
កំណត់ផ្លូវរថភ្លើង ដែលទើបជួសជុលរួចក្បែរក្រុងសិរីសោភ័ណ ខណៈស្អែកនេះខ្សែរថភ្លើងពីប៉ោយប៉ែតមកសិរីសោភ័ណ នឹងចាប់ដំណើរការ។ រូបថត ហ៊ឹន ពិសី
ភ្នំពេញៈ ខ្សែរថភ្លើងថ្មីមួយដែលមានចម្ងាយ ៤៨ គីឡូម៉ែត្រភ្ជាប់ពី ប៉ោយប៉ែត ទៅក្រុង សិរីសោភ័ណ ទីរួមខេត្ត បន្ទាយមានជ័យ នឹងដាក់ឲ្យដំណើរការនៅថ្ងៃពុធស្អែកនេះ ហើយបើកឲ្យសាធារណជន ធ្វើដំណើរដោយឥតគិតថ្លៃជាបណ្តោះអាសន្ន។ នេះបើយោងតាមមន្រ្តីផ្នែកផ្លូវដែកនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងកាលពីម្សិលមិញ។
លោក ច័ន្ទ សំឡេង ប្រធាននាយកដ្ឋានផ្លូវដែក និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) បានឲ្យដឹងនៅថ្ងៃនេះថា ពិធីបើកដំណើរការផ្លូវរថភ្លើងថ្មីនេះនឹងធ្វើឡើងនៅថ្ងៃពុធក្រោមវត្តមានលោករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ខណៈជើងរថភ្លើងដំបូងនឹងចេញពីប៉ោយប៉ែត ទៅសិរីសោភ័ណ។ ការធ្វើដំណើរនឹងមាន ៣ ជើងក្នុង ១ ថ្ងៃ។
លោកបានថ្លែងថា៖ «នាពេលបណ្តោះអាសន្ន សាធារណៈជននឹងត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរដោយឥតគិតថ្លៃ ប៉ុន្តែ ពួកគាត់ត្រូវមានសំបុត្រ គឺមិនអាចឡើងជិះបានតាមសេរីទេ»។
លោកបន្តថា ការផ្តល់សេវាឥតគិតថ្លៃនេះនឹងមានរយៈពេលរហូតដល់ថ្ងៃទី ៣១ កក្កដា។
សម្រាប់ដំណាក់កាលនៃដំណើរការបណ្តោះអាសន្ននេះ រថភ្លើងនឹងមាន ២ ទូ គឺទូទីមួយសម្រាប់ដឹកអ្នកដំណើរ និងទូទី ២ សម្រាប់ដាក់អីវ៉ាន់។
យោងតាមលោក សំឡេង រថភ្លើងអាចផ្ទុកអ្នកដំណើរបានជិត ១០០ នាក់ក្នុងមួយជើង។
លោកបញ្ជាក់ថា បន្ទាប់ពីខ្សែរថភ្លើង ប៉ោយប៉ែត-សិរីសោភ័ណនេះ ខ្សែរថភ្លើងផ្សេងទៀតដូចជាពីស្ថានីយអ្នកដំណើរភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាដើម នឹងដាក់ឲ្យដំណើរការនៅមុនចូលឆ្នាំខ្មែរខាងមុខនេះ៕