The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ខេត្ត​ទេសចរណ៍​ត្រៀម​សម្រាប់​ឆ្លង​ឆ្នាំ

ខេត្ត​ទេសចរណ៍​ត្រៀម​សម្រាប់​ឆ្លង​ឆ្នាំ

ទេសចរ​បរទេស​កំពុង​ដើរ​លើ​ឆ្នេរ​ខ្សាច់​អូរ​ឈើ​ទាល​ដែល​ជា​តំបន់​ទេសចរណ៍​ទាក់​ទាញ​របស់​កម្ពុជា។
ទេសចរ​បរទេស​កំពុង​ដើរ​លើ​ឆ្នេរ​ខ្សាច់​អូរ​ឈើ​ទាល​ដែល​ជា​តំបន់​ទេសចរណ៍​ទាក់​ទាញ​របស់​កម្ពុជា។ ហេង ជីវ័ន

ខេត្ត​ទេសចរណ៍​ត្រៀម​សម្រាប់​ឆ្លង​ឆ្នាំ

ភ្នំពេញៈ ខណៈ​ដែល​ថ្ងៃ​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជិត​ចាប់​ផ្ដើម បណ្ដា​ខេត្ត​ទេសចរណ៍​មាន​សក្ដានុពល​មួយ​ចំនួន​ចាប់ពី​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ដល់​ខេត្ត​មាន​ប្រាសាទ​បុរាណ បាន​ចាប់​ផ្ដើម​រៀបចំ​ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ដែល​នឹង​ធ្វើ​ដំណើរ​ចេញពី​ទីក្រុង​ភ្នំពេញ។

ទីក្រុង​សៀមរាប ដែល​បាន​ជាប់​ចំណាត់​ថ្នាក់​ទី​ពីរ​ក្នុង​ចំណោម​ទីក្រុង​អាស៊ី ១០ ស្អាត​បំផុត​សម្រាប់​ភ្ញៀវ ទេសចរ​នៅក្នុង​ការ​បោះឆ្នោត​របស់​អ្នក​អាន​ទស្សនាវដ្ដី Travel + Leisure កាលពី ខែ​មិថុនា ឆ្នាំ​នេះ បាន​ធ្វើ​ពិធី​កាន់តែ​ធំ​ជាង​មុន​ជាមួយ​នឹង​ការ​តុប​តែង​អំពូល​ភ្លើង​កាន់​តែ​ច្រើន​នៅ​ទីក្រុង​នេះ​ដោយ​មាន​ការ​ប្រគំ​តន្ដ្រី​ធំៗ និង​ការបាញ់​កាំជ្រួច​នៅ​យប់​ចុង​ក្រោយ​នៃ ឆ្នាំ​២០១៤។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ឃឹម ប៊ុនសុង អភិបាល ខេត្ត​សៀមរាប។

លោក​ថ្លែង​ថា៖ «ការ​ប្រារព្ធ​ពិធី​នៅ​ឆ្នាំនេះ​នឹង​ធំ​ជាង​កាលពី​ឆ្នាំមុន​បន្តិច ដោយ​សារ​តែ​យើង​បាន​ពង្រីក​ការ​តុបតែង​ភ្លើង​នៅ​កន្លែង​ជាច្រើន​ក្នុង​ទីក្រុង​សៀមរាប។ សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​ក៏​កំពុង​រៀបចំ​សកម្ម​ភាព​មួយ​ចំនួន​ផង​ដែរ​ក្នុង​ការ​ប្រារព្ធ​ពិធី​នេះ»។

លោក​បន្ត​ថា៖ «វិស័យ​ឯកជន​នៅ​ឆ្នាំ​នេះ​ធ្វើ​ការ​បាន​កាន់តែ​ល្អប្រសើរ​ចំពោះ​ការ​តុបតែង​លម្អ​ទីកន្លែង​របស់​ពួកគេ ដើម្បី​ស្វាគមន៍​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ ខ្ញុំ​រំពឹង​ថា នឹង​មាន​មនុស្ស​កាន់​តែ​ច្រើន​ដោយ​សារ​តែ​តាម​ដែល​ខ្ញុំ​ដឹង សណ្ឋាគារ និង​ផ្ទះ​សំណាក់​ត្រូវ​បាន​គេ​កក់​ពេញ​អស់ហើយ​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក»។

