ភ្នំពេញៈ ខណៈវាជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចមួយក្នុងចំណោមវិស័យសំខាន់ៗផ្សេងទៀតរបស់ប្រទេសកម្ពុជា វិស័យកសិកម្មកំពុងទាក់ទាញការយកចិត្តទុកដាក់ទាំងរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។
គម្រោងគាំទ្រកសិកម្មដែលមានទឹកប្រាក់រាប់លានដុល្លារដោយរដ្ឋាភិបាល និងអង្គការអន្តរជាតិដែលជាដៃគូអភិវឌ្ឍន៍របស់រដ្ឋាភិបាល នៅពេលនេះកំពុងនាំយកការផ្លាស់ប្តូរវិជ្ជមានសម្រាប់កសិករភាគច្រើនក្នុងគម្រោងនេះ។
លោក គៀន សុភា អនុប្រធាន នាយកដ្ឋានសាកវប្បកម្ម និង ដំណាំរួមផ្សំនៅក្រសួងកសិកម្មបានឲ្យដឹងថាមូលនិធិនេះបានធ្វើឲ្យជីវភាពរស់នៅរបស់កសិកររាប់ពាន់គ្រួសារនៅប្រទេសនេះមានការផ្លាស់ប្តូរ។
លោកថ្លែងថា៖ «មានការផ្លាស់ប្តូរជាច្រើនសម្រាប់ជីវភាពរស់នៅរបស់កសិករ យើងបានកត់សម្គាល់ថាប្រាក់ចំណូលរបស់ពួកគេកើនឡើង ២ ដង បន្ទាប់ពីបានចូលរួមក្នុងគម្រោងនេះ»។
លោកបន្ថែមថា នៅពេលនេះកសិករភាគច្រើនបានងាកទៅរកការធ្វើជាកសិករទំនើប។
លោកបន្តថា៖ «ដោយពឹងផ្អែកលើមូលនិធិនេះ យើងបង្កើតក្រុមការងារ និងសហករណ៍ដែលកសិករអាចពិភាក្សាគ្នាពីបញ្ហារបស់ពួកគេ និងចែករំលែកបទពិសោធរបស់ពួកគេសម្រាប់ការទទួលបានការផលិតកាន់តែខ្ពស់ប្រកបដោយគុណភាព និងស្ដង់ដារ»។
លោកបន្តថាប៉ុន្តែកសិករមួយចំនួននៅតែពិបាកក្នុងការផ្លាស់ប្តូរឥរិយាបថ និងទម្លាប់ធ្វើកសិកម្មបែបប្រពៃណីរបស់ពួកគាត់។ លោកបានថ្លែងថា៖ «កសិករខ្លះមិនចង់ធ្វើកសិកម្មដោយពឹងផ្អែកលើរចនាសម្ព័ន្ធ ដោយការកត់ត្រាធាតុចូលទាំងអស់នោះទេ ពួកគេចង់ធ្វើកសិកម្មដោយគំនិតចាស់ៗរបស់ពួកគេ ពួកគេមិនចង់ទទួលយកវិញ្ញាបនបត្រពីការអនុវត្តកសិកម្មល្អ (GAP) ទេ ដែលនេះវាពិបាកក្នុងការបង្កើតទំនុកចិត្តដល់អ្នកទិញ»។
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្មកាលពីពាក់កណ្ដាលឆ្នាំ ២០១៦ បានចាក់បញ្ចូលសាច់ប្រាក់ ២០ លានដុល្លារសម្រាប់គំនិតផ្ដួចផ្ដើមគម្រោងដំណាំកសិកម្មរយៈពេល ៣ ឆ្នាំសម្រាប់កសិករនៅបណ្ដាយដងទន្លេមេគង្គ។
ទិសដៅនេះនឹងផ្គត់ផ្គង់បន្លែស្ដង់ដារប្រកបដោយគុណភាព និងសុវត្ថិភាព ១៦០ តោនក្នុងមួយថ្ងៃទៅឲ្យទីផ្សារក្នុងស្រុក។
វិស័យសាកវប្បកម្ម និង ដំណាំរួមផ្សំរបស់ប្រទេសកម្ពុជាបានប្រឈមនឹងបញ្ហាអស់រយៈពេលជាយូរមកហើយដែលធ្វើឲ្យប្រទេសដែលពឹងផ្អែកលើកសិកម្មមួយនេះត្រូវនាំចូលបន្លែផ្លែឈើជិត ៣០០ លានដុល្លារក្នុងមួយឆ្នាំពីប្រទេសជិតខាង។
មានកសិករដាំដំណាំកសិកម្មជាង ២ ០០០ គ្រួសារ និងសហករណ៍ស្រូវ ២០០ គ្រួសារនៅក្នុងគម្រោងនេះ។
កម្មវិធីរយៈពេល ៣ ឆ្នាំនេះមានន័យថាដើម្បីពង្រឹងការធ្វើកសិកម្មបន្លែដោយអនុវត្តតាមស្ដង់ដារ GAP ដែលផ្ដោតលើដំណាំកសិកម្មអាទិភាពចំនួន ១៣ ដែលរួមមានសាលាដ ម្ទេស ប៉េងប៉ោះ ត្រសក់ និងត្រសក់ស្រូវ។
