ភ្នំពេញៈ គណៈកម្មការដើម្បីជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជាដែលរំពឹងថានឹងបង្កើតបទប្បញ្ញតិ្ត និងបង្កើនទំនុកចិត្តវិនិយោគិនក្នុងឧស្សាហកម្មសូត្រត្រូវបានបង្កើតហើយដោយដាក់ឲ្យនៅក្រោមក្រសួងពាណិជ្ជកម្ម បន្ទាប់ពីពន្យារពេលអស់ពីរឆ្នាំកន្លងមក។
គណៈកម្មការដើម្បីជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជានេះត្រូវបានផ្តួចផ្តើមឡើងដោយអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចម ប្រសិទ្ធ ដែលគ្រោងបង្កើតស្ថាប័ននេះនៅក្រោយការបោះឆ្នោត កាលពីឆ្នាំ ២០១៣។ ការពន្យារពេលបង្កើតស្ថាប័ននេះបណ្តាលមកពីកង្វះការសម្របសម្រួលរវាងក្រសួងពាក់ព័ន្ធ។
គណៈកម្មការថ្មីនេះមានភារកិច្ចកំណត់យុទ្ធសាស្ត្រ និងវិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសូត្រ ផ្តល់ព័ត៌មាន និងស្វែងរកទីផ្សារសម្រាប់ផលិតផលសូត្រ លើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ផលិតកម្មសូត្រ និងស្រាវជ្រាវ អភិវឌ្ឍខ្សែចង្វាក់ផលិតកម្មសូត្រជាដើម។ នេះបើតាមសេចក្តីប្រកាសស្តីពីការបង្កើតគណៈកម្មការដើម្បីជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជាចេញដោយក្រសួងពាណិជ្ជកម្មកាលពីខែមីនាកន្លងទៅនេះ។
បន្ថែមពីនេះ ភារកិច្ចសំខាន់មួយទៀតរបស់គណៈកម្មការនេះគឺរៀបចំគោលនយោបាយយុទ្ធសាស្ត្រដើម្បីជំរុញការអភិវឌ្ឍវិស័យសូត្រ ចាប់តាំងពីការដាំដុះ ផលិតសរសៃសូត្រ រហូតដល់ចរាចរនៅទីផ្សារក្នុង និងក្រៅប្រទេស។
លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការដើម្បីជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជាបានថ្លែង កាលពីម្សិលមិញថា៖ «គណៈកម្មការនេះបង្កើតឡើងដើម្បីជួយឲ្យវិស័យសូត្រឲ្យមានដំណើរការល្អឡើងវិញនូវអ្វីដែលយើងកំពុងពិភាក្សាលើទិសដៅសម្រាប់វិស័យនេះ។ អ្វីដែលយើងត្រូវធ្វើគឺប្រមូលទិន្នន័យនៅតាមខេត្តអំពីការផលិតសូត្រ និងកំណត់មុខសញ្ញានិងភារកិច្ចសម្រាប់អ្នកដែលពាក់ព័ន្ធ»។
លោកបន្តថា៖ «យើងគ្រោងបង្កើតជាសមាគមអ្នកផលិតសូត្រមាស បន្ទាប់មកទៀតយើងនឹងចុះបង្រៀនគាត់ពីកសិកម្មកិច្ចសន្យាដែលអាចឲ្យគាត់ផលិតឲ្យអ្នកទិញតែម្តង»។
លោកបន្ថែមថា ដំណើរការនៃការស្រោចស្រង់វិស័យសូត្រនឹងត្រូវធ្វើឡើងជាដំណាក់កាលអាស្រ័យលើថវិកាដែលនឹងប្រើប្រាស់ថវិកាជាតិដែលផ្តល់ឲ្យគណៈកម្មការនេះ។
ការផលិតសូត្រមាសដែលមានប្រភពពីដង្កូវនាងបានថយចុះពី១០តោនក្នុងមួយឆ្នាំ កាលពីឆ្នាំ ២០០៨ មកនៅត្រឹមប្រមាណ២តោនក្នុងមួយឆ្នាំនាពេលបច្ចុប្បន្ននេះ។ នេះបើយោងតាមលោក ម៉ែន ស៊ីនឿន នាយកប្រតិបត្តិនៃសមាគមសិប្បករកម្ពុជា។
លោកថ្លែងថា៖ «ផលិតកម្មសូត្រមាសបានថយចុះរយៈពេលច្រើនឆ្នាំមកហើយ គណៈកម្មការនេះទើបតែត្រូវបានបង្កើតឡើង។ វានឹងត្រូវការពេល និងការងារច្រើនដើម្បីឲ្យការផលិតសូត្រមាសកើនឡើងវិញ។ ការផលិតសូត្រមាសទាមទារការវិនិយោគធំនិងក្នុងរយៈពេលវែង។ បើរដ្ឋាភិបាលមិនមានថវិកាគ្រប់គ្រាន់ដើម្បីវិនិយោគលើវិស័យនេះទេ គួរពិចារណាលើការទាក់ទាញវិស័យឯកជនឲ្យមកវិនិយោគលើវិស័យនេះ ដោយសារសូត្រមាសពេលនេះមានតម្លៃល្អ»។
តាមការឲ្យដឹងរបស់លោក ម៉ែន ស៊ីនឿន កាលពីខែធ្នូ ឆ្នាំ ២០១៤ តម្រូវការសូត្រមាសមានប្រមាណ ៣០០ តោនក្នុងមួយឆ្នាំ។ ការកើនឡើងតម្លៃសូត្រមាសពី ៦០ ដុល្លារក្នុងមួយគីឡូក្រាមពីប្រាំឆ្នាំមុនដល់ទៅ ៩០ ដុល្លារក្នុងមួយគីឡូក្រាមនៅថ្ងៃនេះមិនបានលើកទឹកចិត្តឲ្យអ្នកផលិតស្ថិតនៅក្នុងឧស្សាហកម្មនេះទេ ដោយសារការផលិតសរសៃសូត្រមាសទាមទារពេលវេលា និងប្រឈមនឹងការខាតបង់បើកូនដង្កូវនាងងាប់មុនពេលវាអាចផលិតចេញជាសរសៃសូត្រ។
សូត្រពណ៌មាសត្រូវបានរដ្ឋាភិបាលគ្រោងដាក់ចូលទៅជាផលិតផល GI ជាការបញ្ជាក់ពីគុណភាពផលិតផលដែលមានប្រភពភូមិសាស្រ្តជាក់លាក់ និងមានលក្ខណសម្បត្ដិឬកេរ្តិ៍ឈ្មោះមួយ៕