បុរីញូវយ៉កៈ ​ក្រុមហ៊ុន​អាកាស​ United Airlines កាលពី​ថ្ងៃ​ពុធ​បាន​រាយការណ៍​ថា ខ្លួន​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ឆ្នាំ​ ២០២០ ក្រោយ​កូវីដ​១៩​បាន​បំផ្លាញ​ការធ្វើដំណើរ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​មើលឃើញ​ការ​ងើប​ឡើងវិញ​ក្នុង​ផ្នែក​នៅ​ឆ្នាំ​ ២០២១ ​នេះ​។

ក្រុមហ៊ុន​បាន​រាយការណ៍​នូវ​ការខាតបង់​ប្រចាំឆ្នាំ​ចំនួន​ ៧,១ ​ពាន់​លាន​ដុល្លារ​ប្រៀបធៀប​ផលចំណេញ​ចំនួន​ ៣ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៩​។ ក្រុមហ៊ុន​អាកាសចរណ៍​ដ៏ធំ​របស់​អាមេរិក​បានឱ្យ​ដឹងថា ខ្លួន​រំពឹង​ឆ្នាំ​ ២០២១ ជា​ឆ្នាំ​ផ្លាស់ប្តូរ ដោយ​អរគុណ​ចំពោះ​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា ដោយ​ខ្លួន​សន្យា​រកប្រាក់​ចំណេញ​ច្រើនជាង​មុន​កើតមាន​កូវីដ​ត្រឹម​ឆ្នាំ ២០២៣​។

ចំណូល​សម្រាប់​ឆ្នាំមុន​បាន​ធ្លាក់ចុះ​ ៦៤,៥ ​ភាគរយ​ដល់​ ១៥,៤ ​ពាន់​លាន​ដុល្លារ ជា​ទិន្នន័យ​ដ៏​អាក្រក់​ចុងក្រោយ បន្ទាប់ពី​ការធ្វើដំណើរ​យឺត​ចាប់ពី​ខែមីនា នៅពេល​ការ​រឹតត្បិត​ដោយ​វីរុស​កូរ៉ូណា​ដល់​កម្រិត​ខ្ពស់ មុន​ងើបឡើង​វិញ​ផ្នែក​ខ្លះ​នៅ​ចុងឆ្នាំ​នោះ​។

ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​របស់​អាមេរិក​បាន​ខាតបង់​ច្រើន​ក្នុង​ឆ្នាំ​ ២០២០ ហើយ​ដើម្បី​កាត់បន្ថយ​ចំណាយ ក្រុមហ៊ុន​អាកាសចរណ៍​បាន​បញ្ឈប់​សេវាកម្ម​យន្តហោះ និង​កាត់បន្ថយ​ចំនួន​បុគ្គលិក​ដោយ​ក្នុងករណី​ខ្លះ​ការឈប់​ធ្វើឡើង​តាមរយៈ​ការផ្តល់​អត្ថប្រយោជន៍​ចូលនិវត្តន៍​ស្ម័គ្រចិត្ត​។

ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនោះ​ក៏​យក​បំណុល​ច្រើន​ពាន់​លាន​ដុល្លារ​ដើម្បី​ចាក​ចេញពី​ការធ្លាក់ចុះ​។

លោក Scott Kirby នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន​នេះ​បាន​និយាយថា ការឆ្លើយតប​របស់​ក្រុមហ៊ុន​ចំពោះ​វិបត្តិ​មាន​ប្រសិទ្ធភាព​ក្នុងការ​ធ្វើឱ្យ​ក្រុមហ៊ុន​ឈរជើង​សម្រាប់​ការដឹកជញ្ជូន​រយៈពេល​វែង ដោយ​សន្យា​ថា ក្រុមហ៊ុន​នេះ​នឹង​ងើប​ពី​ការធ្លាក់ចុះ​ «​ប្រសើរ​ជាង ខ្លាំង​ជាង និង​មាន​ប្រាក់ចំណេញ​ច្រើនជាង​មុន​»៕ RR