
ភ្នំពេញៈ ក្រុមហ៊ុន Akra របស់អាមេរិក ទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាលើកដំបូងជាមួយរោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ដោយកំពុងចាប់ផ្តើមផលិតកម្ម ក្រោមរចនាសម្ព័ន្ធសហប្រតិបត្តិការ។
ក្រុមហ៊ុននេះបានឲ្យដឹងថា ក្រោមកិច្ចសហប្រតិបត្តិការនេះវានឹងផ្តល់ភាពជាម្ចាស់ និងផលចំណេញដល់ផលិតករកម្ពុជា។ ក្រុមហ៊ុននេះបានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុននាំចេញអង្ករ ម៉ែន សារុន។
លោក Thomas Willemsនាយកគ្រប់គ្រងរបស់ Akra បានឲ្យដឹងថា ការចុះហត្ថលេខាជាមួយរោងម៉ាស៊ីនកិនស្រូវនោះ គឺក្នុងហេតុផលសហប្រតិបត្តិការ។
លោកបានលើកឡើងថា៖ «យើងមានកិច្ចព្រមព្រៀងដំបូងជាមួយរោងម៉ាស៊ីនកិនស្រូវដំបូង យើងសហការយ៉ាងមានប្រសិទ្ធភាពជាមួយក្រុមហ៊ុនដឹកជញ្ជូននៅពេលនេះ ហើយយើងមានទំនិញដែលកំពុងចូលមកតាមផ្លូវនេះ ដូច្នេះយើងចាប់ផ្តើមដំណើរការហើយ។ បច្ចុប្បន្នយើងបានចុះកិច្ចព្រមព្រៀងហើយៗនេះជាការចាប់ផ្តើមបោះជំហានទៅមុខ»។
គម្រោងដ៏មានមហិច្ឆតា ដើម្បីបង្កើតប្រសិទ្ធភាពភ្លាមៗ ជាមួយនឹងការមកដល់នូវបច្ចេកវិទ្យាថ្មី ហើយកត់សម្គាល់នូវឱកាសពង្រីកសមត្ថភាពផលិតកម្ម ដើម្បីកំណត់គោលដៅលក់រាយ ជាងតម្លៃទំនិញនៅលើពិភពលោក។ រចនាសម្ព័ន្ធខុសប្លែកពីគេនេះ គឺដើម្បីដាក់ប្រាក់ចំណេញ និងការសម្រេចចិត្តដល់ដៃផលិតករកម្ពុជា សំដៅរក្សាតម្លាភាព និងស្តង់ដារដែលទាមទារដោយរចនាសម្ព័ន្ធស្របច្បាប់របស់ក្រុមហ៊ុនអាមេរិក។
លោក Willems បានលើកឡើងថា៖ «យើងសហការគ្នា យើងធ្វើការជាមួយរោងម៉ាស៊ីនដែលមានស្រាប់ ហើយអ្វីដែលយើងនាំមក គឺបច្ចេកវិទ្យាដល់រោងម៉ាស៊ីនទាំងនោះ ដែលអាចផ្គត់ផ្គង់បរិមាណដែលយើងត្រូវការ ព្រមទាំងធ្វើការជាមួយកសិករដើម្បីជួយដល់កសិករ»។
លោកបានបន្ថែមថា៖ «គោលដៅរបស់យើង គឺដើម្បីជួយរោងម៉ាស៊ីនកិនស្រូវ នាំយកឧបករណ៍ច្រកវេចខ្ចប់ ដូច្នេះយើងអាចយកវាទៅលក់នៅហាងលក់រាយនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលពួកគេកំពុងលក់អង្ករដែលគិតក្នុងមួយផោន មិនមែនក្នុងមួយតោនឡើយ»។ លោកបានបន្ថែមទៀតថា៖ «នៅពេលកិច្ចការទាំងនេះធ្វើរួច អង្គភាពទាំងនោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដល់ប្រជាជនកម្ពុជា និងឧស្សាហកម្មនៅក្នុងប្រទេសនេះ»។
លោក គឹម សាវុទ្ធ ប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា ស្វាគមន៍ចំពោះគំនិតពាណិជ្ជកម្មប្រកបដោយភាពច្នៃប្រឌិត។
ថ្វីបើយ៉ាងនេះក្តី លោកនៅតែព្រួយបារម្ភអំពីកង្វះចំណាប់អារម្មណ៍ពីកសិករដដែល។
លោក បានលើកឡើងថា៖«គំនិតផ្តួចផ្តើមនេះ ដែលយើងមានតាំងពីមុនមកនោះ គឺកិច្ចសន្យាកសិករដោយកសិករខ្ចីប្រាក់ពីរោងម៉ាស៊ីនកិនស្រូវ យកទៅទិញគ្រាប់ពូជនៅក្នុងកិច្ចព្រមព្រៀងលក់ស្រូវឲ្យម៉ាស៊ីនកិនស្រូវវិញ នៅពេលប្រមូលបាន»។
លោកបន្តថា៖ «ក្នុងទ្រឹស្តី ខ្ញុំចង់គាំទ្រដល់គំនិតផ្តួចផ្តើមសហប្រតិបត្តិការ។ ចំណែកការអនុវត្ត ខ្ញុំគិតថា វាពិបាកក្នុងការឲ្យកសិករព្រមព្រៀង ដោយសារពួកគេចង់ផ្តើមលើការធ្វើស្រែជាងក្លាយជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុន និងចូលរួមក្នុងអាជីវកម្ម។ បើក្លាយជាការពិត ខ្ញុំនឹងអបអរសាទរ»៕