ប្រជាជន​កម្ពុជា​ទាំង​អស់​អាច​ប្រើ Visa តាមរយៈ​កម្មវិធី​ស្មាតហ្វូន​វីង ​ដើម្បី​ធ្វើ​ការ​ទូទាត់​ប្រាក់​តាមរយៈ​ឌីជីថល​សម្រាប់​តម្រូវ​ការ​ផ្ទាល់​ខ្លួន និង​អាជីវកម្ម Visa ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីផល​ឈាន​មុខ​គេ​នៅក្នុង​ពិភព​លោក និង​ធនាគារ​ឯកទេស​វីង (ខេមបូឌា) លីមីតធីត កំពុង​ចាប់​ដៃគូ​សហការ ​ដើម្បី​ផ្តល់ ជូន​នូវ​សេវាកម្ម ''Wing Virtual Visa Card'' ដែលជា​កាត​និម្មិត​សម្រាប់​ទូទាត់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​អ្នក​ប្រើប្រាស់​កម្មវិធី​ស្មាតហ្វូន​វីង។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វីង បាន​មាន​ប្រសាសន៍​ថា៖ «ដោយ​យក​បទពិសោធ​របស់​អតិថិជន​ជា​អាទិភាព​ស្នូល​ធនាគារ​ឯកទេស វីង មាន​ក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ធ្វើ​ជា​ដៃគូ​សហការ​ជាមួយ Visa ដើម្បី​ដាក់​ឱ្យ​ប្រើប្រាស់​កាត​និម្មិត​ដែល​ផ្តល់នូវ​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​អតិថិជន​របស់​យើង»។ លោក​បន្ត​ទៀត​ថា៖ «តាមរយៈ​សេវាកម្ម​របស់​យើង អតិថិជន​ដែល​ប្រើប្រាស់​កម្មវិធី​ស្មាតហ្វូន​វីង អាច​បង្កើត ''Wing Virtual Visa Card'' និង​ទូទាត់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​យ៉ាង​ងាយ​ស្រួល លើស​​ពី​នេះ​ទៅ​ទៀត​ពួក​គាត់​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ និង​រង្វាន់​លើក​ទឹក​ចិត្ត​ជាច្រើន​ថែម​ទៀតផង»។

ការ​បើក​ដំណើរការ​ទូទាត់​តាមរយៈ​កាត​ថ្មី​នេះ នឹង​នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​អ្នក​ប្រើប្រាស់​កម្មវិធី​ស្មាតហ្វូន​វីង ក្នុង​នោះ​អតិថិជន​ក៏​អាច​បញ្ជា​ទិញ​ទំនិញ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​គ្រប់​ទីកន្លែង​ដែល​ទទួលយក​ការ​ទូទាត់​តាមរយៈ Visa កាត​ដែល​វា​នឹង​បង្កើន​ភាព​ច្បាស់លាស់​លើ​ការចំណាយ ហើយ​លុប​បំបាត់​ការ​ត្រួតពិនិត្យ​ឥណទាន និង​ការ​កំណត់​ឥណទាន​អថេរ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា៖ «តាង​នាម​ឱ្យ Visa យើង​មាន​មោទនភាព​ក្នុង​ការ​ធ្វើ​ជា​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​ដែល​មាន​ភាព​ច្នៃប្រឌិត ដូចជា​ធនាគារ​ឯកទេស វីង ក្នុង​ការ​ណែនាំ​នូវ​បច្ចេកវិទ្យា​ទូទាត់​តាមរយៈ​ឌីជីថល​ថ្មី ដែល​អាច​នឹង​ជួយ​ជំរុញ​ឱ្យ​ប្រទេស​របស់​យើង បោះ​ជំហាន​កាន់​តែ​ខិតជិត​ទៅ​នឹង​ចក្ខុវិស័យ​របស់​ខ្លួន​ក្នុងការ​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​ដែល​មិន​ប្រើប្រាស់​ក្រដាស​ប្រាក់»។

