ភ្នំពេញៈ រដ្ឋាភិបាល​នឹង​បង្កើត​គណៈកម្មការ​ជាតិ​ការពារ​អ្នកប្រើប្រាស់ ដើម្បី​អនុវត្ត​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នក​ប្រើប្រាស់​ដែល​ច្បាប់​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ធានា​ឲ្យ​មាន​កិច្ចការពារ​​អ្នកប្រើប្រាស់ និង​លើកកម្ពស់​ការប្រកួត​ប្រជែង​ដោយ​សុចរិត​។

លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​នៃ​ក្រសួងពាណិជ្ជកម្ម​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​អង្គារ​ថា ក្រសួងពាណិជ្ជកម្ម​គ្រោង​នឹង​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ការរៀបចំ និង​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មការ​ជាតិ​ការពារ​អ្នកប្រើប្រាស់​ក្នុង​សប្តាហ៍​នេះ​។

លោក​ថ្លែងថា​៖ «​អគ្គនាយកដ្ឋាន​បាន​ធ្វើ​សេចក្តីព្រាង​អនុក្រឹត្យ​នេះ​រួចរាល់​ហើយ​យើង​នឹង​លើក​យក​ពិភាក្សា​ក្នុង​ក្របខ័ណ្ឌ​ក្រសួង និង​ជាមួយ​ម្ចាស់ជំនួយ​នៅ​ថ្ងៃ​សុក្រ​ខាងមុខ​នេះ បន្ទាប់ពី​ពិភាក្សា​រួច យើង​បញ្ជូន​សេចក្តីព្រាង​អនុក្រឹត្យ​នេះ​ទៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ពិនិត្យ និង​សម្រេច​»​។

ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​ត្រូវបាន​ប្រកាស​ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​ ២ វិច្ឆិកា ឆ្នាំ​ ២០១៩ ដែលមាន​ ១១ ជំពូក និង ៥១ មាត្រា​។ ច្បាប់​នេះ​មាន​គោលដៅ​កំណត់​វិធានការ និង​យន្តការ ដើម្បី​ចូលរួម​ចំណែក​បង្កើត​បរិយាកាស​នៃ​ការធ្វើ​ពាណិជ្ជកម្ម​រួមមាន​សិទ្ធិ និង​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់​ត្រូវ​បាន​ការពារ​ការធ្វើ​ពាណិជ្ជកម្ម​នោះ​មាន​ការប្រកួតប្រជែង​ដោយ​សុចរិត និង​អ្នក​ប្រើប្រាស់ និង​ពាណិជ្ជករ​ធ្វើ​សកម្មភាព​ជាមួយ​គ្នា​ដោយ​មាន​ទំនុកចិត្ត​។

លោកស្រី កែវ មុំ អគ្គនាយិកា​ក្រុមហ៊ុន LYLY Food Industry Co ដែលជា​រោងចក្រ​ផលិត​នាំ​ស្រួយ លីលី ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ច្បាប់​នេះ​នឹង​ជួយ​ទប់ស្កាត់​ការនាំ​ចូល​ផលិតផល​ចំណីអាហារ​ក្លែងក្លាយ និង​ការពារ​សុខភាព សុវត្ថិភាព​ចំណីអាហារ​របស់​អ្នក​ប្រើប្រាស់​។

លោកស្រី​បន្តថា ច្បាប់​នេះ​ក៏​នឹង​ជួយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​ពង្រឹក​គុណភាព​ស្តង់ដា​អនាម័យ​។

លោកស្រី​ថ្លែងថា​៖ «​យើង​ឃើញ​ថា ការនាំ​ចូល​ផលិតផល​សម្រេច​មួយ​ចំនួន​ទាក់ទង​នឹង​ផលិតផល​ចំណីអាហារ​គ្មាន​គុណភាព​បាន​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់​យ៉ាង​ខ្លាំង ដូច្នេះ​ក្រុមហ៊ុន​ខ្ញុំ​ផលិត​នំ​ផ្តោតលើ​សុវត្ថិភាព គុណភាព ចំណីអាហារ ជា​ចម្បង​»​។

លោកស្រី​បាន​ឲ្យ​ដឹងថា ការ​នាំចូល​ផលិតផល​នំ ចំណី​ក្លែងក្លាយ និង​គ្មាន​គុណភាព​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទីផ្សារ​ក្នុងស្រុក​។ លោកស្រី​បញ្ជាក់ថា​៖ «​ការត្រួតពិនិត្យ​របស់​យើង​នៅ​មាន​កម្រិត​នៅឡើយ ដែល​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ដូច្នេះ​ក្រសួង​ត្រូវ​ធ្វើការ​រឹតបន្តឹង​ការនាំចូល​នំចំណី​គ្មាន​គុណភាព​ទៅ​តាម​ព្រំដែន​បន្ថែមទៀត​»៕