ភ្នំពេញៈ ខេត្ត​ព្រះសីហនុ គឺជា​ប៉ូល​សេដ្ឋកិច្ច​មួយ​ក្នុងចំណោម​ប៉ូល​សេដ្ឋកិច្ច​ទាំង​ ៣ ​របស់​កម្ពុជា ដែល​មាន​សក្តានុពល​ខ្ពស់​ទាំង​ផ្នែក​ពាណិជ្ជកម្ម និង​ទេសចរណ៍ ខណៈ​ខេត្ត​ប្រជុំ​ដោយ​កោះ និង​ឆ្នេរសមុទ្រ​ស្រស់ស្អាត​មួយ​នេះ​បាន​ទាក់ទាញ​វិនិយោគិន​ឲ្យ​មក​បណ្តាក់ទុន​ប្រមាណ​ជិត ៤ ​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​ ២០២០ នេះ​។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ពី​ម្សិលមិញ​ថា រដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ផ្លូវ​ចំនួន​ជាង ៣០ ​ខ្សែ​នៅក្នុង​ខេត្ត​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ព្រមទាំង​អ្នកវិនិយោគ​ពី​ក្រៅប្រទេស​ឲ្យ​ចូលមក​បណ្តាក់ទុន​បាន​កាន់តែច្រើន​។

លោក​បន្តថា បើ​គិត​ចាប់ពី​ឆ្នាំ​ ១៩៩៤ រហូត​ដល់​ពេល​នេះ​ខេត្ត​ព្រះសីហនុ​មាន​ក្រុមហ៊ុន​ចំនួន​ ២០ ​បាន​មក​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​លើ​កោះ និង​ឆ្នេរសមុទ្រ​នៅលើ​ផ្ទៃដី​សរុប ១១ ៦៣៧ ​ហិកតា ​ដោយ​មាន​ទុនវិនិយោគ​ជាង ៣,៩ ​ពាន់​លាន​ដុល្លារ​។

លោក​ថ្លែងថា​៖ «​ការវិនិយោគ​យើង​បើកទូលាយ យើង​ចង់បាន​អ្នកវិនិយោគ និង​អ្នកទេសចរ​មកពី​បរទេស​ដោយ​យើង​អត់​កំណត់​ទិសដៅ​មកពី​ប្រទេស​ណា​ទេ​។ ប្រទេស​ចិន​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​ ២ លើ​ពិភពលោក បើ​គិត​តំបន់​អាស៊ី​គាត់​មានអំណាច​ជាងគេ ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ ជា​ប្រទេស​មាន​លុយ​ច្រើន​ជាងគេ វា​ជា​គោលដៅ​របស់​កម្ពុជា​»​។

លោក​ឲ្យ​ដឹង​ទៀតថា ជាមួយ​គ្នា​នេះ​ខេត្ត​ព្រះសីហនុ​ក៏​ទទួល​បាន​គម្រោង​វិនិយោគ​លើ​វិស័យ​សេវាកម្ម​ទេសចរណ៍ និង​សណ្ឋាគារ​ចំនួន ៦០ ដោយ​មាន​ទុនវិនិយោគ​សរុប​ជាង ១០,៧៤ ​ពាន់​លាន​ដុល្លារ គិត​មក​ដល់​ពេល​នេះ​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ​ធ្លាប់​បាន​ថ្លែង​កាលពី​ដើម​ខែ​មិថុនា​ថា ការស្ថាបនា​ផ្លូវ​ទាំង ៣៤ ​ខ្សែ និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ដ​ព្រះសីហនុ​គឺជា​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ក្នុង​ការរៀបចំ​ខេត្ដ​នេះ​ឲ្យ​ក្លាយ​ជា​ប៉ូល​អភិវឌ្ឍន៍​ជាតិ​ប្រកប​ដោយ​ចីរភាព និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូពហុ​បំណង​សម្រាប់​ទាក់ទាញ​ទេសចរ និង​ការវិនិយោគ​ថ្មីៗ​។

លោក​ថ្លែងថា​៖ «​តាមរយៈ​ការអភិវឌ្ឍ​ខេត្ដ​នេះ​ជា​ទីក្រុង​ទំនើប​ជាមួយ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូពហុ​បំណង​ដែល​នឹង​ទាក់ទាញ​ទេសចរ និង​ការវិនិយោគ​ថ្មីៗ​បន្ថែម​ទៀត​ពី​បរទេស​។ ខេត្ដ​នេះ​ក៏​នឹង​បម្រើ​ដល់​ការរស់នៅ​ដ៏ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ​»​។

លោក តាំង សុចិត្តគ្រឹះស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​ព្រះសីហនុ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ថ្ងៃ​អង្គារ​ថា វិស័យ​ទេសចរណ៍​បាន​ចូលរួម​ចំណែក​បង្កើត​ការងារ​ដោយ​ផ្ទាល់​ឲ្យ​ប្រជាជន​ក្នុង​ខេត្ត​នេះ​ក្នុង​ឆ្នាំ​នេះ​ជាង ១ ​ម៉ឺន​នាក់ និង​ផ្តល់​ការងារ​ដោយ​ប្រយោល​ជាង ១ ​ម៉ឺន​នាក់​ផ្សេងទៀត​។

លោក​និយាយ​ថា​៖ «​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​កំពុង​អភិវឌ្ឍ​ខេត្ដ​ឲ្យ​ក្លាយ​ទៅ​ជា​ខេត្ដ​ពហុប៉ូល​សេដ្ឋកិច្ច​ទេសចរណ៍ ហើយ​ពេលនេះ​ក៏​កំពុង​អភិវឌ្ឍ​តំបន់​ទេសចរណ៍​នានា​ក្នុង​ខេត្ដ​ព្រះសីហនុ​ព្រម​ជាមួយ​ការអភិវឌ្ឍ​ឆ្នេរសមុទ្រ​ថ្មីៗ​ជាច្រើន​កន្លែង​ផងដែរ​»​។

បើ​យោង​តាម​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​លោក ឃាង ភារម្យ បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ​មាន​កោះ​សរុប ៣២ ក្នុង​នោះ​កោះសង្សារ កោះក្របី និង​កោះ​ឫស្សី កំពុង​ដំណើរ​អាជីវកម្ម ខណៈ​រដ្ឋាភិបាល​ក៏​កំពុង​អភិវឌ្ឍ​ឆ្នេរសមុទ្រ​ចំនួន ៩ នៅក្នុង​ខេត្ត​នេះ ហើយ​ក្រៅពី​នេះ​ខេត្ត​នេះ​ក៏មាន​ឆ្នេរ​ស្រស់ស្អាត​ជាង ១០ ​ទៀត​នៅ​តាម​បណ្តា​កោះ​ផងដែរ​៕ LA