លោក ប៊ុនសុង ថ្លែង​ថា ការ​តុប​តែង​ភាគ​ច្រើន​ផ្ដោត​លើ ក្រុង​សៀមរាប ហើយ​តំបន់​ប្រាសាទ​នឹង​ត្រូវ​ទុក​ឲ្យ​ស្ថិត​នៅ​ក្នុង​សភាព​ធម្មតា។

លោក​បន្ត​ថា៖ «មិន​មាន​ការ​តុប​តែង​ពិសេស​សម្រាប់​ទីតាំង​ប្រាសាទ​នោះ​ទេ។ ហាង​តាម​ដងផ្លូវ និង​ផ្សារ​រាត្រី​ក្រុង​សៀមរាប នឹង​ជាទី​តាំង​ផ្ដោត​លើ​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ។ កាំ​ជ្រួច​នឹង​បាញ់​ចេញពី​តំបន់​ស្ពានថ្ម​ចាស់​របស់​ក្រុង​សៀមរាប ក្នុង​អំឡុង​នៅ​យប់​ថ្ងៃ ទី៣១ ឈាន​ចូល ឆ្នាំ​២០១៥»។

លោក ប៊ុនសុង បាន​ថ្លែង​ថា អាជ្ញាធរ​សៀមរាប​បាន​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​មក​កាន់​ខេត្ត​នេះ​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ។

ទន្ទឹម​នឹង​នេះ​ដែរ ខេត្ត​បាត់ដំបង ដែល​ល្បី​ថា ជាទី​ក្រុង​បេតិកភណ្ឌ និង​ពេញនិយម​មួយ​សម្រាប់​ស្ថាបត្យកម្ម​អាណានិគម​បារាំង និង​ណូរី កំពុង​រៀបចំ​ការ​ប្រារព្ធ​ពិធី​លើក​ដំបូង​របស់​ខ្លួន​សម្រាប់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​សកល​ផង​ដែរ។ គួរ​បញ្ជាក់​ថា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស ខេត្ត​បាត់ដំបង បាន​ព្យាយាម​បង្កើត​ហាង​តាម​ដង​ផ្លូវ និង​ផ្សារ​រាត្រី​ដូច​ផ្សារ​រាត្រី​នៅ ក្រុង​សៀមរាប កាល​ពី​ដើម​ឆ្នាំ​នេះ។

លោក អ៊ុច អ៊ុំពីនីស្សារ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​បាត់ដំបង បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ​កាល​ពី​ម្សិល​មិញ​ថា ភ្ញៀវទេសចរ​បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ចូលទៅ​កាន់ ខេត្ត​បាត់ដំបង ខណៈ ដែល​ថ្ងៃ​ឆ្លង​ឆ្នាំ នឹង​ចូល​មក​ដល់ អាជ្ញាធរ​បាន​រៀបចំ​តុបតែង​លម្អ ក្រុង​បាត់ដំបង ដោយ​ភ្លើង​ពណ៌​ដើម្បី​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​សកល។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ខេត្ត​នេះ​រៀបចំ​ការ​ប្រគំ​តន្ដ្រី ការ​បង្ហោះ​គោម និង​ការ​សម្ដែង​សៀក​ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ។

លោក​លើក​ឡើង​ថា៖ «ព្រឹត្តិ​ការណ៍​ទាំង​មូល​នឹង​ត្រូវ​ប្រារព្ធ​ឡើង​ក្នុង​តំបន់​ផ្សារ​រាត្រី​ចាប់ពី​ម៉ោង ៦ ព្រឹក​ដល់​ម៉ោង ១២ យប់។ នេះ​គឺជា​លើក​ដំបូង​ហើយ​សម្រាប់​ខេត្ត​នេះ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ដូច​នោះ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ។ ខ្ញុំ​រំពឹង​ថា មនុស្ស​ជាច្រើន​ចូលរួម​ក្នុង​ឆ្នាំ​នេះ។ យើង​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​កម្សាន្ត​ខេត្ត​នេះ​នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ»។