ដៃគូអភិវឌ្ឍន៍របស់រដ្ឋាភិបាលដូចជា IFAD, ADB, GIZ និង FAO ក៏ជាមូលនិធិដ៏សំខាន់លើវិស័យកសិកម្ម សម្រាប់ការលើកកម្ពស់កំណើនការផលិតកសិកម្មផងដែរ។
IFAD បានផ្ដល់មូលនិធិ ១៨៩,៥ លានដុល្លាររួចហើយចាប់តាំងពីឆ្នាំ ១៩៩៦ មកដល់ពេលនេះសម្រាប់អនុវត្តលើគម្រោង ១០ នៅកម្ពុជាក្នុងការលើកកម្ពស់វិស័យកសិកម្មដោយបង្កើតធនធានមនុស្ស និងហិរញ្ញវត្ថុនៃគ្រួសារជនបទដើម្បីការពារកសិករដោយសារវិបត្តិ និងដើម្បីកែលម្អការផ្ដល់សេវាជាបន្តនៅក្នុងទ្រង់ទ្រាយធំ ខណៈការវិនិយោគក្នុងចង្វាក់ទំនិញប្រើប្រាស់រួមគ្នា និងការអភិវឌ្ឍទីផ្សារ។
លោក ម៉េង ស័ក្តភូសេត មន្ដ្រីកម្មវិធីប្រចាំប្រទេសតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់អង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) បានថ្លែងថា កសិកម្មនៅក្នុងប្រទេសកម្ពុជាគឺជាក្បាលម៉ាស៊ីនកំណើន ហើយវានៅតែផ្ដល់សារៈសំខាន់ ទោះបីជាការធ្លាក់ចុះចំណែកប្រាក់ចំណូលនៅជនបទក៏ដោយ។ លោកថ្លែងថា៖ «អត្រាភាពក្រីក្រកំពុងធ្លាក់ចុះ និងកំពុងស្ថិតក្នុងកម្រិតទាបជាប្រវត្តិសាស្ដ្រ»។
លោកបន្តថា៖ «ការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា និងការផ្លាស់ប្តូរកសិកម្មរបស់ខ្លួនត្រូវបានគាំទ្រដោយគោលនយោបាយសាធារណៈលើកកម្ពស់កំណើនដែលជំរុញដោយទីផ្សារបើកចំហពាណិជ្ជកម្ម និងការវិនិយោគឯកជន»។
អ្នកស្រី ឡាច ម៉ុម ជាកសិករមួយរូបក្នុងគម្រោងនេះនៅក្នុងខេត្តកំពង់ធំបានថ្លែងថាស្ថិតក្រោមគម្រោងនេះគ្រួសាររបស់អ្នកស្រីមើលឃើញការផ្លាស់ប្តូរវិជ្ជមាន។
អ្នកស្រីថ្លែងថា៖ «ខ្ញុំទទួលបានការគាំទ្រ និងការលើកទឹកចិត្តជាច្រើនពីគម្រោងនេះ»។ អ្នកស្រីបន្ថែមថា៖ «ពួកគេបង្រៀនពួកយើងក្នុងការដាំដុះ និងផ្ដល់ដល់ពួកយើងនូវគ្រាប់ពូជ ហើយបន្ទាប់មកយើងអាចលក់ដោយងាយស្រួលដល់ទីផ្សារ ហើយអ្នកទិញត្រូវការពីពួកយើងផងដែរ»។
អ្នកស្រី ឡាច ម៉ុម បានថ្លែងថាបន្ទាប់ពីអ្នកស្រីចូលរួមក្នុងគម្រោងនេះអ្នកស្រីអាចរកប្រាក់បានជាង ២៥០ ដុល្លារក្នុង ១ ខែ។
អ្នកស្រីបន្តថា៖ «ពីមុនខ្ញុំដាំដុះដោយគ្មានមូលដ្ឋាន ណាមួយទេហើយការផលិតរបស់ខ្ញុំមិនល្អនោះទេ នៅពេលនេះខ្ញុំមិនបារម្ភអំពីការធ្វើកសិកម្មរបស់ខ្ញុំទៀតទេ ហើយមិនបារម្ភអំពីប្រាក់ចំណូលរបស់ខ្ញុំដូចពីមុននោះដែរ»។
លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយបានថ្លែងថា ការអនុវត្តគម្រោងកសិកម្មកាន់តែច្រើនគឺបានដើរតួនាទីដ៏សំខាន់មួយសម្រាប់ការជួយដល់កសិករ។
លោកថ្លែងថា៖ «គម្រោងកសិកម្មលើកកម្ពស់ការយល់ដឹងរបស់កសិករ ដើម្បីយល់ដឹងពីការធ្វើកសិកម្មដោយបច្ចេកទេស ដែលបង្កើតការផលិតព្រមទាំងប្រាក់ចំណូលផងដែរ»។ លោកបន្ថែមថាវាមិនគ្រាន់តែកំណើននៅក្នុងវិស័យស្រូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្លែ និងការធ្វើកសិកម្មសត្វពាហនៈផងដែរ៕LA