ភ្នំពេញៈ Renaissance Minerals (Cambodia) Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Emerald Resources NL ចុះបញ្ជីនៅប្រទេសអូស្ត្រាលីបានឱ្យដឹងថា ខ្លួននៅតែមានថវិកាគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍគម្រោងរ៉ែមាសអូរខ្វាវក្នុងខេត្តមណ្ឌលគិរីនៃប្រទេសកម្ពុជា ខណៈដែលក្រុមហ៊ុនក៏បានកំណត់ទិសដៅក្នុងការចាប់ផ្ដើមផលិតកម្មជាលើកដំបូងនៅត្រីមាសទី ២ ឆ្នាំនេះដូចការគ្រោងទុក។
យោងតាមរបាយការណ៍ប្រចាំត្រីមាសរបស់ក្រុមហ៊ុនដែល ភ្នំពេញ ប៉ុស្ដិ៍ ទទួលបានកាលពីសប្ដាហ៍មុនឱ្យដឹងថា គម្រោងរ៉ែមាសអូរខ្វាវនៅតែបន្តការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងការអភិវឌ្ឍគម្រោងរ៉ែមាស អូរខ្វាវ ដោយសកម្មភាពទាំងអស់កំពុងរីកចម្រើនស្របនឹងពេលវេលាអភិវឌ្ឍ និងការព្យាករថវិកា។ «ការអភិវឌ្ឍរ៉ែមាសអូរខ្វាវបន្តតាមពេលវេលា តាមថវិកា» ក្រុមហ៊ុន Emerald នៅតែរក្សាគោលការណ៍សម្រាប់ការផលិតលើកដំបូងនៅត្រីមាសទី ២ ឆ្នាំ ២០២១ នេះ»។
របាយការណ៍នេះបង្ហាញថា សាច់ប្រាក់សរុបគិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ ក្រុមហ៊ុនមានប្រហែល ៥៨,៦ លានដុល្លារ ដែលមានន័យថា ក្រុមហ៊ុន Emerald នៅតែទទួលបានមូលនិធិពេញលេញ ដើម្បីអភិវឌ្ឍគម្រោងរ៉ែមាសអូរខ្វាវជាមួយនឹងយថាភាពបន្ថែម។
ទោះយ៉ាងណា ដោយសារជំងឺកូវីដ ១៩ មិនទាន់ទប់ស្កាត់បាន វាក៏បានប៉ះពាល់ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុននៅទីតាំងនេះខ្លះ ប៉ុន្តែក្រុមហ៊ុនមិនមានការពន្យារណាមួយនោះទេ។
លោក Morgan Hart នាយកគ្រប់គ្រងក្រុមហ៊ុន Emerald បានឱ្យដឹងក្នុងរបាយការណ៍ថា ក្នុងអំឡុងត្រីមាសនេះ ក្រុមហ៊ុនបានបន្តបង្កើនសកម្មភាពអភិវឌ្ឍន៍នៅក្នុងគម្រោងរ៉ែមាសអូរខ្វាវជាមួយនឹងការងារលើកដី និងបេតុងមានភាពស៊ីចង្វាក់គ្នាល្អជាមួយនឹងតារាងពេលវេលាផ្ដល់ឧបករណ៍ ដូចក្នុងពេលវេលាកំណត់ការអភិវឌ្ឍគម្រោងនេះ។
លោក Morgan Hart បានថ្លែងថា៖ «ការអភិវឌ្ឍគម្រោងនេះមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ស្របនឹងការរំពឹងទុកនៅក្នុងអំឡុងពេលត្រីមាសនេះ ដែលជាកិត្តិយសមួយដល់ក្រុមការងារដែលបានខិតខំប្រឹងប្រែង។ ពួកគេកំពុងគ្រប់គ្រងបញ្ហាឡូជីស្ទិកប្រកបដោយជោគជ័យ ទោះបីរងឥទ្ធិពលខ្លះពីការរីករាលដាលជំងឺកូវីដ ១៩ ទូទាំងពិភពលោក ខណៈដែលក្រុមហ៊ុននៅតែរក្សាវិធានការជាចម្បង ដើម្បីធានាសុខភាព និងសុខុមាលភាពជាបន្តរបស់បុគ្គលិក ក្រុមហ៊ុនម៉ៅការ និងភាគទុនិក»។
លោក Bernie Cleary ប្រធានប្រតិបត្តិការនៅក្រុមហ៊ុន Renaissance បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីចុងខែមករា ថា លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល និងក្រុមមន្ដ្រីរបស់លោកបានចុះមកដល់ទីតាំង ដើម្បីពិនិត្យមើលការរីកចម្រើនការអភិវឌ្ឍរបស់គម្រោងរ៉ែមាសអូរខ្វាវនេះ។
លោកបាននិយាយថា៖ «រដ្ឋមន្ដ្រី និងក្រុមគណៈប្រតិភូមានសេចក្ដីរីករាយយ៉ាងខ្លាំងក្នុងការមកមើលទីតាំង និងពិនិត្យមើលសកម្មភាពសាងសង់ និងការរុករករ៉ែ សម្រាប់រ៉ែមាសទ្រង់ទ្រាយធំ និងទំនើបលើកដំបូងនៅកម្ពុជា»។
លោកលើកឡើងថា៖ «គម្រោងនេះនៅតែស្ថិតលើដំណើរផ្លូវសម្រាប់ការផលិតរ៉ែមាសក្នុងអំឡុងត្រីមាសទី ២ ឆ្នាំនេះ ដែលចាប់ពីចំណុចនោះយើងនឹងផលិតរ៉ែមាស ១០៧ ០០០ អោនស៍ ក្នុង ១ ឆ្នាំ ពីអណ្ដូងរ៉ែបើកចំហតែ ១ គត់ និងរោងចក្រកែច្នៃរ៉ែមាស»។
គម្រោងនេះទទួលបានសិទ្ធិអនុញ្ញាតបរិស្ថានពេញលេញពីក្រសួងបរិស្ថានកាលពីឆ្នាំ ២០១៧ និងអាជ្ញាប័ណ្ណរុករករ៉ែឧស្សាហកម្មជាបន្តបន្ទាប់ពីក្រសួងរ៉ែ និងថាមពលក្នុងឆ្នាំ ២០១៨ បន្ទាប់មកកិច្ចព្រមព្រៀងវិនិយោគរ៉ែកាលពីចុងឆ្នាំ ២០១៩ ពីក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច។ ក្រុមហ៊ុន Renaissance មានទីតាំងស្ថិតក្នុងដំណើរការអភិវឌ្ឍន៍រ៉ែមាសនៅតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕LA
វីដេអូ៖