លោក សារ៉ា ថ្លែង​ថា ព្រឹត្តិ​ការណ៍​នេះ​បាន​រៀបចំ​ដោយ​ប្រើប្រាស់​ថវិកា​បាន​ពី​សាលា​ខេត្ត​មាន​បំណង​លើក​កម្ពស់​ទេសចរណ៍ ខេត្ត​បាត់ដំបង ជា​ទិសដៅ​ទេសចរណ៍​ដែល​កំពុង​រីក​ចម្រើន និង​តាម​ឲ្យ​ទាន់​និន្នាការ​ពិភពលោក។ មន្ទីរ​បាន​សហការ​ជាមួយ​សមាគម​ទេសចរណ៍​ប្រទេស​ថៃ ផង​ដែរ​ដើម្បី​ផ្សព្វ​ផ្សាយ​ព្រឹត្តិ​ការណ៍​ដល់​ភ្ញៀវ​ទេសចរ​បរទេស។

លោក​បន្ត​ថា៖ «ឆ្នាំ​នេះ​យើង​រៀបចំ​ពិធីបុណ្យ​នេះ​ជា​ផ្នែក​មួយ​នៃ​និន្នាការ​ពិភពលោក។ ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​មនុស្ស​ជាច្រើន​មក​កាន់​ខេត្ត​នេះ​និង​ជាការ​ប្រារព្ធ​ពិធី​ដ៏​ធំ​នៅ​លើក​នេះ។ ភ្ញៀវ​ទេសចរ​បរទេស​ភាគ​ច្រើន​មក​កាន់​ខេត្ត​នេះ​គឺ​មកពី កោះ​ឆាង ប៉ាតាយ៉ា និង​តាម​រយៈ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដែល​ឆ្លង​កាត់​ខេត្ត​នេះ​ទៅ​កាន់​ទិសដៅ​បន្ទាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

លោក​បន្ត​ថា៖ «រហូត​មក​ទល់​ពេល​នេះ ខេត្ត​បាត់ដំបង ទទួល​បាន​តួលេខ​បឋម​មាន​ភ្ញៀវ​ទេសចរ​ជាង ៩០០០០ នាក់​ចាប់​ពី ខែ​មករា​ដល់ ខែ​ធ្នូ។

លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ថ្លែង​ថា ការ​ប្រារព្ធ​ពិធី​សម្រាប់​បុណ្យ​ចូល ឆ្នាំ​សកល​នេះ​ទំនង​ជា​នឹង​រក្សា​បាន​ដូច​គ្នា​នឹង​ការ​ប្រារព្ធ​ពិធី​កាល​ពី​ឆ្នាំ​មុន​ដែរ។

លោក​បញ្ជាក់​ថា៖ «យើង​បាន​ដាក់​បំភ្លឺ​ក្រុង​នេះ​ជាមួយ​នឹង​អំពូល​ភ្លើង​នៅពេល​តុបតែង។ យើង​មាន​ការ​តាំង​ពិព័រណ៍​និង​ការ​ប្រគំ​តន្ដ្រី។ នោះ​គឺជា​ផ្នែក​មួយ​នៃ​ការ​រៀបចំ​ពី​អាជ្ញាធរ​នៅ​កណ្ដាល​ក្រុង។ សម្រាប់​រមណីយដ្ឋាន និង​កោះ​ផ្សេង​ទៀត ម្ចាស់​អាជីវកម្ម​នឹង​រៀបចំ​សកម្មភាព របស់​ពួកគេ​ជា​ផ្នែក​មួយ​នៃ​ការ ខោនដោន នេះ​សម្រាប់​ឆ្នាំ​សកល​នេះ»។

លោក​រំពឹង​ថា នឹង​មាន​ភ្ញៀវទេសចរ​សរុប ៧ ម៉ឺន​នាក់​ក្នុង​រយៈ​ពេល​ថ្ងៃ​សម្រាក​បី​ថ្ងៃ​នេះ ខណៈ​ដែល​ខេត្ត​នេះ​បាន​រៀបចំ​ការ​តាំង​ពិព័រណ៍ និង​ការ​ប្រគំ​តន្ដ្រី​នៅ​លើ​តំបន់​ឆ្នេរ​អូរ​ឈើទាល​ដ៏​ពេញ​និយម​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ៕

អត្ថបទគួរចាប់អារម្មណ៍