិតផល​គ្រប់គ្រង​ដោយ​គ្រួសារ​ធំជាងគេ គ្របដណ្ដប់​ពាណិជ្ជកម្ម​នៅក្នុង​ក្រុមហ៊ុន​ឈានមុខ​គេ​ទី​​ ១១ ​របស់​ពិភពលោក និង​សំខាន់​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​។

ក្រុមអ្នកវិភាគ​បានបង្ហាញ​សុទិដ្ឋិនិយម​ក្នុង​រយៈពេល​ជាច្រើន​ខែ​ខាង​មុខ​នេះ ដោយ​កត់សម្គាល់​ថា​ការធ្លាក់ចុះ​កម្រិត​ស្ដុក​សម្រាប់​ឧបករណ៍​ពាក់កណ្ដាល​ចម្លង​ដែល​មាន​ចំនួន​ជាង​ពាក់កណ្ដាល​នៃ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​នឹង​ជួយ​ធ្វើឲ្យ​មាន​ស្ថិរភាព​ដល់​តម្លៃ​បន្ទះឈីប បន្ទាប់ពី​ការធ្លាក់ចុះ​ ២ ​ខ្ទង់​នៅ​ឆ្នាំនេះ​។

គូប្រកួត​ប្រជែង​នៅក្នុង​វិបត្តិ

ការប៉ាន់ប្រមាណ​សម្រាប់​ត្រីមាស​ទី​ ៣ ​នេះ​បានបង្ហាញ​ការកើនឡើង​បន្តិច​ពី​ខែ​មេសា​ដល់​ខែ​មិថុនា​ដែល​ក្រុមអ្នកវិភាគ​បាន​សន្មត​ថា ភាគច្រើន​ដោយសារ​តែ​ការកើនឡើង​ផ្នែក​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​។

ក្រុមហ៊ុន​នេះ​បាន​ចេញលក់​ទូរស័ព្ទ Note 10 ដ៏សំខាន់​របស់ខ្លួន​ដែល​តភ្ជាប់​បណ្ដាញ 5G ល្បឿន​លឿន​បំផុត​កាលពី​ខែសីហា ដែល​ក្រុមអ្នកវិភាគ​ឲ្យ​ដឹងថា​បាន​លក់​ប្រសើរ​ជាង​ម៉ូដែល​ទូរស័ព្ទ​លើក​មុន​របស់​ខ្លួន​ដើម្បី​ផ្ដល់​ដល់​ក្រុមហ៊ុន Samsung នូវ​ការជំរុញ​ដែល​ត្រូវការ​ខ្លាំង​បំផុត​។

លោក Tom Kang នាយក​ស្រាវជ្រាវ​នៅ​ក្រុមហ៊ុន Counterpoint Research បាន​ថ្លែងថា​៖ «​ទូរស័ព្ទ​ត្រកូល Note ជាធម្មតា​ត្រូវ​បាន​ចេញលក់​កាលពី​ខែ​សីហា ឬ​ខែកញ្ញា និង​លក់​បាន​ល្អប្រសើរ​រហូត​ដល់​ខែ​ធ្នូ ដូច្នេះ​ខ្ញុំ​រំពឹង​ថា តម្រូវការ​នឹង​បន្ត​រហូត​ដល់​ត្រីមាស​ទី​ ៤»​។

ក្រុមហ៊ុន Samsung បាន​ទាក់ទាញ​អ្នកប្រើប្រាស់​មាន​ប្រាក់​ច្រើន​ជាមួយ​នឹង​ការចាប់ផ្ដើម​លក់​ទូរស័ព្ទ​ស្មាតហ្វូន​ដែលអាច​បត់​បាន​លើកដំបូង​របស់​ខ្លួន​កាលពី​ខែ​មុន ប៉ុន្តែ​បន្ទាប់ពី​មាន​បញ្ហា​អេក្រង់​បាន​បង្ខំ​ឲ្យ​មាន​ការពន្យារពេល​គួរ​ឲ្យ​អាម៉ាស់​កាលពី​ខែ​មេសា​។

ទីផ្សារ​ស្មាតហ្វូន​តម្លៃ​ខ្ពស់​បាន​បង្កើន​ការប្រកួតប្រជែង​យ៉ាង​ខ្លាំង ហើយ​ការលក់​ជារួម​បាន​ធ្លាក់ចុះ​ដោយសារ​តែ​កង្វះ​នវានុវត្តន៍​ដ៏សំខាន់​បាន​បណ្ដាល​ឲ្យ​ប្រជាជន​ត្រូវ​រង់ចាំ​កាន់តែ​យូរ មុនពេល​ការធ្វើឲ្យ​ប្រសើរឡើង​ចំពោះ​ម៉ូដែល​ថ្មីៗ​»​។

ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​មួយ​នេះ នាំមុខ​ទីផ្សារ​ទូរស័ព្ទ​ស្មាតហ្វូន​ពិភពលោក​ជាមួយ​នឹង​ចំណែក​ ២៣ ​ភាគរយ ​នៃ​វិស័យនេះ​ដែល​តាម​ពី​ក្រោយ​ដោយ​ក្រុមហ៊ុន​ប្រកួតប្រជែង​របស់​ប្រទេស​ចិន​ដូចជា​ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន Oppo ខណៈ​ក្រុមហ៊ុន Apple ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​ ៤​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​តាមដាន​ការលក់ IHS Markit ។

លោកស្រី Sujeong Lim អ្នកវិភាគ​នៅ​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Samsung ក៏បាន​ទាញ​យក​ផលប្រយោជន៍​ពី​ការហាមឃាត់​ពាណិជ្ជកម្ម​អាមេរិក​ប្រឆាំង​នឹង​ក្រុមហ៊ុន Huawei «​ដែល​ជំនួស​ដៃគូ​ប្រកួតប្រជែង​ដែល​កំពុង​ស្ថិត​ក្នុង​វិបត្តិ​» ជាមួយ​នឹង​ទូរស័ព្ទ Galaxy A កម្រិត​តម្លៃ​មធ្យម​ដល់​តម្លៃ​ទាប​របស់​ខ្លួន​។

តម្រូវការ​កើនឡើង​សម្រាប់​បន្ទះ​អេក្រង់ OLED របស់​ក្រុមហ៊ុន Samsung ដែល​ប្រើប្រាស់​នៅលើ​ទូរស័ព្ទ​ដោយ​ក្រុមហ៊ុន​ប្រកួតប្រជែង​រួមទាំង​ទូរស័ព្ទ iPhone 11 ថ្មី​របស់​ក្រុមហ៊ុន Apple ផង​នោះ​ត្រូវ​បាន​រំពឹងថា​នឹង​ជួយ​បង្កើន​ប្រាក់ចំណេញ​ប្រចាំ​ត្រីមាស​របស់​ក្រុមហ៊ុន​នេះ​ផង​ដែរ​។

ក្រុមហ៊ុន Samsung បាន​ជាប់​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជប៉ុន និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​កើត​ចេញ​ពី​បញ្ហា​ជម្លោះ​អតីតកាល​នៃ​សង្គ្រាម​លោក​លើកទី​ ២​។

ជម្លោះ​នេះ​បាន​នាំ​ឲ្យ​ទីក្រុង​តូក្យូ​ដាក់​ការរឹតបន្តឹង​កាន់តែ​ខ្លាំង​លើ​ការនាំចេញ​ដ៏សំខាន់​ចំពោះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈាន​មុខ​គេ​របស់​ប្រទេស​កូរ៉េខាងត្បូង​មួយ​នេះ​កាលពី​ខែ​កក្កដា ហើយ​លោក Lee Jaeyong អនុប្រធាន​ក្រុមហ៊ុន Samsung ដែល​បាន​ហៅ​ស្ថានការណ៍​នេះ​ថា​ជា «​វិបត្តិ​» មួយ​បាន​ទស្សនកិច្ច​ទីក្រុង​តូក្យូ ដើម្បី​ទទួល​បាន​វត្ថុធាតុដើម​ទាំង​នោះ​មក​ប្រើ​វិញ​។

បន្ថែម​លើ​ការបារម្ភ​របស់​ក្រុមហ៊ុន Samsung ដដែល​នេះ​លោក Lee នៅពេល​ថ្មីៗ​នេះ​កំពុង​ប្រឈម​នឹង​ការកាត់ទោស​ជាថ្មី​លើ​តួនាទី​របស់​លោក​នៅក្នុង​រឿងអាស្រូវ​អំពើពុករលួយ​ដ៏ធំ​មួយ​ដែល​បាន​ធ្វើឲ្យ​លោកស្រី Park Geun-hye អតីតប្រធានាធិបតីបាត់បង់តំណែង៕ LA​