ភ្នំពេញៈ ខេត្ត​ព្រះសីហនុ​ត្រូវគេ​រំពឹង​ថា នឹង​ក្លាយជា​កន្លែង​ដ៏មាន​សក្តានុពល​ដែល​អាច​ទាក់ទាញ​វិនិយោគិន​ចម្រុះ​សាសន៍​ឲ្យ​ចូល​ទៅ​បណ្តាក់ទុន បន្ទាប់ពី​រដ្ឋាភិបាល​កំពុង​អភិវឌ្ឍ​តំបន់ឆ្នេរ​មួយ​នេះ​ទៅ​ជា​ទីក្រុង​ឆ្លាត​ដំបូង​គេ​នៅ​កម្ពុជា​។ នេះ​បើតាម​ការអះអាង​របស់​អ្នក​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ និង​ក្រុមការងារ​បច្ចេកទេស​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​នៅ​ក្រុងព្រះសីហនុ​កាលពី​ថ្ងៃ​ចន្ទ​បាន​លើកឡើងថា តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ជាច្រើន ការដាក់​បំពាក់​អំពូល​ឆ្លាតវៃ និង​ការបំពាក់​កាមេរ៉ា​សុវត្ថិភាព​ជាច្រើន​ដែល​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ជិត ៣០០ ​លាន​ដុល្លារ បច្ចុប្បន្ន​ក្រុង​ព្រះសីហនុ​បាន​ក្លាយ​ជា​ទីក្រុង​ឆ្លាត​ដំបូង​គេ​នៅ​កម្ពុជា ដោយ​បាន​ឈាន​មុន​រាជធានី​ភ្នំពេញ​ទៀតផង​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​អាច​និយាយ​ថា ខេត្ត​ព្រះសីហនុ​គឺ​បាន​ក្លាយ​ជា​ទីក្រុង​ឆ្លាត​ដែល​ដើរ​មុនគេ ក្នុង​ចំណោម​ទីក្រុង​ឆ្លាត​នៅ​កម្ពុជា​»​។ លោក​បន្ថែមថា​៖ «​គោលដៅ​ធំ​របស់​យើង​នៅពេល​នេះ​គឺ​បង្កើត​ឲ្យ​ទៅ​ជា​ទីក្រុង​ពហុបំណង​»​។

ក្នុងន័យ​ជំរុញ​ឲ្យ​ខេត្ត​ក្រុង​ផ្សេងៗ​ទៀត​ជ្រើសរើស​យក​ការប្រើ​អំពូល​ឆ្លាត លោក ហ៊ុន សែន បាន​និយាយ​ថា ចំណុច​ចម្បង​មួយ​ដែល​ធ្វើឲ្យ​ក្រុង​ព្រះសីហនុ​ក្លាយ​ជា​ក្រុង​ឆ្លាត​គឺ​ការបំពាក់​អំពូល​ឆ្លាត​ប្រមាណ​ជាង ៥០០០ ដែល​អំពូល​ភ្លើង​បែបនេះ​មិន​ត្រឹមតែ​ជួយ​បំភ្លឺ​ទីក្រុង​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ជួយ​សន្សំ​ថាមពល​អគ្គិសនី​បាន​យ៉ាងច្រើន ហើយ​លោក​ក៏បាន​ជំរុញ​ឲ្យ​កន្លែង​ផ្សេងទៀត​ត្រូវ​គិតគូរ​ពី​ការប្រើប្រាស់​អំពូល​ភ្លើង​ឆ្លាត​នៅពេល​ខាងមុខ​ផងដែរ​។

លោក ឃុត សុភ័ណ្ឌ អនុប្រធាន​សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា សេដ្ឋកិច្ច និង​ចំនួន​អ្នកវិនិយោគ​នឹងមាន​កំណើន​ខ្ពស់​ក្នុង​ខេត្ត​ព្រះសីហនុ​នាពេល​ឆាប់ៗ ខណៈ​ខេត្ត​ព្រះសីហនុ​ត្រូវគេ​ដឹងថា​ជា​ទីតាំង​ដ៏មាន​សក្តានុពល​សម្រាប់​ការវិនិយោគ​លើ​គ្រប់​វិស័យ ព្រោះ​ទីនោះ​មិន​ត្រឹម​តែ​មាន​ទេសភាព និង​ឆ្នេរសមុទ្រ​ស្រស់ស្អាត​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​តាម​គ្រប់​មធ្យោបាយ​របស់​ប្រទេស​កម្ពុជា​ទៀតផង​។ លោក​បន្តថា ព្រះសីហនុ​កំពុង​ក្លាយ​ជា​ទីក្រុង​ឆ្លាត​ដំបូង​គេ​នៅ​កម្ពុជា​។

លោក​អះអាង​ថា​៖ «​នៅពេល​ទីនេះ​ក្លាយ​ជា Smart City (​ទីក្រុង​ឆ្លាត​) នឹងមាន​អ្នកវិនិយោគ​មកពី​គ្រប់ទិសទី​ចូល​មក​វិនិយោគ ព្រោះ​ជា​កន្លែង​ដែលមាន​ភាពអំណោយផល​លើ​ការងារ​គ្រប់បែបយ៉ាង​»​។

លោក អ៊ឹម សេងហួ ប្រធាន​សាខា​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្ត​ព្រះសីហនុ​បាន​ប្រាប់ថា ខេត្ត​ព្រះសីហនុ​នឹង​ក្លាយ​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏សំខាន់​របស់​កម្ពុជា​ដែល​នឹងមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​។ វិស័យ​អចលនទ្រព្យ​នឹង​ស្ទុះ​ងើបឡើង​ថែមទៀត​នៅពេល​ខាងមុខ​។ លោក​អះអាងថា​៖ «​ហេដ្ឋារចនាសម្ព័ន​ល្អប្រសើរ និង​ភាពស៊ីវិល័យ​ក្នុង​ទីក្រុង​នឹង​ធ្វើ​ឲ្យ​មាន​កំណើន​អ្នក​ចូលមក​កម្សាន្ត និង​វិនិយោគ​»​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​និយាយថា បច្ចុប្បន្ន​សកម្មភាព​នៃ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុងព្រះសីហនុ​មិនទាន់​បញ្ចប់​ទាំងស្រុង​ទេ ចំណែក​ការបំពាក់​អំពូល​ឆ្លាត ក៏​មិនទាន់​រួចរាល់​ដែរ​។

លោក​បន្តថា​៖ «​តាមរយៈ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ពិសេស​ផ្លូវ​ទាំង​ ៣៤ ខ្សែ​ពេល​នេះ​យើង​រំពឹងថា ខេត្ត​ព្រះសីហនុ​នឹងមាន​កំណើន​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់​តាមរយៈ​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ក៏​ដូចជា​អ្នកវិនិយោគ​ទៅលើ​វិស័យ​ជាច្រើន​ដូចជា​វិស័យ​ទេសចរណ៍ និង​ឧស្សាហកម្ម (​តំបន់​សេដ្ឋកិច្ច​ពិសេស​) ជាដើម​»៕ LA