អ្នកស្រី​បន្ត​ទៀត​ថា៖ «ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូវីដ ១៩ បាន​​ធ្វើ​ឱ្យ​សាធារណជន​មាន​ទំនោរ​ចង់​ចៀសវាង​កន្លែង​សាធារណៈ ព្រម​ទាំង​ជំរុញ​ឱ្យ​ពួក​គាត់​មាន​ការ​ផ្លាស់ប្តូរ​ដោយ​ជ្រើសរើស​ការ​ទិញ​ទំនិញ​តាមរយៈ​អ៊ីនធឺណិត​វិញ ហើយ​មធ្យោបាយ​ទូទាត់​បែប​ឌីជីថល​ដូចជា កម្មវិធី​ស្មាតហ្វូន​វីង​កាន់​តែ​មាន​សារៈសំខាន់​សម្រាប់​អ្នក​ប្រើប្រាស់​ទូទាំង​ប្រទេស​ផង​ដែរ។ តាមរយៈ​ការ​ណែនាំ Wing Virtual Visa Card អ្នក​ប្រើ​កម្មវិធី​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឥឡូវ​នេះ​អាច​ធ្វើ​ការ​ទូទាត់​ប្រកប​ដោយ​សុវត្ថិភាព រហ័ស និង​ងាយ​ស្រួល​ជាង​មុន»។

ភាពជា​ដៃគូ​នេះ​បាន​ដាក់​រួម​បញ្ចូល​នូវ​ជំនាញ​ឯកទេស និង​បច្ចេកវិទ្យា​របស់ Visa ក្នុង​ការ​ទូទាត់​សាច់​ប្រាក់​តាមរយៈ​ឌីជីថល ព្រម​ទាំង​ពាណិជ្ជកម្ម​អេឡិចត្រូនិក រួម​ជាមួយ​នឹង​ធនាគារ​ឯកទេស វីង ដែល​ជា​អ្នក​ផ្តល់​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ដៃ​ឈាន​មុខ​គេ​នៅ​កម្ពុជា។

បន្ទាប់​ពី​បាន​បើក​ដំណើរការ​នៅ​ឆ្នាំ ២០០៩ ធនាគារ​ឯកទេស វីង បាន​បង្កើត​បណ្តាញ​យ៉ាង​ទូលំទូលាយ និង​បាន​ណែនាំ​សេវាកម្ម​ជាច្រើន​ដល់​អតិថិជន​របស់​ខ្លួន រួម​មាន ការ​ទូទាត់​វិក្កយបត្រ​ការ​បញ្ចូល​ទឹកប្រាក់​តាម​ទូរស័ព្ទ​ការ​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក និង​អន្តរជាតិ​ការ​ទិញ​ទំនិញ​តាម​អ៊ីនធឺណិត និង​ការ​ទូទាត់​តាមរយៈ QR កូដ​ជាដើម។ ធនាគារ​ឯកទេស វីង បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​អស់​ពី​សម្ថភាព ដើម្បី​ធានា​បាន​ថា ប្រជាជន​កម្ពុជា​គ្រប់រូប​អាច​ប្រើប្រាស់​គណនី​ធនាគារ​តាមរយៈ​ការ​ធ្វើ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ម៉ានូ ក៏​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា៖ «ជាមួយ​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​ដែល​បាន​ជះ​ឥទ្ធិពល​ដល់​អតិថិជន​នៅ​ទូទាំង​ប្រទេស​វា​មាន​សារៈសំខាន់​ណាស់​ដែល​យើង​បង្កើន​សេរីភាព​ជូន​ដល់​អតិថិជន​ក្នុង​ការ​បញ្ជា​ទិញ​ទំនិញ និង​ធ្វើ​ប្រតិបត្តិ​ការ​ចាំបាច់​របស់​ពួក​គេ តាម​ប្រព័ន្ធ​ឌីជីថល​ប្រកប​ដោយ​សុវត្ថិភាព»។

អ្នក​ប្រើប្រាស់​កម្មវិធី​ស្មាតហ្វូន​វីង ដែល​ជ្រើសរើស​ប្រើ Wing Virtual Visa Card អាច​ចូលរួម​ក្នុង​កម្មវិធី​ពិសេសៗ​ជា​ច្រើន រួម​មាន​ទាំង​កម្មវិធី​ចាប់​រង្វាន់​ជា​រៀងរាល់​ខែ ការ​ទទួល​បាន​លុយ​ត្រឡប់​មក​វិញ​ភ្លាមៗ​ពី​ការ​ជិះ Grab និង​ការ​បញ្ចុះ​តម្លៃ​សម្រាប់​ការទិញ​ទំនិញ​តាម​អនឡាញ​ជាដើម។ ព័ត៌មាន​លម្អិត​ស្តីពី​កា​រផ្តល់​ជូន​នេះ នឹង​មាន​ប្រកាស​ផ្សាយ​តាម Facebook ផ្លូវការ​របស់​ធនាគារ​ឯកទេស វីង ក្នុង​ពេល​ឆាប់ៗ​នេះ៕