ភ្នំពេញៈ ខេត្ត​កំពង់ស្ពឺ​រំពឹងថា នឹង​អាច​ទាក់ទាញ​បាន​ការចូល​បណ្តាក់ទុន​កាន់តែ​ច្រើន​ពី​សំណាក់​វិនិយោគិន​បរទេស ពិសេស​ជនជាតិ​អាមេរិក ក្រោយពី​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក Patrick Murphy បាន​ទៅធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​អំពី​សក្តានុពល និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរខេត្ត​រួចមក​។

សេចក្តី​ប្រកាស​ព័ត៌មាន​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា នៅក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្ត​កំពង់ស្ពឺ​កាលពី​ថ្ងៃទី​ ១ ខែ​ កញ្ញា ឆ្នាំ​ ២០២០ លោក Patrick Murphy បាន​សម្តែង​នូវ​ការរីករាយ​យ៉ាងខ្លាំង ដោយ​បាន​មើលឃើញ​ពី​ការអភិវឌ្ឍ​រីកចម្រើន​របស់​ខេត្ត ពិសេស​រោងចក្រ​ជាច្រើន​ដែល​បានផ្ដល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​ម៉ឺន​នាក់ និង​មាន​ការគោរព​ច្បាប់​ការងារ​បាន​ល្អ​ប្រសើរ​ផងដែរ​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា លក្ខណៈ​អំណោយផល​នៃ​ទីតាំង​ភូមិសាស្ត្រ និង​ការគោរព​ច្បាប់​ការងារ​ល្អ​នៅតាម​រោងចក្រ បាន​ធ្វើឲ្យ​ចំនួន​នៃ​ការ​ចូលមក​វិនិយោគ​ក្នុង​ខេត្ត​កំពង់ស្ពឺ​កើនឡើង​ជា​លំដាប់​។ លោក​បន្តថា ជាមួយ​នឹង​ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ថ្នាក់ដឹកនាំ​ស្ថានទូត​អាមេរិក លោក​រំពឹងថា​នឹងមាន​វិនិយោគិន​បរទេស ពិសេស​ជនជាតិ​អាមេរិក​កាន់តែ​ច្រើន​នឹង​ចូលមក​បើក​រោងចក្រ​ក្នុង​ខេត្ត​មួយ​នេះ​។

លោក​ថ្លែងថា​៖ «​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​បាន​សម្តែង​ការចាប់អារម្មណ៍​ចំពោះ​វិស័យសេដ្ឋកិច្ច​ក្នុង​ខេត្ត ពិសេស​ការគោរព​លក្ខខណ្ឌ​ការងារ ដែល​ជា​កត្តា​ជំរុញ​ឲ្យ​រោងចក្រ​សហគ្រាស​ផ្សេងៗ​ចាប់អារម្មណ៍​ក្នុង​ការចូល​មក​វិនិយោគ​ក្នុង​ទឹកដី​ខេត្ត​កំពង់ស្ពឺ​»​។

បច្ចុប្បន្ន​មាន​រោងចក្រ​ចំនួន ៤៣ ក្នុង​ខេត្ត​កំពង់ស្ពឺ​កំពុង​ផលិត​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អាមេរិក​។ នេះ​បើ​យោងតាម លោក សំណាង​។

បើ​យោងតាម​លោក សំណាង គិត​ត្រឹម​ដើមខែ​កក្កដា នៅ​ទូទាំង​ខេត្ត​កំពង់ស្ពឺ មាន​រោងចក្រ​ធុន​ធំ ១៦១ (​កំពុង​ដំណើរការ ១៤៣ និង​ ១៨ ​កំពុង​សាងសង់​) ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​សរុប ១២០ ៧៣៤ នាក់​។ ចំណែក​វិស័យ​សហគ្រាស​ធុន​តូច មធ្យម និង​សិប្បកម្ម​មាន​សរុប​ចំនួន ១ ៥០៨ ​មូលដ្ឋាន ប្រើ​កម្លាំង​ពលកម្ម​សរុប ១៣ ៣៩៥ ​នាក់​។

ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​បាន​ឲ្យ​ដឹងថា ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ នេះ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក មាន​តម្លៃ​សរុប ២,៧៥ ​ពាន់​លាន​ដុល្លារ កើន ២៣,០៥ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែលមាន​ចំនួន​ជិត ២,២៤ ​ពាន់​លាន​ដុល្លារ​។ ចំណែក​ការនាំ​ចូល​ទំនិញ​ពី​អាមេរិក​មក​កម្ពុជា​មាន​តម្លៃ ១៤៤,៦ ​លាន​ដុល្លារ​ធ្លាក់ចុះ ៤៥,៤៣ ​ភាគរយ​ ពី​ចំនួន ២៦៥ ​លាន​ដុល្លារ​៕ LA