ភ្នំពេញៈ ក្រុមហ៊ុន​ក្នុង​ស្រុក Rice Natural Development Plc បាន​ប្រកាស​ពី​គម្រោង​វិនិយោគ​រួមគ្នា​ជាមួយ​វិនិយោគិន​អង់គ្លេស និង​សិង្ហបុរី​ នូវ​ទឹកប្រាក់​ជាង ៥០ ​លាន​ដុល្លារ​ ដើម្បី​វិនិយោគ​លើ​ការអភិវឌ្ឍ​សួន​ទេសចរណ៍​ឆ្នេរសមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​។ នេះ​បើ​តាម​អគ្គនាយក​ក្រុមហ៊ុន​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិលមិញ​។

គម្រោង​ដែល​នឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ ១,៨ ​ហិកតា​ ជាប់មាត់​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ​រួមមាន ការសាងសង់​កំពង់ផែ​ទេសចរណ៍​ដ៏ទំនើប​មួយ​ដែល​នឹង​មាន​ទូកទេសចរណ៍ ១០ ​គ្រឿង​ សម្រាប់​ដឹក​ភ្ញៀវ សណ្ឋាគារ​កម្ពស់ ៥ ​ជាន់​ចំនួន ២ ដែល​មាន​ ២០០ ​បន្ទប់ បាងហ្គាឡូ​ចំនួន ៣៥ ​ខ្នង និង​មាន​កន្លែង​លក់​ទំនិញ​ជាច្រើន​ទៀត​។

លោក រស់ សុវណ្ណវាសនា អគ្គនាយក​ក្រុមហ៊ុន Rice Natural Development Plc បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ ថា ក្រុមហ៊ុន​បាន​ដាក់​គម្រោង​អភិវឌ្ឍន៍​នេះ​ទៅ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ដើម្បី​ពិនិត្យ​រួចហើយ​។

ខណៈ​បច្ចុប្បន្ន​ទីក្រុង​ព្រះសីហនុ​ពោរពេញ​ដោយ​ជនជាតិ​ចិន លោក សុវណ្ណវាសនា បាន​ឲ្យ​ដឹងថា​៖ «​គម្រោង​នេះ​នឹង​ត្រូវ​ធ្វើឡើង​យ៉ាង​ពិសេស​សម្រាប់​ការកម្សាន្ត​របស់​ភ្ញៀវ​ក្នុងស្រុក និង​ភ្ញៀវ​មកពី​តំបន់​អឺរ៉ុប ដូច្នេះ​គម្រោង​នេះ​នឹង​មិន​នៅ​ជិត​ជាមួយ​គម្រោង​អភិវឌ្ឍន៍​ដ៏ច្រើន​របស់​វិនិយោគិន​ចិន​ទេ​»​។

ទោះ​យ៉ាង​ណា​ក្រុមហ៊ុន​មិន​បាន​ប្រាប់​ពី​ទីតាំង​ជាក់លាក់​នៃ​គម្រោង​នេះ​ទេ ដោយ​អះអាង​ថា​ដើម្បី​ឲ្យ​មាន​ការភ្ញាក់ផ្អើល ដែល​អាច​នាំ​ឲ្យ​តម្លៃ​អចលនទ្រព្យ​កើនឡើង​ខ្ពស់​។

លោក សុវណ្ណវាសនា ថ្លែង​ថា​៖ «​នៅ​ខេត្ត​ព្រះសីហនុ​មាន​កោះ​ជាច្រើន​ដែល​មាន​ទេសភាព​ និង​បរិស្ថាន​ដ៏ស្រស់ស្អាត ប៉ុន្តែ​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​ទីនេះ​នៅ​មិន​ទាន់​មាន​ភាពល្អប្រសើរ​ទេ នេះ​គឺជា​មូលហេតុ​ចម្បង​ដែល​ខ្ញុំ​រួម​ជាមួយ​ដៃគូ​វិនិយោគ​បរទេស​ចាប់​អារម្មណ៍​ក្នុង​ការសាងសង់​ផែ​ទូក​ទេសចរណ៍​»​។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ដែល​បាន​ជួបពិភាក្សា​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Rice Natural Development Plc កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា លោក​ស្វាគមន៍​ចំពោះ​ផែនការ​នេះ ប៉ុន្តែ​បានស្នើ​ឲ្យ​ក្រុមហ៊ុន​បន្ត​ធ្វើ​ការសិក្សា​បន្ថែម​ទៀត​ជាមួយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​។

ប្រធាន​មន្ទីរទេសចរណ៍ ខេត្ត​ព្រះសីហនុ​លោក តាំង សុចិត្តគ្រឹស្នា បាន​ឲ្យ​ដឹងថា គម្រោង​នេះ​ស្ថិត​ក្នុង​តំបន់​រាម​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​កំពុង​ពិនិត្យ​ការងារ​នេះ និង​ប្រាប់​ក្រុមហ៊ុន​ឲ្យ​រៀបចំ​ផែនការ​មួយ​ចំនួន​ឡើងវិញ​»​។

លោក សុចិត្តគ្រឹស្នា បាន​បន្ត​ថា​ដោយសារ​ផែនការ​សាងសង់​របស់​ក្រុមហ៊ុន​មិន​ទាន់​មាន​ភាពច្បាស់លាស់ ហេតុនេះ​ក្នុង​នាម​មន្ត្រី​ជំនាញ​លោក​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​រៀបចំ​ផែនការ​ឲ្យ​បាន​លម្អិត ដើម្បី​យក​ទៅ​ធ្វើ​បទបង្ហាញ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ពិនិត្យ​ម្តង​ទៀត​ចៀសវាង​មាន​បញ្ហា​កើតឡើង​នៅពេល​សាងសង់​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោក ហូ វណ្ឌី បាន​និយាយ​ថា ជាមួយ​នឹង​កំណើន​ភ្ញៀវទេសចរ​ជា​​បន្តបន្ទាប់ កម្ពុជា​ចាំបាច់​ត្រូវតែ​យកចិត្ត​ទុកដាក់​ទៅលើ​ការអភិវឌ្ឍ​គម្រោង​ថ្មីៗ​ដែល​គោរព​តាម​ស្តង់ដា​បរិស្ថាន​។

លោក​បន្ត​ថា​៖ «​ការទទួល​បាន​គម្រោង​អភិវឌ្ឍ​ថ្មីៗ​ជា​ព័ត៌មាន​ល្អ​សម្រាប់​វិស័យ​ទេសចរ តែ​បើ​គម្រោង​ទាំងនោះ​មិន​ផ្តោត​ទៅ​លើ​កត្តាបរិស្ថាន និង​គោរព​តាម​ប្លង់​មេ​ត្រឹមត្រូវ​នោះ វា​នឹង​ធ្វើឲ្យ​អន្តរាយ​ដល់​វិស័យ​ទេសចរណ៍​ទៅវិញ​»៕LA