ក្រុង​ញូវយ៉កៈ កាសែត Wall Street Journal បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ពុធ​ថា ក្រុមហ៊ុន Uber ​កំពុង​ស្វែងរក​ការ​ប្រមូល​មូលនិធិ​ប្រហែល ​១០ ​ពាន់​លាន​ដុល្លារ​ជា​អ្វី​ដែល​​​នឹង​ក្លាយជា​ការ​បោះផ្សាយ​​មូលបត្រ​សាធារណៈ​លើក​ដំបូង (IPO)​ ​​ធំ​បំផុត​​​ប្រចាំ​ឆ្នាំ​នេះ ហើយ​​ព័ត៌មាន​លម្អិត​អាច​នឹង​ត្រូវ​ចេញ​ផ្សាយ​​​នៅ​ថ្ងៃ​នេះ។

សេចក្ដី​រាយការណ៍​​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​ផ្តល់​សេវា​ហៅ​តាក់ស៊ី​ជិះ​ឈាន​មុខ​គេ​របស់​ពិភព​លោក​មួយ​នេះ កំពុង​ស្វែងរក​​​ការ​បោះ​ផ្សាយ​មូលបត្រ​ក្នុង​តម្លៃ​ជិត ​១០០ ​ពាន់​លាន​ដុល្លារ ដែល​ជា​តួលេខ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ប៉ុន្តែ​​តួលេខ​នេះ​មាន​កម្រិត​ទាប​ជាង​​ការ​ព្យាករ​​​កាល​​ពី​លើក​មុន​ ក្នុង​គ្រា​ដែល​មាន​​ការ​ធ្លាក់ចុះ​ភាព​សុទិដ្ឋិនិយម​​លើ​កំណើន និង​ប្រាក់​ចំណេញ។​

កាសែត​ Journal បាន​រាយការណ៍​ទៀត​​ថា ការ​បោះផ្សាយ IPO របស់​ក្រុមហ៊ុន​ Uber ​ត្រូវ​បាន​រំពឹង​ថា នឹង​ធ្វើ​ឡើង​នៅ​ខែ​ឧសភា​។

ការ​បោះ​ផ្សាយ IPO នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ឆ្លើយតប​ចម្រុះ​ទៅ​នឹង​ការ​បោះផ្សាយ​លក់​​មូលបត្រ​ជា​សាធារណៈ​លើក​ដំបូង​របស់​ក្រុមហ៊ុន​អាមេរិក Lyft ដែល​ជា​ក្រុមហ៊ុន​ជា​គូ​​ប្រជែង​ដ៏​សំខាន់​​របស់​ក្រុមហ៊ុន Uber។

តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Lyft បាន​កើន​ឡើង​នៅ​ថ្ងៃ​ជួញដូរ​ដំបូង​ ហើយ​បន្ទាប់​មក​បាន​ធ្លាក់ចុះ។ កាល​ពី​ថ្ងៃ​ពុធ តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​​បាន​​ធ្លាក់ចុះ​ជាង ​១០​ ភាគរយ ដោយ​ជួញដូរ​ក្នុង​តម្លៃ​ ៧២ ​ដុល្លារ​ក្នុង​មួយ​ហ៊ុន។​

Journal ​បាន​រាយការណ៍​ថា ភាគហ៊ុន​​​របស់​ក្រុមហ៊ុន Uber អាច​មាន​តម្លៃ​​ន្លោះ​ពី ៤៨ ​ដុល្លារ​ទៅ​ ៥៥ ដុល្លារ​ក្នុង​មួយ​ភាគហ៊ុន៕ AFP/LA