ភ្នំពេញៈ សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន ១ ​នឹង​ក្លាយជា​ក្រុមហ៊ុន​លើកដំបូង​ត្រូវបាន​ចុះបញ្ជី​មូលបត្រ​របស់ខ្លួន​នៅលើ​ផ្សារ​កំណើន​នៃ​ក្រុមហ៊ុន​មូលបត្រ​កម្ពុជា​ (CSX) ចាប់តាំងពី​ទីផ្សារ​កំណើន​មួយ​នេះ​ត្រូវ​បាន​ដាក់ឱ្យ​ដំណើរការ​កាលពី​ឆ្នាំ​ ២០១៥ បន្ទាប់ពី CSX ទើប​ទទួល​បាន​ការអនុម័ត​ជា​គោលការណ៍​សម្រាប់​ការបោះផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​។

លោក Jon Weon Ha អនុប្រធាន CSX បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ២២ ខែមីនា​ថា CSX ​ទើប​យល់ព្រម​ជា​គោលការណ៍​ដល់​ SME ​មួយ​លើ​លទ្ធភាព ចុះបញ្ជី​របស់​ពួកគេ ខណៈ​ដែល SME ជាច្រើន​ផ្សេងទៀត​កំពុង​រៀបចំ​ផែនការ​ចុះបញ្ជី​។

លោក​បញ្ជាក់​៖ «​បច្ចុប្បន្ន យើង​ទើបបាន​ផ្ដល់​ការយល់ព្រម​ជា​គោលការណ៍​លើ​ការត្រួតពិនិត្យ​លទ្ធភាព​ចុះបញ្ជី​ដល់ SME ​មួយ ហើយ​នឹង​ប្រកាស​តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​ពេល​ឆាប់ៗ​នេះ​»​។ ទោះយ៉ាងណា លោក​បាន​បដិសេធ​បង្ហាញ​ឈ្មោះ និង​ក្រុមហ៊ុន​ប្រភេទ​អ្វី និង​ថា តើ​ប្រាក់​ចំនួន​ប៉ុន្មាន​ដែល​ក្រុមហ៊ុន​មួយ​នឹង​ប្រមូលបាន​?

លោក​លើកឡើង​ថា​៖ «​ខ្ញុំ​គិតថា វា​ឆាប់​ពេក​មិនអាច​បង្ហាញថា នៅពេល​ណា​ពួកគេ​នឹង​ចុះបញ្ជី និង​ថា​តើ​ពួកគេ​បោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ​ (IPO) ដើម្បី​ប្រមូល​មូលនិធិ​ចំនួន​ប៉ុន្មាន​នោះទេ​។ ខ្ញុំ​គិតថា ក្រុមហ៊ុន​ SME ​នេះ​នឹង​បើកផ្លូវ ​ឬ​នឹង​ក្លាយជា​ក្រុមហ៊ុន​គំរូ​ដ៏ល្អ​មួយ​សម្រាប់​ទាក់ទាញ SME ផ្សេងទៀត​ពិចារណា​លើ​ការប្រមូល​មូលនិធិ​សម្រាប់ ការពង្រីក​អាជីវកម្ម​របស់​ពួកគេ​តាមរយៈ IPO»​។

លោក ស៊ូ សុជាតិ អគ្គនាយក​និយតករ​មូលបត្រ​កម្ពុជា (SECC) បានឱ្យ​ដឹងថា ក្រុមហ៊ុន​នេះ​កំពុង​រៀបចំ​ដំណើរការ​ដើម្បី​អនុលោម​តាម​លក្ខខណ្ឌ​តម្រូវ​ចុះបញ្ជី ប៉ុន្តែ​លោក​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​អំពី​ក្រុមហ៊ុន​ទាំង​ ២ ​នេះ​ទេ​។

