
បុរសម្នាក់កំពុងដើរកាត់ផ្ទាំងផ្សព្វផ្សាយរបស់Bitcion ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុនកន្លងមក។ AFP
ភ្នំពេញៈ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) បានប្រកាសក្រើនរំឭកដល់សាធារណជនឲ្យបង្កើនការប្រុងប្រយ័ត្ន ឬចៀសវាងការជួញដូររូបិយប័ណ្ណអេឡិចត្រូនិក (Cryptocurrencies) ដោយបញ្ជាក់ថា វាមានហានិភ័យខ្ពស់ ខណៈមិនទាន់មានបទប្បញ្ញាត្តិគ្រប់គ្រងត្រឹមត្រូវនៅឡើយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ម.ក កាលពីថ្ងៃអង្គារ។
Cryptocurrencies ជារូបិយប័ណ្ណអេឡិចត្រូនិកថ្មីមួយដែលគ្មានរូបរាងហើយមានតែតួលេខ ដែលត្រូវបានគ្រប់គ្រងដោយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា។ រូបិយប័ណ្ណប្រភេទនេះមានច្រើនប្រភេទផ្សេងៗគ្នា ហើយត្រូវបានក្លាយជាមធ្យោបាយទូទាត់នៅប្រទេសមួយចំនួន និងត្រូវបានគេទិញលក់ដើម្បីចំណេញ។
ក្នុងចំណោម Cryptocurrencies ជាច្រើន Bitcoin ជារូបិយប័ណ្ណអេឡិចត្រូនិកមួយដែលកំពុងមានប្រជាប្រិយភាពជាងគេតែយ៉ាងណាក៏ដោយវាត្រូវបានហាមឃាត់តាមបណ្តាប្រទេសធំៗជាច្រើន។
សេចក្តីជូនដំណឹងបានលើកឡើងថា មន្រ្តី គ.ម.ក បានសង្កេតឃើញការផ្សព្វផ្សាយយ៉ាងសកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗអំពីការបោះផ្សាយ និងជួញដូររូបិយប័ណ្ណអេឡិចត្រូនិកនេះថាជាឧបករណ៍ហិរញ្ញវត្ថុថ្មី។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «ដើម្បីចៀសវាងនូវហានិភ័យ ឬ ការខាតបង់ផ្សេងៗ សាធារណជនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់លើការជាប់ពាក់ព័ន្ធ ឬ ប្រឡូកក្នុងការជួញដូររូបិយប័ណ្ណឌីជីថលទាំងនេះ [ដើម្បីបញ្ចៀស] ការខាតបង់ជាយថាហេតុ»។
យោងតាម (គ.ម.ក) គិតមកទល់ពេលនេះ ស្ថាប័នគ្រប់គ្រងលើវិស័យមូលបត្រនៅកម្ពុជាមួយនេះមិនទាន់បានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនណាមួយដើម្បីដំណើរការជួញដូររូបិយប័ណ្ណអេឡិចត្រូនិកនេះនៅឡើយទេ។
គ.ម.ក ទើបសម្រេចសហការជាមួយក្រុមហ៊ុន CamNext Global Ltd ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ដើម្បីសិក្សារួមគ្នាលើហានិភ័យថ្មីនៃឧបករណ៍ហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យា (Fintech) និងលទ្ធភាពឲ្យដំណើរការឧបរករណ៍ទាំងនោះ។
ធនាគារជាតិនៃកម្ពុជាកាលពីខែមុនក៏បានចេញសេចក្តីជូនដំណឹងស្រដៀងគ្នានេះមួយដែរ ដោយបានក្រើនរំឭកថា រូបិយប័ណ្ណអេឡិចត្រូនិកមានហានិភ័យខ្ពស់ ហើយកន្លងមក NBC ដែលជាអាជ្ញាធរហិរញ្ញវត្ថុកម្ពុជាមិនដែលផ្តល់ការអនុញ្ញាតឲ្យមានការប្រើប្រាស់រូបិយប័ណ្ណអេឡិចត្រូនិកណាមួយនៅកម្ពុជានោះទេ៕