ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​ «​បូកគោ​» ​ត្រូវបាន​រដ្ឋាភិបាល​កំណត់​​ទុក​សម្រាប់​ការអភិវឌ្ឍ​ទៅ​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។

ចក្ខុវិស័យ​ដល់​ឆ្នាំ​ ២០៣៥ នៃ​ប្លង់គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ គឺ​សំដៅ​រៀបចំ និង​អភិវឌ្ឍ ភ្នំ​បូកគោ ជា​ក្រុង​ឆ្លាត​វៃ ទេសចរណ៍​ប្រវត្តិសាស្ត្រ បៃតង ធម្មជាតិ និង​អាកាសធាតុ ភ្នំ សមុទ្រ ដ៏ពិសិដ្ឋ​គ្មាន​ ២ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ថ្លែង​ក្នុង​ឱកាស​ផ្សព្វផ្សាយ​ប្លង់គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ​កាលពី​ថ្ងៃទី​ ២៩ ខែ​សីហា នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ដែនដី​ និង​នគរូបនីយកម្ម​ថ្នាក់ជាតិ​ថ្លែងថា​នៅក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ ហ៊ុន សែន បាន​កំណត់ថា ត្រូវតែ​រក្សា​សន្តិភាព​ឲ្យ​មាន​លក្ខណៈ​រឹងមាំ មាន​ស្ថិរភាព ដើម្បី​បង្កលក្ខណៈ​ធ្វើការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។

«​បូកគោ​មាន​អាកាសធាតុ​អំណោយផល​ដែល​គ្មាន​ ២ នឹង​ចាត់ទុក​ថា កន្លែង​នេះ​ជា​ទីតាំង​ដែល​អាច​ធ្វើការ​អភិវឌ្ឍ​លំនៅឋាន ការអភិវឌ្ឍ​តំបន់​ទេសចរណ៍ ការអភិវឌ្ឍ​ និង​អភិរក្ស​អំពី​បញ្ហា​បរិស្ថាន​ដែល​នាំមក​នូវ​ចីរភាព​នៃ​ការអភិវឌ្ឍ​នៅ​ក្រុង​បូកគោ​»​។

ឯកឧត្តម ជា សុផារ៉ា

គម្រោង​អភិវឌ្ឍ​នេះ​ត្រូវ​បាន​ជំរុញ​តាមរយៈ​ការកំណត់​គោលនយោបាយ និង​បទដ្ឋាន​គតិយុត្ត​បង្កើត​ជា​ក្រុង​សម្រាប់​លំនៅឋាន សម្រាក​លម្លែ​កាយ សិក្សា ការងារ និង​ធុរកិច្ច ប្រកប​ដោយ​សុខភាព គុណភាព​បរិស្ថាន​ល្អ និង​ជា​ទិសដៅ​ទេសចរណ៍​ប្រណីត​កម្រិត​ខ្ពស់ សម្រាប់​ការទាក់ទាញ និង​ប្រកួតប្រជែង​ក្នុង​តំបន់ និង​អន្តរជាតិ​។

ដោយ​ពិនិត្យមើល​ទៅលើ​សក្តានុពល​ក៏​ដូចជា​ប្រវត្តិសាស្ត្រ ក្រុមការងារ​បច្ចេកទេស​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ក្នុង​ភូមិសាស្ត្រ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​ «​បូកគោ​» ឃើញ​ថា​ទីតាំង​នេះ​ជា​តំបន់​ដ៏មាន​សក្តានុពល​ដែល​មាន​អាកាសធាតុ​ត្រជាក់​ល្អ ខ្យល់​បរិសុទ្ធ ទេសភាព ធម្មជាតិ​តំបន់ភ្នំ សមុទ្រ​ដ៏ពិសិដ្ឋ​គ្មាន​ ២ ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​គោលដៅ​ទេសចរណ៍​ប្រណីត​។

