ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ ជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វ មានតម្លៃសរុប ៧០ លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុន Angkor Wildlife & Aquarium នៅខេត្តសៀមរាបនឹងចាប់ផ្តើមការសាងសង់ក្នុងខែឧសភានេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។
ក្រុមហ៊ុន Angkor Wildlife & Aquarium ជាការចាប់ដៃគូគ្នារវាងក្រុមហ៊ុនក្នុងស្រុកជាមួយក្រុមហ៊ុនមកពីជប៉ុនក្រោមកិច្ចសហការជាមួយក្រុមហ៊ុនអាមេរិក ICM Inc.(International Concept Management Inc.) ជាក្រុមហ៊ុនមានជំនាញក្នុងការរៀបចំរចនាប្លង់ គ្រប់គ្រងគម្រោង និងប្រតិបត្តិការជលវប្បដ្ឋាន និងឧទ្យានសមុទ្រទូទាំងពិភពលោក។ ពីមុនមក ICM Inc ក៏ធ្លាប់ចាប់ដៃគូជាមួយក្រុមហ៊ុនធំៗដូចជា Disney, The San Francisco Academy of Sciences, The Baltimore Aquarium, The Osaka Aquarium, Xcaret Park in Mexico និង Loro Park of the Canary Islands ជាដើម។
យោងតាមសេចក្តីប្រកាសព័ត៌មាន គម្រោងនេះនឹងត្រូវសាងសង់លើផ្ទៃដីទំហំ ១០០ ហិកតា ដោយចែកជា ៣ ដំណាក់កាល ដែលដំណាក់កាលទី១ នឹងត្រូវវិនិយោគទឹកប្រាក់ ១៨ លានដុល្លារ ហើយនឹងដាក់ឲ្យដំណើរការនៅក្នុងខែ ឧសភា ឆ្នាំ ២០២១។
គម្រោងនេះ នឹងមានសាងសង់សួនរុក្ខសាស្រ្ត សាលតាំងពិព័រណ៍ ជម្រកល្មូន កន្លែងដើរកម្សាន្ដ ហាងលក់ទំនិញ និងសណ្ឋាគារលំដាប់ពិភពលោក។ គម្រោងនេះត្រូវគេរំពឹងថា នឹងរួមចំណែកជួយធ្វើឲ្យការស្នាក់នៅរបស់ភ្ញៀវក្នុងខេត្តសៀមរាប បានកាន់តែយូរបន្ថែមទៀត សម្រាប់ដំណាក់កាលទី២ និងដំណាក់ទី៣។
ថ្លែងក្នុងពិធីបើកសម្ពោធការសាងសង់គម្រោងរបស់ Angkor Wildlife and Aquarium នៅនិវេសដ្ឋានរបស់ឯកអគ្គរដ្ឋទូតអាមេរិក កាលពីរាត្រីថ្ងៃទី ២៩ ខែ មេសា លោក Roger R. Reynolds ប្រធានក្រុមហ៊ុន Angkor Wildlife & Aquarium និងជាស្ថាបនិកក្រុមហ៊ុន ICM Inc. បានប្រាប់ឲ្យដឹងថា គម្រោងនេះនឹងត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលកម្សាន្ត និងអប់រំលំដាប់ពិភពលោក ដោយមានការអភិរក្សសត្វព្រៃ និងការពារបរិស្ថានផងដែរ។ លោកបន្តថា គម្រោងនេះនឹងដើរតួនាទីដ៏សំខាន់ក្នុងការសហការជាមួយអង្គការអភិរក្សក្នុងស្រុក និងថ្នាក់តំបន់។
លោកថ្លែងថា៖ «យើងសង្ឃឹមថា គម្រោងរបស់យើងនឹងក្លាយជាគោលដៅលំដាប់ពិភពលោកនៅក្នុងខេត្តសៀមរាប។ យើងធានាថា វានឹងក្លាយជាគោលដៅទាក់ទាញលំដាប់ទី២ បន្ទាប់ពីប្រាសាទអង្គរវត្ត»។
លោក ទិត ចន្ថា រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ បានលើកឡើងថា ទន្ទឹមនឹងការរីកចម្រើនដ៏ឆាប់រហ័ស និងកំណើនភ្ញៀវទេសចរដ៏ច្រើន បច្ចុប្បន្នកម្ពុជាក៏ត្រូវការការវិនិយោគជាច្រើនទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ព្រលានយន្តហោះ សណ្ឋាគារ ភោជនីយដ្ឋាន និងការសាងសង់កន្លែងសម្រាកកម្សាន្តជាច្រើនផងដែរ។
លោកបានបន្តថា៖ «ខ្ញុំជឿថា គម្រោង Angkor Wildlife & Aquarium លំដាប់ពិភពលោក ដែលដឹកនាំដោយលោក ម៉េង ហៀង ដែលជាសហគ្រិនកម្ពុជានេះនឹងទទួលបានជោគជ័យ ហើយវានឹងផ្តល់តម្លៃបន្ថែមដល់ការស្នាក់នៅសម្រាប់ភ្ញៀវទេសចរនៅខេត្តសៀមរាប និងប្រទេស កម្ពុជា ទាំងមូល»។
លោក Michael Newbill ភារធារីស្ថានទូតអាមេរិក ប្រចាំកម្ពុជា បាននិយាយថា នេះគឺជាគម្រោងធំនៅក្នុងចំណោមគម្រោងធំរបស់សហរដ្ឋអាមេរិកនៅកម្ពុជានារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
លោកបានបន្តថា ដោយសារមានការគាំទ្ររបស់សហរដ្ឋអាមេរិក ជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វពិភពលោក នេះនឹងក្លាយជាគោលដៅទេសចរណ៍ថ្នាក់ពិភពលោក។
លោកអះអាងថា៖ «ខ្ញុំដឹងថា Angkor Wildlife & Aquarium ជាកន្លែងដ៏ប្រពៃសម្រាប់ឲ្យក្រុមគ្រួសារចំណាយពេលវេលាជាមួយគ្នានៅទឹកដីខេត្តសៀមរាប»៕ LA