ក្រុងព្រះសីហនុៈ ខេត្តព្រះសីហនុរំពឹងថានឹងអាចទាក់ទាញវិនិយោគិនចិនថ្មីៗដែលនឹងស្តារស្ថានភាពទីក្រុងទេសចរណ៍តំបន់ឆ្នេររបស់កម្ពុជាមួយនេះឲ្យល្អប្រសើរឡើងវិញ ខណៈការវិនិយោគធំៗ បច្ចុប្បន្នភាគច្រើនជាប្រភេទសណ្ឋាគារ និងកាស៊ីណូ។
ក្នុងជំនួបជាមួយមន្ត្រីស្ថានទូតចិនកាលពីខែសីហា អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានឲ្យដឹងថា ដ្បិតការបិទអាជីវកម្មអនឡាញបានធ្វើឲ្យប៉ះពាល់រយៈពេលខ្លីដល់សេដ្ឋកិច្ចក្នុងខេត្តទាំងមូល ទាំងផ្នែកអចលនទ្រព្យ និងវិស័យការងារ អាជីវកម្មនេះអាចនិយាយថា ជាសេដ្ឋកិច្ចពពុះសាប៊ូ និងគ្មានសុចរិតភាព ព្រមទាំងបង្កឲ្យមានបញ្ហាជាច្រើន។
លោកថ្លែងថា៖ «វិស័យការងារគឺអ្នកកំពុងបម្រើការក្នុងល្បែងអនឡាញនឹងជួបវិបត្តិគ្មានការងារធ្វើ បន្ទាប់មកគឺកម្មករក្នុងវិស័យសាងសង់ដែលត្រូវផ្អាកការងារ និងបន្តដល់អាជីវកម្មលក់ដូរ»។
ទោះបីយ៉ាងនេះក្តីលោកលើកឡើងថា ភាគីចិននឹងជួយទាក់ទាញវិនិយោគិនថ្មីមកពីប្រទេសចិនមកកាន់ខេត្តព្រះសីហនុ។ លោកបានថ្លែងថា៖ «ស្ថានទូតប្រទេសចិននឹងរៀបចំឲ្យមានក្រុមអ្នកពាណិជ្ជកម្មត្រៀមទៅកាន់ខេត្តព្រះសីហនុឲ្យបានឆាប់ និងជួយគាំទ្រនូវការវិនិយោគក្នុងវិស័យផ្សេងៗទៀត ដើម្បីធ្វើឲ្យមាននិរន្តរភាពការងារមានឡើងវិញ»។
តាមលោក គួច ចំរើន គម្រោងសំណង់ភាគច្រើនក្នុងខេត្តព្រះសីហនុពេលនេះត្រូវបានផ្អាកដែលនេះអាចនិយាយថា ជាវិបត្តិមួយក្នុងខេត្ត។
លោកបន្តថា៖ «[យើង] សង្ឃឹមថាលោកទូតនឹងជួយជំរុញផ្នែកផ្សេងៗដើម្បីមកបន្ត ឬជំរុញឲ្យក្រុមហ៊ុនចិនជាច្រើនទៀតចូលមកវិនិយោគគម្រោងនឹងសាងសង់រមណីយដ្ឋាននៅជាប់ឆ្នេរ។ យើងពិតជាចង់ឲ្យវិស័យទេសចរណ៍បានកាន់តែរីកចម្រើន ព្រោះជាឧស្សាហកម្មគ្មានផ្សែង ស្ថានទូតនឹងជួយគាំទ្រផ្នែកសំណង់ដែលជាការផ្តល់នូវភាពនឹងនរចំពោះសំណង់ដែលបានសង់រួចរាល់ហើយ»។
វិស័យសំណង់នៅខេត្តព្រះសីហនុបានចាប់ផ្តើមរងផលប៉ះពាល់បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការត្រួតពិនិត្យគុណភាព និងស្តង់ដាសំណង់ក្រោយពីមានការបាក់រលំអគារកម្ពស់ ៧ ជាន់ដែលបណ្តាលឲ្យកម្មករស្លាប់ និងរបួសជាច្រើននាក់ ខណៈថ្មីៗនេះអាជ្ញាធរក៏បានបិទអាជីវកម្មអនឡាញដែលជះឥទ្ធិពលដល់វិស័យអចលនទ្រព្យក្នុងខេត្តនេះ។
ទោះបីយ៉ាងនេះក្តីលោក គួច ចំរើន បានឲ្យដឹងថា ខណៈសំណង់ធំៗភាគច្រើននៅខេត្តព្រះសីហនុជារបស់ក្រុមហ៊ុនធំៗ និងមានស្តង់ដាសំណង់ធុនមធ្យម និងសំណង់តូចៗភាគច្រើនសាងសង់ដោយគ្មានច្បាប់។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីម្សិលមិញថា ថ្មីៗនេះខេត្តព្រះសីហនុទើបទទួលបានគម្រោងវិនិយោគចំនួន ៣ របស់វិនិយោគិនចិនដែលមានតម្លៃជាង ១០០ លានដុល្លារ។ លោកបនុ្តថា ទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលប្រទេសចិន ខេត្តព្រះសីហនុ រំពឹងថានឹងបន្តទទួលបាននូវកំណើនវិនិយោគបន្ថែមទៀត។
លោកថ្លែងថា៖ «តាមរយៈកិច្ចសហការល្អរវាងរដ្ឋាភិបាលកម្ពុជាជាមួយរដ្ឋាភិបាលចិនជំនួសឲ្យការបិទល្បែងអនឡាញ ប្រទេសចិនបានសន្យាថានឹងជួយទាក់ទាញអ្នកវិនិយោគល្អៗលើវិស័យផ្សេងៗដែលមិនមែនជាវិស័យកាស៊ីណូឲ្យចូលមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាបន្ថែមទៀត»។
គម្រោងវិនិយោគថ្មីៗដែលខេត្តព្រះសីហនុទើបទទួលបានរួមមាន គម្រោងសណ្ឋាគារលំដាប់ផ្កាយ ៥ រោងចក្រកែច្នែស្បែកសត្វ និងចំណីសត្វ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឲ្យដឹងថា ការទាក់ទាញបានវិនិយោគិនថ្មីៗក្រៅពីវិស័យកាស៊ីណូ អាចនិយាយថាជាការល្អណាស់ ព្រោះវាជាការវិនិយោគរយៈពេលវែង និងមិនបង្កភាពរញ៉េរញ៉ៃក្នុងសង្គម។
ការវិនិយោគរយៈពេលវែង គឺមិនត្រឹមតែបង្កើតការងារមួយដែលមានភាពច្បាស់លាស់ និងមានជំនាញប៉ុណ្ណោះទេ តែនឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសមានស្ថិរភាពផងដែរ។ លោកបានថ្លែងថា៖ «វិស័យអចលនទ្រព្យនឹងរក្សាបានកំណើនវិជ្ជមាន នៅពេលដែលសេដ្ឋកិច្ចកាន់តែល្អប្រសើរ»៕ LA