« បូកគោ​មាន​អាកាសធាតុ​អំណោយផល​ដែល​គ្មាន​ ២ នឹង​ចាត់ទុក​ថា កន្លែង​នេះ​ជា​ទីតាំង​ដែល​អាច​ធ្វើការ​អភិវឌ្ឍ​លំនៅឋាន ការអភិវឌ្ឍ​តំបន់​ទេសចរណ៍ ការអភិវឌ្ឍ​ និង​អភិរក្ស​អំពី​បញ្ហា​បរិស្ថាន​ដែល​នាំ​មក​នូវ​ចីរភាព​នៃ​ការអភិវឌ្ឍ​នៅ​ក្រុង​បូកគោ​»​។

ឯកឧត្តម ជា សុផារ៉ា សង្កត់ធ្ងន់​ថា​ «​បើ​កូន​ខ្មែរ​មិន​គាំទ្រ​គម្រោង​នេះ ថ្ងៃក្រោយ​កុំ​និយាយ​ថា​កន្លែង​នោះ​សុទ្ធតែ​ជនបរទេស​។ ក្នុង​រយៈពេល​ ១០ ​ថ្ងៃនេះ​គម្រោង​នេះ​លក់​បាន​ ៤០០០ ​ឡូត៍​សម្រាប់​កូន​ខ្មែរ​នៅក្នុង​តម្លៃ​សមរម្យ​។ សប្តាហ៍​ក្រោយ​ត្រូវ​បញ្ចេញ​លក់​ឲ្យ​កូន​ខ្មែរ​បាន​ ១ ​ម៉ឺន​ឡូត៍ ដើម្បី​ឲ្យ​អ្នក​ដែល​មាន​ចំណូល​មធ្យម​ និង​ចំណូល​ទាប​អាច​មាន​ឱកាស​»​។

ផ្អែក​តាម​របកគំហើញ​នៃ​ការសិក្សា​ស្រាវជ្រាវ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ផ្តួចផ្តើម​សិក្សា និង​រៀបចំ​ប្លង់គោល​ប្រើប្រាស់​ដី​កម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ​មាន​ទីតាំង​ស្ថិត​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​» នៃ​ភូមិសាស្ត្រ​ខេត្ត​កំពត ខេត្ត​ព្រះសីហនុ និង​កំពង់ស្ពឺ មាន​ផ្ទៃក្រឡា ២៧ ៩៤៣ ហិកតា ស្មើនឹង ១៨,០៩ ភាគរយ នៃ​ផ្ទៃ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស បូកគោ ទំហំ ១៥៤ ៥៤២ ហិកតា​ក្នុង​គោលដៅ​ធានា​ការគ្រប់គ្រង និង​អភិវឌ្ឍ​ក្រុង​បូកគោ​ប្រកប​ដោយ​ចីរភាព​។

ផ្អែកលើ​ផែនទី​ប្លង់គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ ចក្ខុវិស័យ​ឆ្នាំ ២០៣០ ​ប្រភេទ​ដី​អាច​សាងសង់​បាន​ត្រូវ​កំណត់​ជា​ ៩ ​តំបន់​សំខាន់ៗ រួមមាន​តំបន់​លំនៅឋាន តំបន់​ពាណិជ្ជកម្ម តំបន់​ចម្រុះ តំបន់​ដឹកជញ្ជូន តំបន់​ទេសចរណ៍ តំបន់​រដ្ឋបាល និង​សេវាសាធារណៈ តំបន់​លម្ហ​សាធារណៈ និង​ផ្ទៃ​បៃតង តំបន់​វប្បធម៌​និង​សាសនា និង​តំបន់​ហេដា្ឋរចនាស័ម្ពន្ធ​បចេ្ចកទេស​។

ចំពោះ​តំបន់​លំនៅឋាន​ស្ថិត​នៅ​គម្រោង​អភិវឌ្ឍន៍​ទាំង​ ៨ ​ទីតាំង​នៃ​គម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ​មាន​ផ្ទៃដី​ប្រមាណ ៣៣៩០ ហិកតា ស្មើនឹង ៣៧,៨៥ ភាគរយ​នៃ​ផ្ទៃដី​អាច​សាងសង់​បាន​ក្នុង​គម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ​៕