ការជ្រើសរើសភាគហ៊ុនឱ្យបានល្អសម្រាប់វិនិយោគមិនពិបាកនោះទេ ប្រសិនបើវិនិយោគិនដឹងអំពីរបៀបជ្រើសរើសដែលត្រឹមត្រូវ។ មានកត្តាជាច្រើនដែលវិនិយោគិនគួរពិចារណាក្នុងនោះរួមមាន ៤ ចំណុចសំខាន់ៗ៖ (១) សក្តានុពលរីកចម្រើនរបស់ក្រុមហ៊ុន (២) គុណភាពនៃអាជីវកម្ម (៣) ថ្លៃទីផ្សាររបស់ភាគហ៊ុន និង (៤) សន្ទនីយភាពរបស់ភាគហ៊ុន។
១. សក្តានុពលរីកចម្រើនរបស់ក្រុមហ៊ុន
ក្រុមហ៊ុនដែលប្រកបដោយសក្តានុពលគឺជាក្រុមហ៊ុនដែលមានឱកាសខ្ពស់ក្នុងការរីកចម្រើនទៅមុខ។ ភាពរីកចម្រើនក្នុងន័យនេះសំដៅលើចីរភាពរបស់ក្រុមហ៊ុនក្នុងរយៈពេលវែង ភាពប្រកួតប្រជែងខ្ពស់ និងលទ្ធភាពរកប្រាក់ចំណេញបានច្រើនរបស់ក្រុមហ៊ុន។
ដើម្បីដឹងថាក្រុមហ៊ុនណាមានសក្តានុពលរីកចម្រើនខ្ពស់ គេមើលទៅលើប្រភេទអាជីវកម្មក៏ដូចជារបៀបនៃការធ្វើអាជីវកម្មនោះ ដែលវាជាកញ្ចក់ឆ្លុះបញ្ចាំងនូវភាពយូរអង្វែង ដែលក្រុមហ៊ុនអាចដំណើរការទៅបាន។ ឧទាហរណ៍ ការនាំចេញ-នាំចូលគឺជាវិស័យដែលមានតម្រូវការខ្ពស់ និងជាប្រចាំ ព្រោះប្រទេសនីមួយៗមានតម្រូវការផ្លាស់ប្តូរទំនិញ និងផលិតផល ដូចនេះអាជីវកម្មកំពង់ផែប្រាកដជាស្ថិតនៅក្នុងប្រភេទវិស័យដែលមានសក្តានុពលមួយ។
ឧទាហរណ៍ផ្សេងមួយទៀត ក្រុមហ៊ុនណាដែលអាចបត់បែន និងសម្របខ្លួនបានលឿនទៅនឹងទំនោរឧស្សាហកម្មនាពេលបច្ចុប្បន្នដែលមាននិន្នាការប្រែប្រួលឆាប់រហ័ស ដូចជាក្រុមហ៊ុនដែលប្រើប្រាស់បច្ចេកវិទ្យា គឺជាក្រុមហ៊ុនដែលមានភាពប្រកួតប្រជែងខ្ពស់ និងលទ្ធភាពទទួលបានជោគជ័យខ្ពស់នៅលើទីផ្សារ ដោយសារមានថ្លៃដើមទាប តែមានផលិតភាព និងប្រសិទ្ធភាពខ្ពស់ក៏ដូចជាទីផ្សារធំ ធៀបនឹងស្ថាប័នផ្សេងក្នុងវិស័យដូចគ្នា។
របៀបមើលសាមញ្ញមួយទៀតគឺមើលទៅលើចំណុចមួយចំនួន អាចជាចំនួនអតិថិជន ប្រាក់ចំណូល និង/ឬប្រាក់ចំណេញរបស់ក្រុមហ៊ុននេះ ថាតើកំពុងស្ថិតក្នុងកំណើនជាប្រចាំដែរ ឬទេ ឬលឿនកម្រិតណាក្នុងរយៈពេលប៉ុន្មានខែ/ឆ្នាំចុងក្រោយក៏ជាផ្នែកមួយដែលបង្ហាញឱ្យឃើញនូវសក្តានុពលរបស់ក្រុមហ៊ុនក៏ដូចជារង្វាស់ប៉ាន់ស្មាន ថាក្រុមហ៊ុននោះអាចដំណើរការទៅបានយូរអង្វែងផងដែរ។
២. គុណភាពនៃអាជីវកម្ម
