ភ្នំពេញៈ ក្រុមហ៊ុន Sumitronics Manufacturing (Cambodia) ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ផលិត​ឧបករណ៍​អគ្គិសនី​ឈានមុខ​គេ Sumitronics Corp របស់​ប្រទេស​ជប៉ុន​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រតិបត្តិការ​រោងចក្រ​របស់ខ្លួន​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស Poi Pet PP សម្រាប់​ការពង្រីក​ផលិតកម្ម​ក្នុង​តំបន់​។

ក្រុមហ៊ុន Sumitronics Manufacturing (Cambodia) ដែល​ការវិនិយោគ​សរុប​មានតម្លៃ​ប្រហែល ១១ ​លាន​ដុល្លារ​បានចាប់ផ្ដើម​ដំណើរការ​កាលពី​ថ្ងៃ​ចន្ទ​នៅលើ​ផ្ទៃដី​ជួល​ទំហំ ១០ ០០០ ម៉ែត្រការ៉េ​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស Poi Pet PP​។ ក្នុងនោះ​រោងចក្រ​គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ ៤ ៨០០ ម៉ែត្រការ៉េ និង​ផ្ដល់​ការងារ​ដល់​កម្មករ ​១២០ ​នាក់​។

លោក Mifune Noriya នាយក​ក្រុមហ៊ុន Sumitronics Manufacturing (Cambodia) បាន​ឲ្យ​ដឹង​ក្នុង​ការបើក​ដំណើរការ​រោងចក្រ​នេះ​ថា កាលពី​ខែ​សីហា ឆ្នាំ​ ២០១៦ ក្រុមហ៊ុន​ទទួល​បាន​ការយល់ព្រម​ចុះបញ្ជី​អាជីវកម្ម​ដើម្បី​ចាប់ផ្ដើម​ការផលិត​គ្រឿង​ផ្គុំ និង​ឧបករណ៍​អេឡិចត្រូនិក​ថ្មី​។ លោក​បាន​ឲ្យ​ដឹងថា​ ក្នុង​រយៈពេល ៣ ឆ្នាំ​កន្លង​មក ក្រុមហ៊ុន​កំពុង​ធ្វើការងារ​លើ​ការសាងសង់​អគារ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ហើយ​នៅពេល​នេះ​ក្រុមហ៊ុន​បាន​បញ្ចប់​ការសាងសង់​សម្រាប់​ការផលិត​ហើយ​។

លោក​ថ្លែងថា​៖ «​យើង​បាន​បញ្ចប់​ការសាងសង់​រោងចក្រ​នេះ​នៅ​ខែ​ឧសភា​ឆ្នាំនេះ និង​បានចាប់ផ្ដើម​ការផលិត​នៅក្នុង​រោងចក្រ​ថ្មី​កាលពី​ខែមិថុនា​។ វា​មាន​រយៈពេល ៣ ​ឆ្នាំ​ចាប់តាំងពី​យើង​បាន​ចូលមក​ក្រុង​ប៉ោយប៉ែត​របស់​ប្រទេស​កម្ពុជា ហើយ​ទីបំផុត​យើង​បាន​បញ្ចប់​ការសាងសង់​រោងចក្រ​ផ្ទាល់ខ្លួន​របស់​យើង​។ នៅពេល​នេះ​យើង​បាន​ចូលរួម​ក្នុង​ការផលិត​គ្រឿង​ផ្គុំ​អេឡិចត្រូនិក និង​ឧបករណ៍​អេឡិចត្រូនិក​ដោយ​ពេញលេញ​»​។

លោក​បញ្ជាក់ថា​៖ «​ដោយមាន​កិច្ចសហប្រតិបត្តិការ​របស់​សហគមន៍​មូលដ្ឋាន ខ្ញុំ​សង្ឃឹមថា ការណ៍​នេះ​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម និង​ឧស្សាហកម្ម​ផលិតកម្ម​នៅ​កម្ពុជា និង​ជប៉ុន​»​។

លោក Masahiro Mikami ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​បាន​ឲ្យ​ដឹងថា ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់​របស់​កម្ពុជា​ចំនួន ៧ ភាគរយ​ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ និង​មាន​ទីតាំង​ភូមិសាស្ដ្រ​ជា​យុទ្ធសាស្ដ្រ​នៅ​ចំណុចកណ្ដាល​ច្រក​របៀប​សេដ្ឋកិច្ច​ភាគខាងត្បូង​ដែល​តភ្ជាប់​ទីក្រុង​បាងកក និង​ទីក្រុង​ហូជីមិញ​តំបន់​នេះ​ទាក់ទាញ​ការវិនិយោគ​ខ្លាំង​បំផុត​សម្រាប់​ក្រុម​វិនិយោគិន​បរទេស​។

លោក​បាន​មាន​ប្រសាសន៍​បន្តថា​៖ «​តាម​ចក្ខុវិស័យ​នៃ​អត្ថប្រយោជន៍​ភូមិសាស្ដ្រ ក្រុមហ៊ុន​បរទេស​កំពុង​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​ការវិនិយោគ​។ អាស្រ័យ​ហេតុ​នេះ​វា​ត្រូវបាន​គេ​ចាត់ទុក​ថា ជា​ទិសដៅ​វិនិយោគ​ដ៏មាន​សក្ដានុពល​សម្រាប់​ក្រុមហ៊ុន​ជប៉ុន​»​។

លោក​បន្តថា ជាមួយ​នឹង​វត្តមាន​ក្រុមហ៊ុន Sumitronics លើកដំបូង​ដែល​មាន​ទីតាំង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស Poi Pet PP ពិតណាស់​ស្ថិតក្រោម​យុទ្ធសាស្ដ្រ «​ថៃ​បូក​ ១» ដែល​ក្រុមហ៊ុន​ជប៉ុន​នឹង​ពង្រីក​នៅ​ទីនេះ​។

លោក​បាន​ថ្លែងថា​៖ «​នឹងមាន​រោងចក្រ​កាន់តែ​ច្រើន​មកពី​ប្រទេស​ថៃ ដែលមាន​ឧស្សាហកម្ម​ផលិតកម្ម​តម្លៃបន្ថែម​ខ្ពស់​មក​ពង្រីក​អាជីវកម្ម​របស់ខ្លួន និង​ចូល​មក​ប្រទេស​កម្ពុជា​របស់​ខ្លួន​។ គំរូ​អាជីវកម្ម​គឺជា​គំរូ​ឈ្នះ-ឈ្នះ សម្រាប់​ក្រុមហ៊ុន​ជប៉ុន និង​កម្ពុជា​»៕ LA