The Phnom Penh Post Search

Search form

ក្រុមហ៊ុន ZTE ជិត​រួចផុត​ពីការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក

Content image - Phnom Penh Post
ទូរស័ព្ទ​ដៃទំនើបរបស់ក្រុមហ៊ុន ZTE ដាក់​លក់​ក្នុងហាង​មួយ​នៅ​ទីក្រុង​ម៉ាយអេមី សហរដ្ឋ​អាមេរិក។ រូបថត AFP

ក្រុមហ៊ុន ZTE ជិត​រួចផុត​ពីការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក

ក្រុង​វ៉ាស៊ីនតោនៈ ក្រុម​ហ៊ុន​ផលិត​ទូរស័ព្ទ​ស្មាត​ហ្វូន ZTE ​របស់​ប្រទេស​ចិន​ បាន​ចាត់​វិធាន​ការ​មួយ​ក្នុង​ចំណោម​វិធាន​ការ​ចាំបាច់​ចុង​ក្រោយ​នានា​ ដើ​ម្បី​គេច​ផុត​ពី​ទណ្ឌ​កម្មធ្ងន់​ធ្ងរ​​ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​នេះ​ខិត​ជិតទៅរក​ការ​ដួល​រលំ​។ នេះ​បើ​យោងតាម​ក្រសួង​ពាណិជ្ជ​កម្មអា​មេរិក​​​កាល​ពី​ថ្ងៃ​ពុធ។

ក្រុម​ហ៊ុន ZTE ​បានចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ ដើម្បី​ដាក់​ប្រាក់​តម្កល់​ចំនួន​ ៤០០ លាន​ដុល្លារ​​សម្រាប់​ការ​គ្រប​ដណ្តប់​លើការ​​​ផាក​ពិន័យ​ណា​មួយ​នៅពេល​អនា​គត​ក្នុង​ករណីមាន​ការ​​​រំលោភ​លើ​ទណ្ឌកម្ម​អាមេរិក។ នេះ​បើ​យោង​តាម​សេច​ក្ដី​ថ្លែង​ការណ៍​​មួយ​របស់​ក្រសួង។

ជា​ការ​យោគ​យល់​ចំពោះ​​​ប្រធានាធិបតី ​ចិន ស៊ី​ ជីន​ភីង​ ​លោក​ប្រធានាធិបតី​អា​មេរិក​​ដូណាល់ ត្រាំ ​បាន​ចេញ​បញ្ជា​ឲ្យ​ក្រសួង​ពាណិជ្ជ​កម្ម​​បន្ធូរបន្ថយ​​​ការ​ពិន័យ​​លើ​ក្រុម​ហ៊ុន ZTE ដែល​បាន​​ដាក់​បន្ទាប់​ពី​មន្ដ្រី​​បាន​សន្និដ្ឋាន​ថា ក្រុម​ហ៊ុននេះ​កុហក​ និង​ខក​ខាន​​​ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​ការ​ដោះស្រាយបញ្ហា​​​រំលោ​ភរំពាន​​លើការ​ដាក់​ទណ្ឌ​កម្មរបស់​អា​មេរិក​​លើ​​ប្រទេស​កូរ៉េ​ខាង​ជើង។

ក្រសួង​ពាណិជ្ជ​កម្ម​អាមេរិក​បាន​ហាម​ឃាត់​​ក្រុម​ហ៊ុន​អាមេរិក​មិន​ឲ្យ​ផ្គង់ផ្គង់​​ឧប​ករណ៍​សំខាន់ៗ​ទៅ​ឲ្យ​​ក្រុម​ហ៊ុន ZTE ​ដែល​បង្ខំ​ឲ្យ​ក្រុម​ហ៊ុននេះ​ផ្អាក​ប្រតិ​បត្តិ​ការ​របស់​ខ្លួន។

ប៉ុន្តែ​​​ ក្នុង​កិច្ច​ព្រម​ព្រៀង​ ដែល​បានចុះ​ហត្ថលេខា​​កាល​ពីខែ​មុន ទី​ក្រុង​វ៉ាស៊ីនតោន​​បាន​យល់​ព្រម​​លុប​ចោល​ការ​ហាម​ឃាត់​ការ​នាំចេញ ប្រសិន​បើ​ក្រុម​ហ៊ុន ZTE បង់ប្រាក់​ពិន័យ​បន្ថែម​ ១ ​ពាន់​លាន​ដុល្លារ​​ ផ្លាស់​ប្តូរ​ក្រុម​ប្រឹក្សា​ភិបាល​របស់​ខ្លួន បន្ត​ទទួល​យក​ការ​​​ត្រួត​ពិនិត្យពី​​ខាង​ក្រៅ​ និង​ដាក់​ប្រាក់​តម្កល់ ៤០០ លាន​ដុល្លារ​​​នៅ​ភាគី​ទី ៣ ដើ​ម្បី​រ៉ាប់រង​លើ​ការ​ផាក​ពិន័យ​នៅ​ពេល​អនាគត។

​​ក្រសួង​ពាណិជ្ជ​កម្ម​​​​បាន​ឲ្យ​ដឹង​ថា​ ជាមួយ​​កិច្ចព្រម​ព្រៀង​ដាក់ប្រាក់​តម្កល់​នៅភា​គី​ទី​៣​ ដែល​បានចុះ​ហត្ថ​លេខា​នេះ ការ​ហាមឃាត់​នេះ​នឹង​ត្រូវ​បាន​លុប​ចោល​នៅ​ពេល​ប្រាក់​នេះ​ត្រូវ​បាន​ផ្ទេរ​ចូលរួច៕ AFP/LA

អត្ថបទគួរចាប់អារម្មណ៍