ក្រុមហ៊ុន TADA ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កក់​ការធ្វើ​ដំណើរ​ដែល​មិន​កាត់​កម្រៃជើងសា ដោយ​ផ្អែកលើ​បច្ចេកវិទ្យា Blockchain ដំបូង​បង្អស់​នៅ​អាស៊ីអាគ្នេយ៍​បាន​ប្រកាស​កាលពី​ថ្ងៃទី​ ៣ ខែ ​ធ្នូ ឆ្នាំ​ ២០១៩ អំពី​ការទទួល​បាន​ប្រាក់​វិនិយោគទុន Series A ៥ ​លាន​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន​បណ្តាក់ទុន​ឈានមុខ​គេ​របស់​ប្រទេស​កូរ៉េខាងត្បូង​មាន​ឈ្មោះថា SV Investment​។

ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​រថយន្ត​ធំជាងគេ​ ២ របស់​ប្រទេស​កូរ៉េខាងត្បូង​គឺ​ក្រុមហ៊ុន Central and SIMWON Inc.​ក៏បាន​ចូលរួម​ក្នុង​ការវិនិយោគ​នេះ​ផងដែរ​។ ការផ្តល់​ហិរញ្ញប្បទាន​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បន្ត​ពង្រីក​នៅក្នុង​ទីផ្សារ​បច្ចុប្បន្ន និង​ការអភិវឌ្ឍ​លើ​ប្រព័ន្ធ​អេកូ​ចល័ត​ដែល​បាន​បង្កើត​ទ្បើង​លើ​បច្ចេកវិទ្យា Blockchain​របស់ MVL​។

ការវិនិយោគ​នេះ​នឹងធ្វើ​ឲ្យ MVL អាចមាន​លទ្ធភាព​បង្កើន​ទុន​ក្នុង​ការពង្រីក​ទីផ្សារ​របស់​កម្មវិធី TADA ដែលជា​ផលិតផល​របស់​ MVL​។ ក្រុមហ៊ុន​សង្ឃឹមថា ទាំង​អ្នកបើកបរ និង​អ្នកជិះ​អាច​ចូលរួមចំណែក​ក្នុង​ការធ្វើ​ដំណើរ​នា​ថ្ងៃ​អនាគត​ប្រកប​ដោយ​និរន្តរភាព​។

លោក Kay Woo នាយក​ប្រតិបត្តិ​របស់ MVL មាន ប្រសាសន៍​ថា​៖ «​ការវិនិយោគ​នេះ​គឺជា​សក្ខីភាព​នៃ​ចក្ខុវិស័យ​របស់​យើង​ក្នុង​ការកសាង​ប្រព័ន្ធ​អេកូ​ចល័ត​ប្រកប​ដោយ​និរន្តរភាព និង​ភាពប្រសើរ​ជាង​មុន​។ ក្រុម​ការងារ​របស់​យើង​ប្តេជ្ញាចិត្ត​ក្នុង​ការនាំ​មក​នូវ​ផលិតផល និង​សេវាកម្ម​ដែល​មាន​ភាពច្នៃប្រឌិត​របស់​បច្ចេកវិទ្យា Blockchain ដែល​អាច​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​ដល់​សង្គម បរិស្ថាន និង​សេដ្ឋកិច្ច​នៅក្នុង​សហគមន៍​ដែល​យើង​ធ្វើ​ប្រតិបត្តិការ​។ ក្រុមហ៊ុន​សង្ឃឹម​ថា​នឹង​ប្រកាស​ផលិតផល​ថ្មី និង​ដំបូង​គេ​បង្អស់​ជាច្រើន​ទៀត​នៅក្នុង​តំបន់​នា​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​»​។

យោងតាម​ប្រសាសន៍​របស់​អ្នកនាំពាក្យ​ក្រុមហ៊ុន SV Investment បាន​ឲ្យ​ដឹងថា MVL អាច​កំណត់​នូវ​បញ្ហា​នានា​នៅក្នុង​ទីផ្សារ​ប្រព័ន្ធ​អេកូចល័ត ដើម្បី​ទាក់ទាញ​អ្នកប្រើប្រាស់​ជាច្រើន​ខុស​ពី​កម្មវិធី​កក់​ការធ្វើ​ដំណើរ​ផ្សេងៗ​ដែល​កំពុងដំណើរការ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ ពួកគេ​អាច​រក​វិធីសាស្ត្រ​ថ្មី​ដើម្បី​កសាង​ទំនាក់ទំនង​កាន់តែ​រឹងមាំ​រវាង​អ្នកផ្គត់ផ្គង់​ និង​អ្នកប្រើប្រាស់​ ។