ការវិនិយោគភាគហ៊ុនគឺមិនខុសពីការបណ្តាក់ទុនរកស៊ីនោះទេ ពោលគឺវិនិយោគិនត្រូវពិនិត្យលើចំណុចសំខាន់ៗដែលឆ្លុះបញ្ចាំងពីគុណភាពរបស់ក្រុមហ៊ុន ដូចជា សមាសភាពគណៈគ្រប់គ្រងក្រុមហ៊ុន អភិបាលកិច្ចសាជីវកម្ម លទ្ធផលរបាយការណ៍ហិរញ្ញវុត្ថុ និងអនុបាតនានា។
ក្រុមហ៊ុនដែលមានគណៈគ្រប់គ្រងរឹងមាំ និងមានកេរ្តិ៍ឈ្មោះល្អ នឹងដឹកនាំក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាពការងារខ្ពស់ដើម្បីសម្រេចគោលដៅរួមដោយរលូន។ អភិបាលកិច្ចសាជីវកម្មល្អក៏ជាផ្អែកមួយដ៏សំខាន់ដែលអាចជួយក្រុមហ៊ុនកាត់បន្ថយហានិភ័យនៃអំពើពុករលួយ ការកេងបន្លំ បក្សពួកនិយម ទំនាស់ផលប្រយោជន៍ក្នុងក្រុមហ៊ុន និងការពឹងផ្អែកតែទៅលើបុគ្គលណាម្នាក់ជាដើម។
ក្រុមហ៊ុនដែលមានអភិបាលកិច្ចសាជីវកម្មល្អគឺជាក្រុមហ៊ុនដែលមានរចនាសម្ព័ន្ធ និងកំណត់សិទ្ធិ និងកាតព្វកិច្ចច្បាស់លាល់រវាង ភាគហ៊ុនិក ក្រុមប្រឹក្សាភិបាល គណៈកម្មាធិការនានាក្នុងក្រុមហ៊ុន គណៈគ្រប់គ្រងជាន់ខ្ពស់ និងបុគ្គលផ្សេងៗទៀត។
ជាចុងក្រោយគឺរបាយការណ៍ហរិញ្ញវត្ថុរបស់ក្រុមហ៊ុនដែលជាធាតុចូលយ៉ាងសំខាន់ក្នុងការគាំទ្រនូវការសម្រេចចិត្តរបស់វិនិយោគិន។ របាយការណ៍នេះអាចឲ្យវិនិយោគិនដឹងពីប្រសិទ្ធភាពក្នុងការគ្រប់គ្រងអាជីវកម្ម និងការចាត់ចែងទ្រព្យសកម្ម ដើម្បីរកប្រាក់ចំណេញបានល្អកម្រិតណាក៏ដូចជាលទ្ធភាពក្នុងការគ្រប់គ្រងបំណុលរបស់ក្រុមហ៊ុនផងដែរ។
ដើម្បីងាយស្រួលប្រៀបធៀបគ្នារវាងក្រុមហ៊ុនដែលត្រូវជ្រើសរើស វិនិយោគិនអាចមើលទៅលើអនុបាតនានាដូចជា អត្រាប្រាក់ចំណេញធៀបនឹងចំណូលដែលរកបាន (Profit Margin) អត្រាប្រាក់ចំណេញធៀបនឹងមូលធន (Return on Equity-ROE) ចំណេញធៀបនឹងទ្រព្យសកម្ម (Return on Assets - ROA) ថាតើមួយណាខ្ពស់ជាង។ ជាងនេះទៅទៀត វិនិយោគិនក៏គួរគប្បីមើលផងដែរលើកម្រិតនៃបំណុលរបស់ក្រុមហ៊ុន និងលទ្ធភាពសងបំណុលរបស់ក្រុមហ៊ុនដែលត្រូវជ្រើសរើសផងដែរ ដោយអាចពិនិត្យលើអនុបាតដូចជា កម្រិតបំណុលធៀបនឹងទ្រព្យសកម្មដែលមាន (Debt to Assets - D/A) បំណុលធៀបនឹងទ្រព្យរបស់ម្ចាស់ (Debt to Equity - D/E) ទ្រព្យរយៈពេលខ្លីធៀបនឹងបំណុលរយៈពេលខ្លី (Current Ratio) ជាដើម។
៣. ថ្លៃទីផ្សាររបស់ភាគហ៊ុន
