ភ្នំពេញៈ គណៈកម្មការ​ទី​ ៩ ​នៃ​រដ្ឋសភា​បាន​អនុម័ត​ទាំងស្រុង​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ហុងកុង (AHKFTA) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​បើកផ្លូវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការបន្ត​នីតិវិធី​នៃ​ការធ្វើ​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ​សម្រាប់​បើក​ទីផ្សារ​នាំចេញ​ថ្មី​មួយទៀត​នៅក្នុង​តំបន់ ដែល​ផ្នែក​ឯកជន​ចាត់ទុកជា​ទីផ្សារ​មាន​សក្តានុពល​សម្រាប់​ផលិតផល​កម្ពុជា​។

ការអនុម័ត​នេះ​ត្រូវ​ធ្វើ​ឡើង​រវាង​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដែល​ហៅ​កាត់​ថា «​គណៈកម្មការ​ទី​ ៩» ​នៃ​រដ្ឋសភា​ដឹកនាំ​ដោយ​ប្រធាន​គណៈកម្មការ​លោកស្រី និន សាផុន ជាមួយ​នឹង​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ដែល​ដឹកនាំ​មន្ត្រី​ជំនាញ​ស្ថិតក្រោម​ឱវាទ​ក្រសួង​ការពារ​សេចក្តី​ព្រាង​ច្បាប់​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

បន្ទាប់ពី​ពិនិត្យ​លើ​អត្ថបទ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ហុងកុង អ្នកស្រី និន សាផុន បានប្រកាស​ពី​ការឯកភាព​ទាំង​ស្រុង​ទៅលើ​បែបបទ និង​នីតិវិធី​នៃ​ការស្នើសុំ​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ​។

លោក ប៉ាន សូរស័ក្តិ បាន​ថ្លែងថា កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ពី​កិច្ចព្រមព្រៀង​ពេល​វា​ចូល​ជា​ធរមាន​។

លោក​ថា​៖ «​ក្រសួង​ពាណិជ្ជកម្ម​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការជំរុញ​ការនាំចេញ​តាមរយៈ​ការធ្វើ​ពិពិធកម្ម​ទីផ្សារ ទាញ​យក​ប្រយោជន៍​ឱ្យអស់​លទ្ធភាព​ពី​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​នានា​ដែល​កម្ពុជា​ជា​សមាជិក និង​ស្វែងរក​ទីផ្សារ​បន្ថែម​តាមរយៈ​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​»​។

សេចក្តី​ព្រាងច្បាប់​នេះ​នឹង​ត្រូវ​ដាក់ចូល​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​ពេញអង្គ​រដ្ឋសភា​នាពេល​ខាង​មុខ​។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ-អង្ករ​កម្ពុជា​បាន​ថ្លែងថា ហុងកុង​គឺជា​ទីផ្សារ​ដ៏មាន​សក្តានុពល​មួយ​សម្រាប់​ផលិតផល​កម្ពុជា ជាពិសេស​វិស័យ​កែច្នៃ​ចំណីអាហារ ហើយ​ប្រសិន​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន នោះ​មានន័យថា កម្ពុជា​អាច​បង្កើន​ផលិតភាព​ក្នុង​ការធ្វើ​ពិពិធកម្ម​នាំចេញ​ទៅកាន់​ទីផ្សារ​ហុងកុង​បន្ថែមទៀត​។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ទីក្រុង​ហុងកុង​គឺជា​ទីក្រុង​មួយ​ដែលមាន​ទំនើបកម្ម​នៅក្នុង​វិស័យ​ចំណីអាហារ ការជួញដូរ​ផ្សេងៗ និង​ជា​ច្រកទ្វារ​ហិរញ្ញវត្ថុ​ដ៏សំខាន់​នៅក្នុង​តំបន់​។ ដូច្នេះ​ការសម្រេច​បាន​នូវ​ FTA ​ជា​ការបើកផ្លូវ​ថ្មី​មួយ​សម្រាប់​ផលិតផល​របស់​យើង​»​។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចិន អាស៊ាន ហុងកុង​ ( AHKFTA) ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​ ១១ ខែមិថុនា ឆ្នាំ​ ២០១៩ សម្រាប់​ហុងកុង និង​ប្រទេស​ជា​សមាជិក​អាស៊ាន ដូចជា​ឡាវ មីយ៉ាន់ម៉ា សិង្ហបុរី ថៃ និង​វៀតណាម​។

