ភ្នំពេញៈ ក្រុមហ៊ុន Wah Sun Handbags International Holding បាន​បង្ហាញ​ផែន​ការ​ប្រមូល​ថវិការ​ហូត​ដល់ ១៧,៦ ​លាន​ដុល្លារ​ពី​ការ​បោះ​ផ្សាយ​មូល​បត្រ​សាធារណៈ​លើក​ដំបូង (IPO) នៅ​ផ្សារ​ហ៊ុន​ហុងកុង ដែល​ជិត​ពាក់​កណ្ដាល​នៃ​ទឹក​ប្រាក់​នេះ​គ្រោង​នឹង​ប្រើប្រាស់​ដើម្បី​ពង្រីក​រោងចក្រ​ផលិត​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​យោងតាម​ឯកសារ​ដែល​ក្រុមហ៊ុន​ដាក់ជូន​ផ្សារ​ហ៊ុន​ក្រុង​ហុងកុង​កាលពី​ថ្ងៃ​ពុធ​។

យោង​តាម​ឯកសារ​នេះ នៅ​ពេល​ក្រុមហ៊ុន​បោះផ្សាយ IPO រួច​ហើយ ក្រុមហ៊ុន​នឹង​ប្រើប្រាស់ ៤៥​ភាគរយ​នៃ​ទឹក​ប្រាក់​ដែល​បាន​ពី​ការ​បោះ​ផ្សាយ​នេះ​សម្រាប់​ការជួល​ដី និង​ការ​សាងសង់​អគារ និង​ការ​ទិញ​ឧបករណ៍​ផលិត​។

ក្រុមហ៊ុន Wah Sun នឹង​បង្កើត​ក្រុម​អភិវឌ្ឍន៍​ផលិតផល​មួយ​នៅ​កម្ពុជា បង្កើន​អនុ​បាត​ប្រាក់​ចំណេញ​ដុល និង​បន្ត​គ្រប់គ្រង​ថ្លៃ​ដើម រីឯ​ចំណែក​នៅ​សល់​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​កែលម្អ​ប្រព័ន្ធ​នានា កែលម្អ និង​ដំឡើង​បន្ទប់​តាំង​លក់​ផលិតផល និង​សម្រាប់​ទុន​បង្វិល​ទូទៅ​។

ក្រុមហ៊ុន Wah Sun បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាលពី​ថ្ងៃ​ពុធ​ថា ការ​ចំណាយ​លើ​កម្លាំង​ពលកម្ម​នៅ​កម្ពុជា​មាន​កម្រិត​ទាប ធៀប​នឹង​ប្រទេស​ចិន​ដែល​ទាក់ទាញ​ក្រុមហ៊ុន​ឲ្យ​ពង្រីក​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​នេះ​។

ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ទៀត​ថា ខណៈ​ដែល​ប្រាក់​ខែ​ជា​មធ្យម​សម្រាប់​ឧស្សាហកម្ម​ផលិតកម្ម​គ្រឿង​ផ្គុំ (OEM) សម្រាប់​ផលិត​កាបូប​យួរ​ដៃ​របស់​ប្រទេស​កម្ពុ​ជាមាន​ជាង ១៦០​ដុល្លារ​កាលពី​ឆ្នាំ​២០១៦​នោះ ប្រាក់​ខែ​ជា​មធ្យម​សម្រាប់​ឧស្សាហកម្ម​កាបូប​យួរដៃ​របស់​ចិន​មាន​ជាង ៤៨០​ដុល្លារ​។

ក្រុមហ៊ុន Wah Sun បាន​ឲ្យ​ដឹង​ក្នុង​ឯកសារ​របស់​ខ្លួន​ថា​៖ «​ថ្លៃ​ពលកម្ម​ទាប​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​ទាក់ទាញ​ការ​វិនិយោគ​បរទេស​នៅ​ក្នុង​ឧស្សាហកម្ម​ផលិតកម្ម ដូចជា ឧស្សាហកម្ម​ផលិត​គ្រឿង​ផ្គុំ​សម្រាប់​ផលិត​កាបូប​យួរដៃ​ដែល​មិន​ផលិត​ពី​ស្បែក​ជាដើម​»​។

