ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍តម្លៃថោកមួយរបស់វៀតណាម គ្រោងនឹងភ្ជាប់ការហោះហើរមក ខេត្តសៀមរាប ដែលជាទិសដៅទេសចរណ៍លេខ ១ របស់ ប្រទេសកម្ពុជា។
សេចក្តីប្រកាសមួយចេញផ្សាយកាលពីថ្ងៃ ទី៨ ខែកញ្ញា ដើម្បីផ្សព្វផ្សាយផែនការពង្រីកសេវារបស់ខ្លួនទៅក្នុង ប្រទេសរុស្ស៊ី ក្រុមហ៊ុនអាកាសចរណ៍ VietJet Ai បានឲ្យដឹងថា ក្នុងពេលឆាប់ៗនេះខ្លួននឹងភ្ជាប់ជើងហោះហើរពី ប្រទេសវៀតណាម មកកម្ពុជា។ ការណ៍នេះនឹងធ្វើឲ្យក្រុមហ៊ុន VietJet Air នឹងក្លាយជាក្រុមហ៊ុនផ្តល់ហោះហើរតម្លៃទាបដំបូងគេដែលផ្តល់សេវាហោះហើររវាង វៀតណាម និង កម្ពុជា។
សេចក្តីប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ VietJet មិនបានផ្ដល់ព័ត៌មានលម្អិតថា តើទីក្រុងណាដែលក្រុមហ៊ុននេះនឹងចាប់ផ្ដើមផ្តល់សេវានោះទេ ប៉ុន្តែតាមរបាយការណ៍ពីមជ្ឈមណ្ឌលអាកាសចរណ៍ដែលមានមូលដ្ឋាននៅ ប្រទេសអូស្ដ្រាលី (CAPA) ក្រុមហ៊ុនអាកាសចរណ៍វៀតណាម នេះទំនងជានឹងហោះហើរមក ក្រុងសៀមរាប ពី ទីក្រុងហាណូយ និង ទីក្រុងហូជីមិញ។
របាយការណ៍របស់ CAPA បង្ហាញថា៖ «កម្ពុជា គឺជាទិសដៅសមហេតុផលមួយសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ VietJet ដោយសារកម្ពុជា ជាទីផ្សារមួយក្នុងបណ្តាទីផ្សារអន្តរជាតិឈានមុខគេរបស់ វៀតណាម ប៉ុន្តែមិនទាន់មានក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាហោះហើរតម្លៃទាបណាមួយផ្តល់សេវាហោះហើរនៅឡើយទេ»។
លោក Brendan Sobie ប្រធានអ្នកវិភាគ និងជាតំណាងប្រចាំ សិង្ហបុរី នៃមជ្ឈមណ្ឌល CAPA ថ្លែងថា អតិថិជនអាចសង្ឃឹមថា នឹងទទួលបានអត្ថប្រយោជន៍ពីតម្លៃកាន់តែទាបរបស់ក្រុមហ៊ុនអាកាសចរណ៍ Viet-Jet។
លោកថ្លែងថា៖ «ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរ និងក្រុមហ៊ុន Vietnam Airlines ទំនងជារងផលប៉ះពាល់។ ជាធម្មតានេះគឺជាអ្វីដែលយើងមើលឃើញនៅពេលក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាតម្លៃទាបចូលមកក្នុងទីផ្សារមួយ។
ក្រុមហ៊ុន VietJet មិនអាចទាក់ទងបានទេ ប៉ុន្តែលោក ឡុង ចេង អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) អះអាងថា ក្រុមហ៊ុន Vietnamese Airline បានដាក់ពាក្យស្នើសុំផ្តល់សេវារវាងផ្លូវហោះហើរ ខេត្តសៀមរាប។
លោក ឡុង ចេង បានស្វាគមន៍ការប្រកួតប្រជែងកាន់តែខ្លាំងចំពោះទីផ្សារនេះ ហើយលោកបានថ្លែងថា នឹងជំរុញឲ្យតម្លៃកាន់តែទាប និងការផ្ដល់សេវាកាន់តែល្អប្រសើរពីក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ។ លោកបញ្ជាក់ថា៖ «វាជារឿងដ៏ល្អសម្រាប់អ្នកធ្វើដំណើរ»។
លោក ឡុង ចេង មិនអាចបញ្ជាក់បានទេថា តើនៅពេលណាដែលក្រុមហ៊ុនអាកាសចរណ៍ VietJet នឹងទទួលបានការអនុញ្ញាតនោះទេ ដោយសារតែការត្រួតពិនិត្យការដាក់ពាក្យទើបតែចាប់ផ្ដើមធ្វើ។
ក្នុងរយៈពេល ៦ខែ ដំបូងនៅឆ្នាំនេះភ្ញៀវទេសចរវៀតណាម ៧៨ ៥០០ នាក់បានមកទស្សនាកម្ពុជាច្រើនជាងពីរដងធៀបនឹង ប្រទេសចិន ដែលមានចំនួន ៣៤ ៣០០ នាក់។
លោក ហូ វណ្ឌី សហប្រធានក្រុមការងារវិស័យទេសចរណ៍ឯកជន-រដ្ឋាភិបាល ឲ្យដឹងថា វិស័យទេសចរណ៍កម្ពុជារំពឹងថា នឹងមិនទទួលបានប្រយោជន៍តែពីភ្ញៀវទេសចរវៀតណាម តែឯងនោះទេ នៅពេលក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការផ្លូវហោះហើរនោះ។
លោកបន្តថា ការមកដល់របស់ភ្ញៀវទេសចរវៀតណាម ភាគច្រើនធ្វើដំណើរតាមរយៈរថយន្តក្រុង ហើយក្រុមហ៊ុនអាកាសចរណ៍ផ្ដល់សេវាហោះហើរមានតម្លៃទាបថ្មីនេះនឹងជួយបង្កើនភ្ញៀវទេសចរមកពីប្រទេសទីបីផងដែរ៕