ស្ថិត​ក្រោម​កិច្ចព្រមព្រៀង AHKFTA ហុងកុង និង​សិង្ហបុរី​ផ្ដល់​ការចូល​ទីផ្សារ​ដោយ​រួច​ពន្ធ ហើយ​នឹង​ដាក់បញ្ចូល​ពន្ធ​គយ​សូន្យ​នៅពេល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​។ ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង​ថៃ​នឹង​លុបចោល​ពន្ធគយ​លើ​ផលិតផល​ ៨៥ ​ភាគរយ ​ដែល​បាន​ជួញដូរ​ជាមួយ​ហុងកុង​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ និង​កាត់បន្ថយ​បន្ទាត់​ពន្ធ​ ១០ ​ភាគរយ​ផ្សេងទៀត​ក្នុង​រយៈពេល​ ១៤ ​ឆ្នាំ​។

ប្រទេស​ឥណ្ឌូនេស៊ី និង​វៀតណាម​នឹង​លុបចោល​ពន្ធគយ​លើ​ផលិតផល​ ៧៥ ​ភាគរយ​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ និង​កាត់បន្ថយ​បន្ទាត់​ពន្ធ​ ១០ ​ភាគរយ​ផ្សេងទៀត​ក្នុង​រយៈពេល​ ១៤ ​ឆ្នាំ​។ ចំណែក​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា​នឹង​លុបចោល​ពន្ធគយ​លើ​ផលិតផល​របស់​ពួកគេ​ ៦៥ ​ភាគរយ​ក្នុង​រយៈពេល​ ១៥ ​ឆ្នាំ និង​កាត់បន្ថយ​បន្ទាត់​ពន្ធ​ ២០ ​ភាគរយ​ផ្សេង​ទៀត​ក្នុង​រយៈពេល​ ២០ ​ឆ្នាំ​។

AHKFTA និង​អាស៊ាន-ហុងកុង កិច្ចព្រមព្រៀង​វិនិយោគ​ចិន (AHKIA) ត្រូវបាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច​អាស៊ាន និង​លេខាធិការ​ទទួលបន្ទុក​ការអភិវឌ្ឍ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​របស់​ហុងកុង​កាលពី​ថ្ងៃទី​ ១២ ខែវិច្ឆិកា​ឆ្នាំ​ ២០១៧ នៅ​ទីក្រុង Pasay City ប្រទេស​ហ្វីលីពីន​។

អាស៊ាន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ឈានមុខ​គេ​ទី​ ២ ​របស់​ហុងកុង​ផ្នែក​ពាណិជ្ជកម្ម​ទំនិញ​កាលពី​ឆ្នាំ​ ២០១៩ និង​ជា​កិច្ចព្រមព្រៀង​ឈានមុខ​គេ​ទី​ ៤ ផ្នែក​ពាណិជ្ជកម្ម​សេវាកម្ម​កាលពី​ឆ្នាំ​ ២០១៨​។ ពាណិជ្ជកម្ម​ទំនិញ​សរុប​រវាង​ហុងកុង និង​អាស៊ាន​មាន​ចំនួន​ ១០១៨ ពាន់​លាន​ដុល្លារ​ហុងកុង​ កាលពី​ឆ្នាំ​ ២០១៩ និង​ពាណិជ្ជកម្ម​សេវាកម្ម​សរុប​រវាង​ភាគី​ទាំង​ ២ ​មាន​ចំនួន​ ១៣៧ ពាន់​លាន​ដុល្លារ​ហុងកុង​ កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​របស់​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​។

កាលពី​ចុងឆ្នាំ​ ២០១៨ អាស៊ាន​ជាប់​ចំណាត់ថ្នាក់​ទី​ ៤ ​ក្នុង​ចំណោម​ទិសដៅ​នៃ​ការវិនិយោគ​ផ្ទាល់​ខាងក្រៅ​ជាច្រើន​របស់​ហុងកុង​មាន​ភាគហ៊ុន​ចំនួន​​ ៤៨០ ​ពាន់​លាន​ដុល្លារ​ហុងកុង និង​ជាប់​ចំណាត់ថ្នាក់​ទី​ ៦ ​នៃ​ប្រភព​វិនិយោគ​ផ្ទាល់​ខាងក្រៅ​របស់​ហុងកុង​៕LA