ឯកសារ​ដដែល​បាន​បន្ថែម​ថា នឹង​មាន​កំណើន​ចំនួន​ក្រុមហ៊ុន​ផលិត​គ្រឿង​ផ្គុំ​សម្រាប់​ផលិត​កាបូប​យួរ​ដៃ​ដែល​មិន​ផលិត​ពី​ស្បែក ដែល​បាន​ផ្លាស់​ប្តូរ​មូលដ្ឋាន​ផលិត​របស់​ពួកគេ​មក​ប្រទេស​កម្ពុជា ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ដ៏​សំខាន់ រួម​ទាំង​លទ្ធភាព​ទទួល​បាន​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​របស់​ខ្លួន​ទៅ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ធំៗ និង​ថ្លៃ​ពលកម្ម​ទាប​របស់​ប្រទេស​នេះ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បន្ត​ថា​៖ «​មាន​ការ​រំពឹង​ថា រោងចក្រ​ផលិត​កាបូប​យួរដៃ​ដែល​មិន​ផលិត​ពី​ស្បែក​កាន់​តែ​ច្រើន នឹង​ផ្លាស់​ប្តូរ​មកពី​បណ្ដា​ប្រទេស​ផ្សេង​ទៀត​មក​កម្ពុជា​នៅ​ពេល​អនាគត​»​។

ក្រុមហ៊ុន Wah Sun Handbags International Holding នឹង​បោះផ្សាយ​ភាគ​ហ៊ុន​ចំនួន ១០០​ លាន​ហ៊ុន​ដែល​មាន​តម្លៃ​ចន្លោះ​ពី ១​ដុល្លារ​ហុងកុង (០,១៣​ ដុល្លារ​អាមេរិក​) ទៅ ១,៣៨​ ដុល្លារ​ហុងកុង​ក្នុង​មួយ​ភាគ​ហ៊ុន​។

ក្រុមហ៊ុន Wah Sun Cambodia ដែល​មាន​ទីតាំង​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៣ និង​ផ្ដល់​ការងារ​ដល់​កម្មករ​ចំនួន ៤៥០០ ​នាក់​រហូត​មក​ដល់​ពេល​នេះ​។

អតិថិជន​ដ៏​សំខាន់​របស់​ក្រុមហ៊ុន​នេះ​គឺជា​យីហោ​លំដាប់​អន្តរជាតិ​ដែល​មាន​ការិយាល័យ​កណ្ដាល​នៅ​អាមេរិក កាណាដា អេស្ប៉ាញ ស៊ុយអែត និង​ជប៉ុន​។

លោក ស៊ាង ថៃ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​ស្វាគមន៍​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន Wah Sun ក្នុង​ការ​ពង្រីក​ប្រតិបត្តិការ​ក្នុង​ប្រទេស​កម្ពុជា ដោយ​លោក​បាន​ថ្លែងថា ឧស្សាហកម្ម​កាបូបយួរ​ដៃ​នៅក្នុង​ប្រទេស​កម្ពុជា​កំពុង​ទទួល​បាន​ការ​ទាក់​ទាញ​កាន់​តែ​ច្រើន​ពី​វិនិយោគិន បន្ទាប់ពី​កាល​ពាក់​កណ្ដាល​ឆ្នាំ ​២០១៦ ដែល​រដ្ឋាភិបាល​អាមេរិក​បាន​ពង្រីក​ផែនការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ដោយ​ដាក់​បញ្ចូល​ទំនិញ​ធ្វើ​ដំណើរ​ដែល​បាន​ផលិត​នៅ​កម្ពុជា ដែល​ផ្ដល់​ឲ្យ​ទំនិញ​ទាំង​នេះ​នូវ​ការ​ចូល​ទៅ​ទីផ្សារ​អាមេរិក​ដោយ​រួច​ពន្ធ​។

លោក​ថ្លែងថា​៖ «​បន្ទាប់ពី​ទទួល​បាន​ការ​នាំ​ចេញ​ដោយ​រួច​ពន្ធ​សម្រាប់​ទំនិញ​ធ្វើ​ដំណើរ​ទៅ​ទីផ្សារ​អាមេរិក​រួច​មក យើង​បាន​មើលឃើញ​កំណើន​ខ្លាំង​នៃ​ការ​នាំ​ចេញ​របស់​ផលិតផល​ទាំងនេះ​»​។

លោក​បន្តថា​៖«​នៅពេល​អនាគត​វិស័យនេះ​នៅ​កម្ពុជា​គឺ​ល្អ ដោយសារ​យើង​ឃើញថា មាន​ក្រុម​វិនិយោគិន​កាន់តែ​ច្រើនឡើងៗ​បង្កើត​រោងចក្រ​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​របស់​យើង​»៕ LA