ភ្នំពេញៈ ក្រុមហ៊ុនធំៗរបស់ជប៉ុនបានចាប់ផ្តើមសម្លឹងមើលកម្ពុជាជាលើកដំបូងចាប់តាំងពីមានការវិនិយោគពីជប៉ុនជាច្រើននៅកម្ពុជា។ នេះបើតាមឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
លោក Masafumi Kuroki ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីសប្តាហ៍មុនបន្ទាប់ពីជំនួបរវាងតំណាងក្រុមហ៊ុនជប៉ុននឹងមន្ត្រីកម្ពុជាថា៖ «គណៈប្រតិភូទាំងនោះសុទ្ធសឹងជាអ្នកមានតំណែងធំៗ និងមានសិទ្ធិសម្រេចមកពីបណ្តាក្រុមហ៊ុនធំៗជាច្រើននៅជប៉ុន។ ខ្ញុំមានការស្ញប់ស្ញៃងយ៉ាងខ្លាំងដែលកម្ពុជាអាចធ្វើឲ្យពួកគេចាប់អារម្មណ៍»។
គណៈប្រតិភូធុរកិច្ចជប៉ុនតំណាងឲ្យក្រុមហ៊ុន១៤០ ដឹកនំាដោយ សហពន្ធ័ធុរជន និងអ្នកសេដ្ឋកិច្ចជប៉ុន ជាសហព័ន្ធសេដ្ឋកិច្ចធំជាងគេមួយក្នុងប្រទេសជប៉ុន។
ក្រុមហ៊ុនដែលបានមកស្វែងរកឱកាសនៅកម្ពុជានោះរួមមានក្រុមហ៊ុន តូយ៉ូតា ក្រុមហ៊ុន Panasonic ក្រុមហ៊ុន SUMITOMO ក្រុមហ៊ុន HITACHI ក្រុម-ហ៊ុនថាមពល JX Holdings ក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុ Sumitomo Mitsui ក្រុមហ៊ុនធានាគារជប៉ុន Tokyo-Mitsubishi UFJ ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airway និងបណ្តាក្រុមហ៊ុនធំៗជាច្រើនផ្សេងទៀត។
លោក Yonekura Hiromasa ប្រធានសហព័ន្ធធុរជន និងអ្នកសេដ្ឋកិច្ចជប៉ុនមានប្រសាសន៍ថាសហព័ន្ធរបស់លោកមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់ ដែលជាស្នូលយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច។
ថ្លែងក្នុងជំនួបនោះ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ពីសក្តានុពលវិនិយោគជាមួយប្រាក់ឈ្នួលទាប និងការនាំចេញទំនិញទៅបណ្តាទីផ្សារអន្តរជាតិសំខាន់ៗដោយមិនចាំបាច់បង់ពន្ធ។
លោកថ្លែងថា៖ «កម្ពុជាត្រូវបានចាត់ទុកជាប្រទេសមានការអភិវឌ្ឍតិចតួច។ នេះជាកត្តាល្អមួយសម្រាប់ក្រុមហ៊ុនដែលវិនិយោគក្នុងគោលដៅនៃការនំាចេញដែលពួកគេអាចនឹងនាំចេញទៅទីផ្សារប្រទេសអភិវឌ្ឍន៍ជាច្រើនដោយមិនចាំបាច់បង់ពន្ធ»។
លោកស្រី Yoshiko Yamanaka អ្នកប្រឹក្សាអភិវឌ្ឍន៍គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ JICA បានប្រាប់ភ្នំពេញប៉ុស្តិ៍តាមសារអេឡិចត្រូនិកថា បច្ចុប្បន្នវិនិយោគិនជប៉ុនកំពុងបង្ខំចិត្តផ្លាស់ប្តូរទីតាំងឧស្សាហកម្មរបស់ខ្លួនពីប្រទេសចិន ហើយកំពុងសម្លឹងប្រទេសនៅអាស៊ានដូចជាកម្ពុជា។
លោក អ៊ិន ចាន់នី ប្រធានធនាគារអេស៊ីលីដាឲ្យដឹងថា លោកមានសុទិដ្ឋិនិយមជាខ្លាំងចំពោះការធ្វើទស្សនកិច្ចសិក្សារបស់វិនិយោគិនជប៉ុន ហើយលោកពិតជាមានការភ្ញាក់ផ្អើល ដែលឃើញមានតំណាងក្រុមហ៊ុនជប៉ុនល្បីៗជាច្រើនចាប់អារម្មណ៍កម្ពុជា៕