ក្រុងសានហ្វ្រានស៊ីស្កូៈ ក្រុមហ៊ុន Sony Interactive Entertainment កាលពី​ថ្ងៃ​ចន្ទ​បាន​ប្រកាស​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ទិញ​យក​ក្រុមហ៊ុន Insomniac Games ដែល​ជា​ស្ទូឌីយោ​ផលិត​វីដេអូ​ហ្គេម​រឿង «​មនុស្ស​ពីងពាង​» និង​រឿង « Ratchet & Clank » ដែល​លក់ដាច់​បំផុត​។

ក្រុមហ៊ុន Sony មិន​បាន​បង្ហាញ​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​នៃ​ការទិញ​នេះ​ទេ​ដែល​ការទិញ​នេះ​នឹងដាក់​ក្រុមហ៊ុន Insomniac ចូល​ទៅក្នុង​ក្រុម​ស្ទូឌីយោ​របស់ខ្លួន​ដែល​ផលិត​ហ្គេម​ផ្ដាច់មុខ​សម្រាប់​ម៉ាស៊ីន​វីដេអូ​ហ្គេម PlayStation របស់​ក្រុមហ៊ុន​គ្រឿង​អេឡិចត្រូនិក​ឈានមុខ​គេ​របស់​ប្រទេស​ជប៉ុន​មួយ​នេះ​។

លោក Shawn Layden ប្រធាន​ក្រុមហ៊ុន Sony Interactive Entertainment Worldwide Studios បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​ក្រុមហ៊ុន Insomniac Games គឺជា​ស្ទូឌីយោ​មួយ​ក្នុង​ចំណោម​ស្ទូឌីយោ​អភិវឌ្ឍន៍​ដែល​មាន​ការទទួលស្គាល់​ខ្ពស់​បំផុត​នៅក្នុង​ឧស្សាហកម្ម​នេះ ហើយ​កេរដំណែល​ពាក់ព័ន្ធ​នឹង​ហ្គេម​របស់​ក្រុមហ៊ុន​នេះ គ្មាន​គូ​ប្រដូច​»​។

ការចូល​កាន់កាប់​ក្រុមហ៊ុន​នេះ​ដោយ Sony នឹង​ត្រូវការ​ការអនុម័ត​ផ្នែក​បទប្បញ្ញត្តិ​។

ក្រុមហ៊ុន Insomniac ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា​ត្រូវ​បាន​បង្កើតឡើង​ប្រហែល ២៥ ​ឆ្នាំ​មុន និង​បាន​ផលិត​វីដេអូហ្គេម​ដោយ​ជោគជ័យ រួមមាន​រឿង Ratchet & Clank រឿង Spyro the Dragon និង​រឿង «Resistance»​។

ស្ទូឌីយោ​នេះ​បាន​ធ្វើ​ការងារ​ជាមួយ​ក្រុមហ៊ុន Sony interactive និង​ក្រុមហ៊ុន Marvel Games លើ​ការផលិត​រឿង​មនុស្ស​ពីងពាង ដែល​លក់​បាន​ជាង ១៣,២ ​លាន​សន្លឹក​នៅ​ទូទាំង​ពិភពលោក​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន Sony​។

លោក Ted Price ស្ថាបនិក និង​ជា​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Insomniac បាន​ថ្លែងថា​៖ «​យើង​រីករាយ​នឹង​ទំនាក់ទំនង​ពិសេស​ជាមួយ PlayStation អនុវត្ត​ចាប់​តាំងពី​ការចាប់ផ្ដើម​ក្រុមហ៊ុន​របស់​យើង​»​។

លោក​បន្ត​ថា​៖ «​ភាពជា​ដៃគូ​របស់​យើង​ពង្រឹង​សក្ដានុពល​របស់​យើង ហើយ​រឿង «​មនុស្ស​ពីងពាង​» គឺជា​សក្ខីភាព​នៃ​ភាពជា​ដៃគូ​នេះ​»​។

ក្រុមហ៊ុន Sony មាន​គោលបំណង​បន្ថែម​ក្រុមហ៊ុន Insomniac ទៅក្នុង​ក្រុម​ស្ទូឌីយោ​របស់​ខ្លួន ខណៈ​ដែល​ក្រុមហ៊ុន​នេះ​រៀបចំ​ផលិត​ម៉ាស៊ីន​វីដេអូ​ហ្គេម PlayStation ជំនាន់​ថ្មី​មួយ​។

ថ្មីៗ​នេះ​ក្រុមហ៊ុន Microsoft ដែល​ជា​គូប្រជែង​របស់ Sony បាន​ដាក់​បង្ហាញ​ម៉ាស៊ីន​វីដេអូ​ហ្គេម Xbox ជំនាន់​ក្រោយ ហើយ​គ្រោង​ចេញ​លក់​ចុងឆ្នាំ​ក្រោយ​៕ LA