ក្រុងហុងកុងៈ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ទំនើប Xiaomi របស់​ចិន​នឹង​ផ្តោត​យ៉ាង​តក់ក្រហល់​លើ​ទីផ្សារ​អឺរ៉ុប ដោយ​ប្រើប្រាស់​ទឹកប្រាក់​មួយ​ផ្នែក​ដែល​ទទួល​បាន​ពី​ការបោះ​ផ្សាយ​មូលបត្រ​ជា​សាធារណៈ​លើក​ដំបូង (IPO) របស់​ខ្លួន​ដែល​មាន​តម្លៃ ៦,១ ពាន់​លាន​ដុល្លារ​ក្នុង​ទីក្រុង​ហុងកុង​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សហស្ថាបនិក​ក្រុមហ៊ុន​កាលពី​ថ្ងៃ​សៅរ៍​។

ក្រុមហ៊ុន Xiaomi នឹង​បោះផ្សាយ​លក់​ភាគហ៊ុន ២,១៨ ពាន់​លាន​ហ៊ុន​ក្នុង​តម្លៃ​ពី​ ១៧ ទៅ ២២ ដុល្លារ​ហុងកុង​ក្នុង​មួយ​ហ៊ុន (២,១៥ ទៅ ២,៨ ដុល្លារ​អាមេរិក​) ក្នុង​គោលបំណង​ប្រមូលប្រាក់​ចំនួន ៦,១ ពាន់​លាន​ដុល្លារ​ពោល​គឺ​តិច​ជាង​ឆ្ងាយ​ធៀប​នឹង ១០ ពាន់​លាន​ដុល្លារ​ដែល​រំពឹង​ថា​នឹង​បោះផ្សាយ​កន្លង​មក ខណៈ​មាន​ការឡើង​កម្តៅ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​អាមេរិក​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​របស់​វិនិយោគិន​។

ប៉ុន្តែ​នៅ​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃ​សៅរ៍​មុន​ពេល​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​របស់​ខ្លួន​នៅ​ថ្ងៃទី​ ៩ ខែ កក្កដា សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន​នេះ​មាន​សុទិដ្ឋិនិយម​អំពី​ចក្ខុវិស័យ​របស់​ខ្លួន​ដោយ​បង្ហាញ​ផែនការ​នានា​សម្រាប់​ការពង្រីក​អាជីវកម្ម​អន្តរជាតិ​នៅ​តំបន់​អឺរ៉ុប និង​អាស៊ីអាគ្នេយ៍​។

លោក Lei Jun សហស្ថាបនិក​ក្រុមហ៊ុន Xiaomi ថ្លែង​ថា​៖ «​មនុស្ស​ម្នាក់​បាន​សួរ​ខ្ញុំ​ថា​តើ​ក្រុមហ៊ុន Xiaomi (​នឹង​) ពង្រីក​អាជីវកម្ម​តែ​ក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ ឬ​? កាលពី​ឆ្នាំ​មុន​យើង​បាន​ចាប់ផ្តើម​ចូល​ទីផ្សារ​អឺរ៉ុប ហើយ​យើង​បាន​ដឹង​ថា យើង​មាន​អ្នកគាំទ្រ​ជាច្រើន​នៅ​អឺរ៉ុប​»​។

Xiaomi នឹង​វិនិយោគ​ប្រហែល ៨,៣ ពាន់​លាន​ពី​ទឹកប្រាក់​បោះផ្សាយ IPO ដើម្បី​បង្កើន​វត្ត​មាន​នៅ​ទីផ្សារ​បរទេស​រួម​ទាំង​នៅ​អេស្ប៉ាញ និង​ឥណ្ឌូនេស៊ី​៕ KC