
អ្នកស្រី ឡុង លក្ខិណា សហស្ថាបនិកក្រុមហ៊ុន Joonaak Delivery។ សហការី
ភ្នំពេញៈ ក្រុមហ៊ុនដឹកជញ្ជូន «ជូនអ្នក» ដែលជាក្រុមហ៊ុន Startup ក្នុងវិស័យបច្ចេកវិទ្យាត្រូវបានជ្រើសរើសជាបេក្ខភាពមួយក្នុងចំណោមក្រុមហ៊ុន ១២ នៃការប្រកួតប្រជែងជុំចុងក្រោយស្តីពីសក្តានុពលក្រុមហ៊ុន Startup កម្រិតពិភពលោក នៃវេទិកា Seedstars Global នៅប្រទេស ស្វ៊ីស។ នេះបើតាមស្ថាបនិកក្រុមហ៊ុន «ជូនអ្នក» កាលពីម្សិលមិញ។
មានតែក្រុមហ៊ុន ១ ប៉ុណ្ណោះត្រូវបានជ្រើសរើសសម្រាប់តំណែងជាជយលាភី ដែលតំណែងនេះបានផ្តល់ទៅឲ្យក្រុមហ៊ុនមួយមានមូលដ្ឋាននៅប្រទេស អាហ្សង់ទីន។ បើទោះបីជាក្រុមហ៊ុន «ជូនអ្នក» មិនបានទទួលជយលាភីលេខ ១ តែការឈានដល់ជុំចុងក្រោយ គឺជាសមិទ្ធផលល្អ ដោយសារថា ក្រុមហ៊ុន Startup ក្នុងវិស័យបច្ចេកវិទ្យា ៨ ០០០ ក្រុមហ៊ុនមកពី ៧៥ ប្រទេសបានដាក់ពាក្យចូលរួមក្នុងព្រឹតិ្តការណ៍ប្រជែងនេះ ហើយក្រុមហ៊ុន ៩០០ ត្រូវបានសម្រិតសម្រាំងបឋមនៅតាមប្រទេសទាំង ៧៥ មុននឹងត្រូវជម្រុះជាបន្តបន្ទាប់នៅក្នុងវេទិកា Seedstars Global។
អ្នកស្រី ឡុង លក្ខិណា សហស្ថាបនិកក្រុមហ៊ុន Joonaak Delivery បានលើកឡើងថាការត្រូវបានជ្រើសរើសជាបេក្ខភាពចុងក្រោយ ១២ នៃជុំចុងក្រោយនៅក្នុងវេទិកានេះបានធ្វើឲ្យវិនយោគិនសក្តានុពលលើឆាកអន្តរជាតិបានស្គាល់ពីក្រុមហ៊ុនកម្ពុជា និងទាក់ទាញការចាប់អារម្មណ៍របស់ពួកគេឲ្យស្វែងយល់ពីភាពច្នៃប្រឌិតក្នុងអាជីវកម្ម និងសក្តានុពលលូតលាស់របស់ក្រុមហ៊ុន Startup នៅកម្ពុជា។
អ្នកស្រីបន្តថា៖ «យើងរំពឹងថា សមទ្ធិផលនេះនឹងជួយឲ្យយើងកាន់តែរីកចម្រើនទៅមុខទៀត និងងាយស្រួលក្នុងការកៀរគរទុនបន្ថែមដើម្បីពង្រីកផលិតកម្ម»។
ក្រុមហ៊ុនដឹកជញ្ជូន «ជូនអ្នក» ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៥ ដែលជាក្រុមហ៊ុនផ្តល់សេវាចែកចាយទំនិញ និងឯកសារផ្សេងៗ។
យោងតាមអ្នកស្រី លក្ខិណា គិតមកទល់ពេលនេះ ក្រុមហ៊ុនបានផ្តល់ការងារសរុប ៤០ នាក់ ដែលកើនពី ២១ នាក់កាលពីឆ្នាំ ២០១៥។
ក្រុមហ៊ុនមកពីអាហ្សង់ទីនដែលជាក្រុមហ៊ុនតែ ១ គត់ដែលទទួលជយលាភី គឺជាក្រុមហ៊ុន Blended ដែលបង្កើតទម្រង់បច្ចេកវិទ្យាមួយសម្រាប់ផ្តល់សេវាទំនាក់ទំនងរវាងគ្រូ និងឪពុកម្តាយសិស្ស។ ក្រុមហ៊ុននេះបានទទួលដើមទុន ៥០ ម៊ឺនដុល្លារភ្លាមៗពីក្រុមហ៊ុនវិនិយោគ។
លោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមាគមន៍ ដែលបានដឹកនាំក្រុមពាណិជ្ជករ Startup ពីកម្ពុជាចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ បានលើកឡើងថាការឈានដល់ដំណាក់កាលនៃការប្រកួតប្រជែងជុំចុងក្រោយបន្ទាប់ពីឆ្លងកាត់ការជ្រើសរើសជាច្រើនដំណាក់កាលពីការវិវត្តល្អមួយសម្រាប់ក្រុមហ៊ុន Startup នៅកម្ពុជា។
លោកបន្ថែមថា ការវិវត្តនេះស្របតាមគោលដៅរបស់រដ្ឋាភិបាលក្នុងការប្រែក្លាយសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថល ដើម្បីឆ្លើយតបបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។
លោកថ្លែងថា៖ «រដ្ឋាភិបាលកម្ពុជានឹងបន្តលើកទឹកចិត្តជំរុញ និងកៀរគរ Tech Startups កម្ពុជាបន្ថែមទៀតដើម្បីចូលរួមនិងទទួលជយលាភីក្នុងកម្មវិធីប្រកួតប្រជែងបែបនេះបន្តទៀត»៕