ក្រុង​តូ​ក្យូៈ ក្រុម​ហ៊ុន​ទូរ​គម​នា​គមន៍ SoftBank របស់​ប្រ​ទេស​ ជប៉ុន​ នឹង​ចុះ​បញ្ជី​ក្រុម​ហ៊ុន​អា​ជីវ​កម្ម​ទូរ​ស័ព្ទ​ចល័ត​របស់​ខ្លួន​នៅ​ផ្សារ​ហ៊ុន​ក្នុង​ខែ​ក្រោយ ក្នុង​ការ​លក់​​ភាគ​ហ៊ុន​​​ដែល​អាច​ប្រ​មូល​ទឹក​ប្រាក់​បាន​ជាង ២១ ពាន់​លាន​ដុ​ល្លារ និង​ក្លាយ​ជា​ការ​បោះ​ផ្សាយ​ IP​O តម្លៃ​ខ្ពស់​បំ​ផុត​មួយ។

ក្រុម​ហ៊ុន SoftBank បាន​ឲ្យ​ដឹង​ថា ការ​បោះ​ផ្សាយ​មូល​បត្រ​លក់​ជា​សាធា​រណៈ​លើក​ដំ​បូង​ (IP​O) នេះ​នឹង​ធ្វើ​ឡើង​នៅ​ទី​ក្រុង​តូ​ក្យូ​នៅ​ថ្ងៃ​ទី​ ១៩ ខែ​ ធ្នូ ហើយ​នឹង​បោះ​ផ្សាយ​លក់​ភាគ​ហ៊ុន​ចំ​នួន ១,៦ ពាន់​លាន​ហ៊ុន​​​របស់​ក្រុមហ៊ុន​ទូរ​ស័ព្ទ SoftBank Corp ក្នុង​តម្លៃ ១ ៥០​០ យ៉េន​ (១៣ ដុ​ល្លារ) ក្នុង​មួយ​ហ៊ុន។

សារ​ព័ត៌​មាន​ក្នុង​ស្រុក​បាន​រាយ​ការណ៍​ថា ការ​លក់​ក្នុង​តម្លៃ​នេះ​នឹង​ធ្វើ​ឲ្យ​តម្លៃ​ក្រុម​ហ៊ុន​ផ្តល់​សេ​វា​ទូរ​ស័ព្ទ​មួយ​នេះ​មាន​តម្លៃ ៧,១៨ ពាន់​ពាន់​លាន​យ៉េន ហើយ​ IPO នេះ​អាច​ក្លាយ​ជា​ IPO ធំ​បំ​ផុត​មិន​ធ្លាប់​មាន​​ក្នុង​ប្រ​ទេស​ ជប៉ុន។

ក្រុម​ហ៊ុន SoftBank បាន​ប្រ​កាស​នៅ​​ខែ​កុម្ភៈ​ថា ខ្លួន​នឹង​ដំ​ណើរ​ការ​ IPO នេះ​ទៅ​មុខ បន្ទាប់​ពី​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​រាយ​ការណ៍​ពី​ផែន​ការ​​នេះ។

ក្រុម​ហ៊ុន​នេះ​បា​ន​ឲ្យ​ដឹង​ថា ការ​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​នេះ​នឹង​ផ្តល់​ឲ្យ​ក្រុម​ហ៊ុន​ខ្លួន​នូវ «ស្វ័យ​ភាព​គ្រប់​គ្រង​កាន់​តែ​ខ្លាំង​ក្នុង​ការ​អភិ​វឌ្ឍ​យុទ្ធ​សាស្រ្ត​កំ​ណើន​ផ្ទាល់​របស់​ខ្លួន»។

ស្ថិត​ក្រោម​អគ្គ​នា​យក​លោក Masayoshi Son ក្រុម​ហ៊ុន SoftBank បាន​ផ្លាស់​ប្តូរ​ពី​ក្រុម​ហ៊ុន​​ផលិត​សូហ្វ​វែរ​មួយ និង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​​ជា​ក្រុម​ហ៊ុន​​​ដែល​បាន​វិ​និ​យោគ​ទឹក​ប្រាក់​ទៅ​ក្នុង​ក្រុម​ហ៊ុន​ និង​គម្រោង​ជា​ច្រើន​នៅ​ខាង​ក្រៅ​អា​ជីវ​កម្ម​ស្នូល​របស់​ខ្លួន។

លោក Son បាន​ទិញ​ភាគ​ហ៊ុន​ក្នុង​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​មួយ​ចំនួន​រួម​ទាំង​ក្រុម​ហ៊ុន Uber, Slack, WeWork និង​Nvidia៕ AFP/KC