TADA បាន​បង្ហាញ​វត្តមាន​ដំបូង​នៅ​ប្រទេស​សិង្ហបុរី​កាលពី​ខែមករា ឆ្នាំ ២០១៩ ហើយ​បន្ត​ពង្រីក​ទីផ្សារ​ទៅ​ប្រទេស​ចំនួន​ ២ ​ទៀត​គី​ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា​។ ​បើទោះ​ជា​ការបង្ហាញ​វត្តមាន​ក្នុង​រយៈពេល​ខ្លី​នៅក្នុង​ទីផ្សារ​មែន ប៉ុន្តែ TADA បាន​ចុះឈ្មោះ​អ្នកបើកបរ​បាន​ ៥ ​ម៉ឺន​នាក់​រួច​ទៅ​ហើយ​នៅ​ទូទាំង​ ៣ ​ប្រទេស​។ TADA នឹង​បន្ត​វិសាលភាព​របស់ខ្លួន​យ៉ាង​ពេញទំហឹង​នៅ​អាស៊ី​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ​នេះ​។

អំពី​ក្រុមហ៊ុន MVLLABS Pte. Ltd (MVL)

MVL ជា​ប្រព័ន្ធ​អេកូ​ចល័ត​ដែល​ផ្អែកលើ Mass vehicle Ledger incentive​ដែលមាន​មូលដ្ឋាន​លើ​បច្ចេកវិទ្យា Blockchain​។ ក្រុមហ៊ុន MVL កំពុង​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ទ្រង់ទ្រាយ​ធំ​នៃ​ចល័តភាព​តាមរយៈ​សេវាកម្ម​កក់​ការធ្វើដំណើរ​ដែល​មិន​កាត់​កម្រៃ​ជើងសារ​ដំបូងបង្អស់​នៅ​អាស៊ីអាគ្នេយ៍​គឺ​កម្មវិធី TADA ដែល​មាន​អ្នកបើកបរ​ជាង​ ៥ ​ម៉ឺន​នាក់​ និង​អ្នកប្រើប្រាស់​ច្រើន​ជាង​ ៥ ​សែន​នាក់​នៅ​ប្រទេស​សិង្ហបុរី​, វៀតណាម និង​កម្ពុជា​។

អំពី​ក្រុមហ៊ុន SV Investment

SV Investment គឺជា​ក្រុមហ៊ុន​បណ្តាក់ទុន​ដែល​បាន​បង្កើត​ទ្បើង​ក្រោម​ច្បាប់​នៃ​ការគាំទ្រ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​កាលពី​ថ្ងៃទី​ ៥ ខែ​ មេសា ឆ្នាំ​ ២០០៦​។ ចាប់តាំងពី​ការចាប់ផ្តើម​ហិរញ្ញប្បទាន​នេះ​ទឹកប្រាក់​ច្រើន​ជាង​ ៧៧០ ​លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​ដាក់​វិនិយោគ​តាមរយៈ​ការផ្តល់​ជាដើម​ទុន​។ ​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ទទួលស្គាល់​ចំពោះ​ភាព​ប្រកួតប្រជែង​របស់ខ្លួន​ក្នុងនាម​ជា​វិនិយោគិន​មូលធន​នៅក្នុង​វិស័យ​ផ្សេងៗ​ដូចជា​សុខាភិបាល​មាតិកា​វប្បធម៌​ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ព័ត៌មាន​។

អំពី​ក្រុមហ៊ុន Central

Central គឺជា​ទីផ្សារ​គ្រឿងបន្លាស់ (“AM”) ឈានមុខ​គេ​ដែល​មាន​ដៃគូ​ជាង ៣០០ នៅ​ជុំវិញ​ពិភពលោក​។ ក្នុង​នាម​ជា​ក្រុមហ៊ុន​លំដាប់​លេខ​មួយ​ដែលមាន​ចំណែក​ទីផ្សារ​ធំជាងគេ​បង្អស់​នៅក្នុង​ប្រទេស រុស្សី និង មីយ៉ាន់ម៉ា​។ ក្រុមហ៊ុន Central កំពុង​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​អាស៊ីអាគ្នេយ៍​តាមរយៈ​ការបើក​ដំណើរការ​សាខា​របស់​ខ្លួន​នៅ​ប្រទេស​វៀតណាម​។

ក្រុមហ៊ុន​នេះ​ក៏​ជា​ដៃគូ​ផលិត​ឧបករណ៍​ដើម (OEM) ដែល​ទុកចិត្ត​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ធំៗ​ច្រើន​ជាង​ ២៣ ​ដូចជា ក្រុមហ៊ុន Tesla, Byton និង​ក្រុមហ៊ុន​ជាច្រើន​ទៀត​។

អំពី​ក្រុមហ៊ុន SIMWON Inc.

SIMWON គឺជា​ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​រថយន្ត​ដែល​មាន​អតិថិជន​ធំ​បំផុត​របស់ខ្លួន​គឺ ក្រុមហ៊ុន​ផលិត​រថយន្ត​ទូទាំង​ពិភពលោក​ជាពិសេស​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​៕