ភ្នំពេញៈ មន្រ្ដីជាន់ខ្ពស់មកពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) ឲ្យដឹងថា គណៈកម្មការមូលបត្រកម្ពុជា (SECC) កាលពីសប្តាហ៍មុន បានយល់ព្រមឲ្យ CSX ធ្វើការផ្លាស់ប្តូរការជួញដូររបស់ខ្លួនចាប់ពីការជួញដូរ ៦ វគ្គដល់ការជួញដូរជានិរន្តរ៍ដើម្បីបង្កើនសកម្មភាពទីផ្សារ និងសកម្មភាពសាច់ប្រាក់។
លោក ល្មូន សូឡី អនុប្រធានផ្នែកប្រតិបត្តិការទីផ្សាររបស់ CSX បានថ្លែងថា គណៈកម្មការមូលបត្រកម្ពុជាបានយល់ព្រមលើការជួញដូរជានិរន្តរ៍សម្រាប់ CSX កាលពីថ្ងៃពុធ។
លោកបានថ្លែងថា បច្ចុប្បន្ន CSX ដំណើរការប្រតិបត្តិការជួញដូរ ៦ វគ្គប៉ុណ្ណោះក្នុងមួយថ្ងៃជារៀងរាល់កន្លះម៉ោងចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ១១:៣០ នាទី។ ជាការឆ្លើយតបនឹងការស្នើសុំរបស់ CSX គណៈកម្មការមូលបត្រកម្ពុជា (SECC) បានយល់ព្រមលើការជួញដូរជានិរន្តរ៍ចំនួន ២ ម៉ោងចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ១១ ព្រឹកហើយបានរក្សាការបិទការជួញដូរនៅម៉ោង ១១:៣០ នាទីព្រឹក។
លោកលើកឡើងថា៖ «ក្នុងអំឡុងពេល ២ ម៉ោងនេះ ការជួញដូរអាចធ្វើឡើងគ្រប់ពេលដែលការបញ្ជាទិញនិងការលក់គឺ «អាចផ្គូផ្គងគ្នាបាន»។ លោកបន្តថា៖ «វិនិយោគិននឹងលែងមានការធុញទ្រាន់តាមរយៈការរង់ចាំកន្លះម៉ោងទំរាំដល់ការជួញដូរបន្ទាប់នឹងធ្វើឡើងទៀតហើយ»។
លោកបន្ថែមថា៖ «ពួកគេនឹងចាំបាច់ត្រូវយកចិត្តទុកដាក់បន្ថែមទៀតដល់ទីផ្សារនេះ ដោយសារតតម្លៃអាចមានការផ្លាស់ប្តូរគ្រប់នាទី។ នៅពេលបានដាក់ការបញ្ជាទិញពួកគេអាចមើលឃើញពីផលប៉ះពាល់ភ្លាមៗនៃការបញ្ជាទិញរបស់ពួកគេ ឬត្រូវរក្សាការតាមដានទីផ្សារនេះដើម្បីវាយតម្លៃពីស្ថានភាពការបញ្ជាទិញរបស់ពួកគេធៀបជាមួយនឹងទីផ្សារនេះ»។
លោក ស្វាយ ហៃ អគ្គនាយកក្រុមហ៊ុនមូលបត្រ អេស៊ីលីដា បានថ្លែងថា ផែនការនេះនឹងជួយដល់ទីផ្សារដើម្បីទាក់ទាញវិនិយោគិនកាន់តែច្រើនដែលចង់ទិញ និងលក់ភាគហ៊ុនពេលជាមួយគ្នា។
លោកបន្តថា៖ «ជាធម្មតាពេលទីផ្សារមានភាពចាស់ទុំវាចាំបាច់ត្រូវមានសកម្មភាពជួញដូរកាន់តែច្រើនដើម្បីបង្កើនវិនិយោគិនកាន់តែច្រើននិងសន្សំពេលវេលាសម្រាប់ពួកគេហើយយើងត្រៀមខ្លួនជាស្រេចជាមួយប្រព័ន្ធនេះ និងរង់ចាំតែការប្រកាសជាផ្លូវការតែប៉ុណ្ណោះ»។
ប៉ុន្តែលោក ល្មូន សូឡី ថ្លែងថា ការអនុវត្តដំណើរការជួញដូរថ្មីនេះមិនទាន់បានកំណត់នៅឡើយទេ។
លោកបន្តថា៖ «យើងមិនទាន់ដឹងនៅឡើយទេនៅពេលណានឹងចាប់ផ្ដើមអនុវត្តដំណើរការនេះ។ CSX ចាំបាច់ត្រូវរៀបចំបច្ចេកទេសជាមួយប្រព័ន្ធនេះឲ្យរួចស្រេចធ្វើការបណ្ដុះបណ្ដាលតម្រង់ទិសដល់ក្រុមហ៊ុនមូលបត្រប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។ល។»។
សន្ទស្សន៍តម្លៃរបស់ CSX កាលពីថ្ងៃម្សិលមិញបិទការជួញដូរ ៤៦០,៨៥ រៀលដោយមានទំហំជួញដូរ ១ ១២៦ ហ៊ុននិងតម្លៃសរុប ៨ ៦០៥ ៦០០ រៀល៕