ភ្នំពេញ: ក្រុមហ៊ុន Gold Coast International Development Co.,LTD គ្រោង​នឹង​បោះទុន​ជិត ២៥ ​លាន​ដុល្លារ​ វិនិយោគ​លើ​ការសាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​នៅក្នុង​ខេត្តកំពត​ដែល​ជា​តំបន់​ជាប់​ឆ្នេរសមុទ្រ​កំពុងមាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍ និង​អចលនទ្រព្យ​។

គម្រោង​ដែល​គ្រោង​នឹង​វិនិយោគ​ដោយ​វិនិយោគិន​នៅក្នុង​ស្រុក និង​ចិន​នេះ​ត្រូវបាន​បង្ហើប​ឲ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​របស់​អនុគណៈកម្មាធិការ​វិនិយោគ​ខេត្ត​ដឹកនាំ​ដោយ​លោក ជាវ តាយ អភិបាល​ខេត្តកំពត​កាលពី​ពេល​ថ្មីៗ​នេះ​។

លោក ជាវ តាយ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​បាន​សុំ​វិនិយោគ​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​រួមមាន​សណ្ឋាគារ​ផ្កាយ​៤ ខុនដូ មណ្ឌល​កម្សាន្ត ផ្សារទំនើប និង​សេវា​ទេសចរណ៍​ដោយ​មាន​ទុនវិនិយោគ ២៤,៨ ​លាន​ដុល្លារ​។

លោក​បន្តថា គម្រោង​នេះ​នឹង​សាងសង់​លើ​ផ្ទៃដី ៤២ ​ហិកតា​ស្ថិតនៅ​ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត​។ ដើម្បី​សម្របសម្រួល​គម្រោង​នេះ រដ្ឋបាលខេត្ត​បាន​បង្កើត​ក្រុមការងារ​ចម្រុះ​ឲ្យ​ធ្វើការ​សិក្សា​លម្អិត​នៅ​ទីតាំង​ជាក់ស្តែង​ក្នុង​ការវាយតម្លៃ​ផលប៉ះពាល់ និង​ទីតាំង​ភូមិសាស្ត្រ​។

លោក​បន្តថា​៖ «​យើង​សូម​ណែនាំ​ឲ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ខេត្ត ធ្វើការ​ផ្នែក​បច្ចេកទេស ច្បាប់ និង​ឯកសារ​ពាក់ព័ន្ធ ដើម្បី​ស្នើសុំ​ទៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​រដ្ឋាភិបាល​ដើម្បី​ពិនិត្យ និង​សម្រេច​លើ​គម្រោង​វិនិយោគ​នេះ​»​។

យោង​តាម​លោក តាយ កាលពី​ឆ្នាំ​ ២០១៩ រដ្ឋបាល​ខេត្តកំពត​រួមទាំង​រដ្ឋបាល​ក្រុង និង​ស្រុក​បាន​ចេញ​លិខិត​អនុញ្ញាត​លើ​គម្រោង​សាងសង់​ចំនួន ២៣៨ ​គម្រោង ​ដែលមាន​ទុនវិនិយោគ​ជាង ៣,១៣ ​លាន​ដុល្លារ​។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា សព្វថ្ងៃ​ខេត្តកំពត​កំពុង​ទាក់ទាញ​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​គួរ​ឲ្យ​កត់សម្គាល់ ពិសេស​លើ​គម្រោង​សាងសង់​ខុនដូ​។ លោក​ថ្លែងថា​៖ «​អ្នកវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​កំពុង​ងាក​ទៅ​បោះទុន​ក្នុង​ខេត្ត​កំពត​ជា​បន្តបន្ទាប់ ព្រោះ​ខេត្ត​នេះ​ជា​តំបន់​មាន​សក្តានុពល​ទេសចរណ៍​ធម្មជាតិ​»​។

លោក​ថ្លែងថា​៖ «​ប្រសិនបើ​មាន​ការវិនិយោគ​លើ​គម្រោង​នេះ​ពិតប្រាកដ​មែន វា​នឹង​ជួយ​លើក​មុខមាត់​ខេត្ត​កំពត ហើយ​វា​ក៏​នឹង​ជួយ​ជំរុញ​ឲ្យ​តម្លៃ​អចលនទ្រព្យ​ល្អ​ផងដែរ​»​។

បើ​តាម​លោក សុខនីម សព្វថ្ងៃ​ដី​នៅ​ចំ​កណ្តាល​ទីក្រុង​កំពត​មាន​តម្លៃ​ចន្លោះ​ពី ១ ៨០០ ​ដុល្លារ​ ទៅ ២ ៥០០ ​ដុល្លារ​ ក្នុង ១ ​ម៉ែត្រការ៉េ​។

របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បង្ហាញ​ថា ទុនវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ ​មាន​តម្លៃ​ជាង ៣,៨៤ ​ពាន់​លាន​ដុល្លារ​ កើន ១៣,២៦ ​ភាគរយ​ ធៀប​នឹង​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩​។

យោងតាម​ក្រសួង​ពាណិជ្ជកម្ម លំហូរ​វិនិយោគ​របស់​ចិន​មក​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៨ មាន ៣ ៥៩៤ ​លាន​ដុល្លារ​៕ LA