វិនិយោគិនត្រូវជ្រើសរើសភាគហ៊ុនណាដែលមានថ្លៃទាបជាងទីផ្សារ មិនមែនភាគហ៊ុនដែលមានតម្លៃថោកនោះទេ។ ដើម្បីអាចវាស់បានថាក្រុមហ៊ុននោះមានថ្លៃទាបជាងទីផ្សារ គេច្រើនមើលទៅលើអនុបាតថ្លៃធៀបនឹងចំណេញ (Price to Earning- P/E) និង អនុបាតថ្លៃធៀបនឹងទ្រព្យសុទ្ធ (Price to Book Value - P/B)។ អនុបាតទាំង ២ នេះកាន់តែតូចកាន់តែល្អ ជាក់ស្តែង បើភាគហ៊ុនណាមានអនុបាតទាំង ២ នេះទាបជាង អនុបាតជាមធ្យមរបស់ក្រុមហ៊ុនជាទូទៅនៅក្នុងវិស័យជាមួយគ្នាមានន័យថា ភាគហ៊ុននោះកំពុងមានថ្លៃទីផ្សារទាប។
បន្ថែមពីនេះ ទិន្នផលភាគលាភ (Dividend Yield) ក៏ត្រូវបានប្រើប្រាស់ដើម្បីវាស់អំពីអត្រាចំណេញលើការវិនិយោគរបស់វិនិយោគិនដោយប្រើផលធៀបចំនួនភាគលាភក្នុង ១ ហ៊ុន និងថ្លៃភាគហ៊ុនបច្ចុប្បន្ននៅលើទីផ្សារ។ វិនិយោគិនគួរជ្រើសរើសភាគហ៊ុនណាដែលមានអត្រាទិន្នផលភាគលាភខ្ពស់ជាង។
៤. សន្ទនីយភាពរបស់ភាគហ៊ុន
ភាគហ៊ុនដែលមានសន្ទនីយភាពខ្ពស់មានន័យថាជាភាគហ៊ុនដែលអាចលក់ចេញបានឆាប់រហ័សនៅលើទីផ្សារ។ ទំហំជួញដូរគឺជាសូចនាករមួយដ៏សំខាន់ ដើម្បីអាចដឹងបានថាភាគហ៊ុននោះមានសន្ទនីយភាពកម្រិតណា។ ទំហំជួញដូរកាន់តែខ្ពស់ បង្ហាញថាភាគហ៊ុននោះមានសន្ទនីយភាពកាន់តែខ្ពស់។
ការវិនិយោគលើភាគហ៊ុនមានសន្ទនីយភាពខ្ពស់មានភាពងាយស្រួលនៅពេលអនាគត ប្រសិនបើវិនិយោគិនត្រូវការសាច់ប្រាក់វិញ ដើម្បីគោលដៅណាមួយសម្រាប់វិនិយោគិនដែលស្វែងរកប្រាក់ចំណេញឆាប់ៗ ដូចជាវិនិយោគិនរយៈពេលខ្លី និងវិនិយោគិនជួញដូរប្រចាំថ្ងៃ ភាគច្រើនវិនិយោគលើភាគហ៊ុនប្រភេទនេះ ដោយសារវាមានលទ្ធភាពកេងរកចំណេញមូលធនបានច្រើន តាមរយៈការជួញដូរក្នុងថ្ងៃតែមួយ៕
រៀបរៀងដោយ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នាយកដ្ឋានប្រតិបត្តិការទីផ្សារ
អ៊ីមែល៖ market@csx.com.kh
ទូរសព្ទ៖ 023 95 88 88 / 023 95 88 85
សេចក្តីប្រកាស៖ អត្ថបទនេះត្រូវបានចងក្រងក្នុងគោលបំណងផ្តល់ជាព័ត៌មាន និងការអប់រំប៉ុណ្ណោះ ដោយមិនផ្តល់អនុសាសន៍ណាមួយទាក់ទងនឹងការវិនិយោគទេ។ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាមិនទទួលខុសត្រូវរាល់ការបាត់បង់ ឬ ខូចខាតណាមួយដែលកើតឡើងពីការប្រើប្រាស់អត្ថបទនេះឡើយ។