CSX ​បាន​ជម្នះ​ក្នុង​ការទាក់ទាញ​បាន​ SME ​ឱ្យ​មក​ចុះបញ្ជី​បោះផ្សាយ​លើ​ផ្សារ​នេះ​ចាប់​តាំងពី​ការដាក់​ឱ្យ​ដំណើរការ​ទីផ្សារ​កំណើន​របស់ខ្លួន​កាលពី​ចុងឆ្នាំ​ ២០១៥​។ យោងតាម​បទប្បញ្ញត្តិ SECC ក្រុមហ៊ុន​នានា​ត្រូវ​តម្រូវ​ឱ្យមាន​ប្រាក់​អប្បបរមា ចំនួន​ ៥០០ ០០០ ​ដុល្លារ ​ជា​មូលធន​ប្រតិបត្តិការ​ដើម្បី​ចុះបញ្ជី​ធៀប​នឹង​ ៧,៥ ​លាន​ដុល្លារ​នៅលើ​ផ្សារគោល​។

ក្រុមហ៊ុន​ដែល​ចុះបញ្ជី​នៅ​ផ្សារ​កំណើន​មួយ​នេះ​ក៏ត្រូវ​តម្រូវឱ្យ​ចេញផ្សាយ​លទ្ធផល​ហិរញ្ញវត្ថុ​ដែល​បានធ្វើ​សវនកម្ម​រួច​រយៈពេល​ ១ ​ឆ្នាំ​ធៀប​នឹង​រយៈពេល​ ២ ​ឆ្នាំ​ដែល​តម្រូវ​សម្រាប់​ក្រុមហ៊ុន​ធំៗ​ដែល​ចុះបញ្ជី​នៅលើ​ទីផ្សារ​គោល​។

លើសពីនេះ លទ្ធផល​នេះ​ត្រូវតែ​បង្ហាញ​ប្រាក់ចំណេញ​វិជ្ជមាន ឬ​លំហូរ​សាច់ប្រាក់​ប្រតិបត្តិការ​វិជ្ជមាន ជាមួយ​នឹង​កម្រិត​ប្រាក់ចំណេញ​ដុល​យ៉ាងហោច​ណាស់​ ១០ ​ភាគរយ​។

យោងតាម​លោក Mr. Ha ក្រុមហ៊ុន SME ទាំងនោះ​ក៏​នឹង​ទទួលបាន​ការលើកទឹកចិត្ត​ពន្ធ​មួយចំនួន​រយៈពេល​ ៣ ​ឆ្នាំ​សម្រាប់​ក្រុមហ៊ុន​ចុះបញ្ជី​ដូច​ជា​ការកាត់កង​ពន្ធ​លើ​ប្រាក់ចំណូល ការផ្អាក​ការបង់ពន្ធ​មុន​ការទូទាត់​ប្រចាំខែ និង​ការលើកលែង​បំណុល​ពន្ធ​កន្លងមក​។

លោក​បានឱ្យ​ដឹងថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ SME មួយចំនួន​មកពី​វិស័យ​សំណង់ វិស្វកម្ម និង​អចលនទ្រព្យ កំពុងស្ថិត​ក្នុង​ដំណើរការ​រៀបចំ​ជាមួយ​ក្រុម IPO ជាពិសេស​ការធ្វើ​ការងារ​ជាមួយ​ក្រុមហ៊ុន​គណនេយ្យ​លើ​ការងារ​សវនកម្ម​។

ទិន្នន័យ CSX បង្ហាញ​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន ១៣ ​ចុះបញ្ជី​នៅលើ​ផ្សារហ៊ុន​ ១ ​នេះ​ក្នុង​នោះ​ក្រុមហ៊ុន​ ៧ បាន​ចុះបញ្ជី​ភាគហ៊ុន និង​ក្រុមហ៊ុន​ ៦ ​បាន​ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម​។ ក្រុមហ៊ុន​ទាំង​ ១៣ ​នោះ​ប្រមូល​មូលនិធិ​រួម​បាន​ ២៥៣ ​លាន​ដុល្លារ​ និង​សន្ទស្សន៍​ភាគហ៊ុន​បាន​កើនឡើង​ជាង​ ៥៧ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៩ ធៀប​នឹង​ឆ្នាំ​ ២០១៨​។

ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២០ ក្រុមហ៊ុន​ ២ ​បាន​ចុះបញ្ជី​ភាគហ៊ុន និង​ក្រុមហ៊ុន​ ៣ ​បាន​ចុះបញ្ជី​សញ្ញា​បណ្ណ​។ ក្រុមហ៊ុន​ទាំង​ ៥ ​ចុងក្រោយ​នេះ ប្រមូល​មូលនិធិ​រួម​បាន​ ៩២ ​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ CSX៕LA