ភ្នំពេញ: រដ្ឋាភិបាលកម្ពុជាកំពុងពិចារណាសម្រេចបង្កើតគណៈកម្មាធិការជាតិសម្រាប់វិធានការមិនមែនពន្ធ (គ.ជ.ម.ព) ក្នុងគោលបំណងជួយជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា និងបង្កើនល្បឿនសមាហរណកម្មទៅក្នុងក្របខ័ណ្ឌតំបន់ពាណិជ្ជកម្មសេរីសំខាន់ ជាពិសេសប្រទេសក្នុងសមាគមអាស៊ានដែលគ្រោងនឹងបង្កើតជាសហគមន៍សេដ្ឋកិច្ចមួយដ៏ធំនៅដំណាច់ ឆ្នាំ២០១៥ ខាងមុខនេះ។
គម្រោងបង្កើត គ.ជ.ម.ព របស់រដ្ឋាភិបាលកម្ពុជា គឺជាការឆ្លើយតបទៅនឹងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើក ទី១៩ ដែលប្រព្រឹត្តទៅក្នុង ទីក្រុងហាណូយ កាលពីថ្ងៃ ទី១៨ ខែមីនា ឆ្នាំ២០១៣ បានសម្រេចឲ្យរដ្ឋសមាជិកនីមួយៗ បង្កើតអង្គភាពអន្តរស្ថាប័នស្តីពីវិធានការមិនមែនពន្ធដើម្បីត្រួតពិនិត្យលើរាល់វិធានការមិនមែនពន្ធនានាដែលបានដាក់ចេញដោយប្រទេសទាំងនោះ ក្នុងគោលបំណងចៀសវាងបាននូវការបង្កើតវិធានការ ដែលផ្ទុយនឹងបទប្បញ្ញត្តិនានាក្រោមកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន។
បើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឲ្យដឹងថា រដ្ឋាភិបាលកំពុងតាក់តែងនូវសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ម.ព ដែលមាន ៦ ជំពូក និង ១១ មាត្រា ដើម្បីសម្រេចឲ្យបង្កើតគណៈកម្មាធិការនេះដើម្បីសម្រួលឲ្យកម្ពុជាកាន់តែមានភាពងាយស្រួលក្នុងការគ្រប់គ្រងរាល់ប្រភេទទំនិញមិនមែនពន្ធនេះ។
ចាប់តាំងពី ឆ្នាំ២០១០ មកទោះបីជាប្រទេសសមាជិកអាស៊ាន ៦ បានលុបចោលពន្ធនាំចូលស្ទើរតែទាំងស្រុង ក៏ប៉ុន្តែសង្កេតឃើញថា ពាណិជ្ជកម្មទំនិញក្នុងតំបន់ពុំទាន់បានប្រព្រឹត្តទៅដោយសេរីពេញលេញនៅឡើយ ដោយសារប្រទេសសមាជិកភាគច្រើនបានដាក់វិធានការមិនមែនពន្ធដែលមិនស្របទៅនឹងបទប្បញ្ញតិ្តនានានៃកិច្ចការអាស៊ានទាក់ទងនឹងការព្រមព្រៀងពីពាណិជ្ជកម្មអាស៊ាន។
«ការអនុវត្តពេញលេញនូវកម្មវិធីការងារនៃវិធានការមិនមែនពន្ធដោយសារប្រទេសសមាជិកនៃតំបន់ពាណិជ្ជកម្មសេរីដែលកម្ពុជាជាភាគីនឹងធ្វើឲ្យការនាំចេញ ជាពិសេសការនាំចេញកសិផលកម្ពុជា ទៅក្រៅប្រទេសប្រព្រឹត្តទៅដោយរលូន ក្នុងនោះមានការនាំចេញពោត និងដំឡូងទៅ ប្រទេសថៃ ការនាំចេញសន្លឹកថ្នាំជក់ទៅ ប្រទេសវៀតណាម ដោយគ្មានកូតា ព្រមទាំងការនាំចេញទៅប្រទេសដទៃទៀតដែលជាភាគីនៃតំបន់ពាណិជ្ជកម្មសេរីជាមួយអាស៊ាន»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ។
លោក កែន រដ្ឋា អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃអង្គារថា គំនិតផ្តួចផ្តើមនេះនឹងរឹតតែជំរុញឲ្យកម្ពុជាមានឱកាសថែមមួយកម្រិតទៀត ជាពិសេសក្នុងការទាក់ទាញវិនិយោគិនទាំងក្នុងតំបន់ និងក្រៅតំបន់ធ្វើការវិនិយោគដើម្បីនាំចេញបន្តទាំងក្នុងអាស៊ាន និងពិភពលោក»។
លោកបានថ្លែងថា «ជាការពិតណាស់ ការនាំចេញរបស់យើងទៅកាន់ប្រទេសដែលជាសមាជិកអាស៊ានដទៃទៀតគឺមិនទាន់មានទំហំធំនោះទេ។ ប៉ុន្តែយើងសង្កេតឃើញថា គឺយើងមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយប្រទេសខ្លះគេនៅរឹតបន្តឹងខ្លះ យើងទទួលស្គាល់ថា និន្នាការនាំចេញរបស់យើងគឺកំពុងកើនឡើង»។
លោក កែន រដ្ឋា បានឲ្យដឹងបន្តទៀតថា៖ «ខ្ញុំយល់ឃើញថា ប្រទេសគឺពិតជាមានលក្ខណៈអំណោយផលខ្លាំងក្នុងការទាក់ទាញការវិនិយោគបើធៀបទៅនឹងបណ្តាប្រទេសសមាជិកផ្សេងៗទៀត គឺយើងស្ថិតនៅកណ្តាលគេ ដូច្នេះយើងមិនត្រឹមតែអាចទាក់ទាញពីបណ្តាប្រទេសជាសមាជិកផ្សេងទៀតនោះទេ តែបណ្តាប្រទេសផ្សេងៗនៅលើពិភពលោកយើងនេះក៏អាចធ្វើការវិនិយោគនៅប្រទេសយើង ជាពិសេសផ្នែកផលិតកម្មដើម្បីធ្វើការនាំចេញបានយ៉ាងងាយស្រួលទៀតផង»។
បើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសដែលជាសមាជិកអាស៊ានសម្រេចបានចំនួន ៤,១៦ ពាន់លានដុល្លារសហរដ្ឋអាមេរិកកាលពី ឆ្នាំ២០១៣ គឺមានការកើនឡើងជាង ១២ ភាគរយធៀបទៅនឹង ឆ្នាំ២០១២។
ដោយឡែកសម្រាប់កម្ពុជា បានធ្វើការនាំចេញប្រមាណជា ៤៨២ លានដុល្លារសហរដ្ឋអាមេរិកកាលពី ឆ្នាំ២០១៣ ទៅកាន់ប្រទេសដែលជាសមាជិកអាស៊ានមានការកើនឡើង ៥១ ភាគរយហើយការនាំចូលវិញសម្រេចបានប្រមាណជា ៣,៦៨ ពាន់លានដុល្លារសហរដ្ឋអាមេរិកដែលមានការកើនឡើង ៨ ភាគរយ ហើយដៃគូពាណិជ្ជកម្មសំខាន់របស់ខ្លួន គឺ ប្រទេសវៀតណាម និងថៃ៕