ក្រុងម៉ុមបៃៈ ក្រុមហ៊ុន Total បាន​យល់ព្រម​ទិញ​ភាគហ៊ុន ៣៧,៤ ភាគរយ​នៅក្នុង​ក្រុមហ៊ុន Adani Gas របស់​ប្រទេស​ឥណ្ឌា​ដោយ​ចំណាយ ៦០០ លាន​ដុល្លារ ដើម្បី​ពង្រីក​លទ្ធភាព​របស់​ខ្លួន​ក្នុង​ចូល​ក្នុង​ប្រទេស​ដែល​ស្រេកឃ្លាន​ថាមពល​មួយ​នេះ​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​របស់​ក្រុមហ៊ុន​ទាំង​ ២ ​កាលពី​ថ្ងៃ​ចន្ទ​។

ក្រុមហ៊ុន Adani Gas ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Adani Group ដែលជា​ក្រុមហ៊ុន​ពហុផលិតផល​គឺជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចែកចាយ​ឧស្ម័ន​ធំៗ​ចំនួន ៤ ក្នុង​ទីក្រុង​របស់​ប្រទេស​ឥណ្ឌា ហើយ​គ្រោង​នឹង​បង្កើន​សេវា​របស់​ខ្លួន​ដល់​លំនៅឋាន ៦ លាន​ខ្នង និង​ស្ថានីយ​ឧស្ម័ន ១៥០០ កន្លែង ដើម្បី​ផ្គត់ផ្គង់​រថយន្ត​ក្នុង​ពេល​ ១ ​ទសវត្សរ៍​ក្រោយ​។

ស្ថិតក្រោម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន Total នឹង​ផ្ដល់​ដោយ​បើកចំហ​ដល់​ភាគ​ទុនិក​របស់​ក្រុមហ៊ុន Adani Gas ក្នុង​ការទិញ​ភាគហ៊ុន​រហូត​ដល់ ២៥,២ ភាគរយ​មុន​ពេល​ការទិញ​ភាគហ៊ុន​ដែល​នៅ​សល់​ពី​ក្រុមហ៊ុន​នេះ ដែល​នឹង​ធ្វើឲ្យ​ក្រុមហ៊ុន​បារាំង និង​ក្រុមហ៊ុន​ឥណ្ឌា​ទាំង​ ២ ​នេះ​មាន​ភាគហ៊ុន​ស្មើគ្នា​។

លោក Patrick Pouyanne ប្រធាន និង​ជា​អគ្គនាយក​ក្រុមហ៊ុន Total បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​តម្រូវការ​ថាមពល​ក្នុង​ប្រទេស​ឥណ្ឌា​មាន​ទំហំ​ធំ និង​ភាព​ចម្រុះ​គ្នា​នៃ​ថាមពល គឺជា​គន្លឹះ​មួយ​ចំពោះ​បញ្ហា​ប្រឈម​ការប្រែប្រួល​អាកាសធាតុ​»​។

លោក​បន្ថែម​ថា​៖ «​ទីផ្សារ​ឧស្ម័ន​ធម្មជាតិ​នៅ​ប្រទេស​ឥណ្ឌា​នឹង​មាន​កំណើន​រឹងមាំ ហើយ​គឺជា​កន្លែង​ដែល​គួរ​ឲ្យ​ទាក់ទាញ​មួយ​ដែល​នឹង​ធ្វើឲ្យ​ក្រុមហ៊ុន Total ក្លាយ​ជា​អ្នកដើរតួ​ក្នុង​វិស័យ​ឧស្ម័ន LNG ឈាន​មុខ​គេ​ទី​ ២ ​របស់​ពិភពលោក​»​។

ឧស្ម័ន​ធម្មជាតិ​បច្ចុប្បន្ន​ជា​ផលិតផល​មួយ​នៃ​ការប្រើប្រាស់​ថាមពល​របស់​ប្រទេស​ឥណ្ឌា​ដែល​មាន​ប្រហែល ៧ ​ភាគរយ ខណៈ​ដែល​របាយការណ៍​កាលពី​ខែ​មិថុនា​របស់​មជ្ឈមណ្ឌល​វិទ្យាសាស្ដ្រ និង​បរិស្ថាន​ឥណ្ឌា​បាន​រកឃើញ​ថា រោងចក្រ​ថាមពល​ដែល​មាន​មូលដ្ឋាន​លើ​ឧស្ម័ន​របស់​ប្រទេស​នេះ កំពុង​ដំណើរការ​ចំនួន ២៤ ភាគរយ​នៃ​សមត្ថភាព​របស់​ពួកគេ​។

ទីក្រុង​ញូវដែលី​បាន​កំណត់​ទិសដៅ​ក្នុង​ការបង្កើន​ការប្រើប្រាស់​ឧស្ម័ន​ធម្មជាតិ​ដល់ ១៥ ភាគរយ​ត្រឹម​ឆ្នាំ ២០៣០​។

លោក Gautam Adani ស្ថាបនិក​របស់​ក្រុមហ៊ុន​ពហុផលិតផល​ដែល​មាន​ចាប់ពី​ការរុករក​រ៉ែ​រហូត​ដល់​ឡូ​ជីស្ទិក​បាន​ថ្លែងថា​៖ «​ការវិនិយោគ​របស់​ក្រុមហ៊ុន Total លើ​ក្រុមហ៊ុន Adani Gas ពង្រឹង​សក្ដានុពល​ឧស្ម័ន​ធម្មជាតិ និង​តម្រូវការ​របស់​ប្រទេស​ឥណ្ឌា​»​។ លោក​បន្ថែម​ថា​៖ «​យើង​ទន្ទឹង​រង់ចាំ​ការធ្វើ​ការងារ​ជាមួយ​គ្នា​ឆ្ពោះ​ទៅ​រក​ការផ្ដល់​ចក្ខុវិស័យ​របស់​ប្រទេស​ឥណ្ឌា​សម្រាប់​ថាមពល​ស្អាត និង​បៃតង​»៕ LA